(បាត់ដំបង)៖ ប្រជាពលរដ្ឋយ៉ាងច្រើន នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង កំពុងភ័យព្រួយពីសកម្មភាពដើរកាប់ទន្រ្ទានព្រៃរបស់ក្រុមស៊ីធ្នង់ ដែលកំពុងអុកឡុកដើរកាប់ព្រៃឈើ នៅក្នុងតំបន់អាងកំពីងពួយទាំងមូល។
សកម្មភាពនេះកំពុងបន្តយ៉ាងពេញទំហឹង នៅក្នុងស្រុកបាណន់ ហើយអាចនឹងបន្តរាលដាលដល់ភូមិ និងស្រុកដទៃទៀតនៅពេលឆាប់ៗនេះ។
តាមការតំណាលពីលោក អៀង អឿន ហៅលោកតា សក់ស ដែលជាព្រឹទ្ធាចារ្យមួយរូប និងជាឧបាសិកាដែលបានជួយកសាងវត្តអារាម និងកិច្ចការមនុស្សធម៌ជាច្រើន បានថ្លែងប្រាប់អ្នកសារព័ត៌ មានថា ប្រជាពលរដ្ឋក្នុងភូមិអង្គុតធ្នង់ បានសម្តែងក្តីបារម្ភជាខ្លាំងឲ្យលោកតាជួយពាំនាំពាក្យថា អស់រយៈពេលជិតកន្លះឆ្នាំមកនេះ ពោលគឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមក ក្រុមស៊ីធ្នង់ដែលមានគ្នីគ្នាប្រហែល៣០នាក់ បានចេញសកម្មភាពដើរកាប់ទន្រ្ទានព្រៃឈើ ពីកន្លែងមួយទៅកន្លែងមួយទៀត។
លោកតាបានបន្តថា ក្រុមនេះត្រូវបានគេរាយការណ៍មកថា ចេញមកពីភូមិចំនួន២ ភូមិតាង៉ែនចំនួន២ក្រុម និងភូមិអង្គត់ធ្នង់មួយក្រុម ដែលបានកាប់ដើមធ្នង់នៅក្នុងតំបន់អភិរក្សអាងកំពីងពួយ អស់គ្មានសល់ ហើយឥឡូវកំពុងបន្តរាលដាលដល់តំបន់ដទៃទៀត មិនថាជាឈើររបស់រដ្ឋ ឬឯកជននោះឡើយ។
អ្នកភូមិនៅក្នុងស្រុកបាណន់ នាំគ្នាសំដែងក្តីព្រួយបារម្ភជាខ្លាំងឡើងៗ ដល់សកម្មភាពរបស់ក្រុមស៊ីធ្នង់នេះ ហើយសូមអំពាវនាវដល់សមត្ថកិច្ចជួយអន្តរាគមន៍ជាបន្ទាន់ ដើម្បីកុំឱ្យរាលដាលដល់សកម្មភាពផ្សេងៗទៀត បន្ទាប់កាប់ទន្រ្ទានព្រៃអស់។
តាមការឱ្យដឹងពីប្រជាពលរដ្ឋ ក្រុមនេះមិនមែនត្រឹមតែដើរកាប់ទន្រ្ទានព្រៃឈើទេ ប៉ុន្តែសុទ្ធតែជាក្រុមប្រើប្រាស់គ្រឿងញៀនថែមទៀត ដែលនាំបញ្ហាជាច្រើនដល់សង្គម និងជាពិសេសបញ្ហាអសន្តិសុខ។ ទាំងបីក្រុមខាងលើ តែងចេញធ្វើសកម្មភាពនៅពេលយប់ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង៤ភ្លឺ។
យ៉ាងណាក៏ដោយ មិនទាន់មានប្រតិកម្មពីអាជ្ញាធរ និងមន្រ្តីជំនាញនៅឡើយទេចំពោះករណីនេះ៕