(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបំពាក់ឋានន្តរស័ក្កិនិងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។
នៅក្នុងពិធីនោះលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរចំពោះនាយទាហានទាំងអស់ ដែលទើបទទួលបានការបំពាក់ឋានន្តរស័ក្តិ និងទទួលការតែងតាំងមុខងារថ្មីនាពេលនេះ ។
លោកថា «ការផ្តល់ជូនឋានន្តរស័ក្តិនាពេលនេះ និងផ្តល់តួនាទីនាពេលនេះ ជាការបង្ហាញនូវទំនុកចិត្តរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងពីព្រះមហាក្សត្រជាទីគោរពសក្ការៈខ្ពង់ខ្ពស់របស់យើង ចំពោះនាយទាហានជាន់ខ្ពស់ទាំងអស់ ពិសេសកងយោធពលខេមរភូមិន្ទទាំងមូល»។
មេបញ្ជាការរូបនេះ ក៏បានរំលេចថា ការតស៊ូ រំដោះជាតិរបស់នាយទាហានយើង ដែលមកដល់ពេលនេះប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ប់លំដាប់ថ្នាក់ បាននិងកំពុងយកចិត្តទុក្ខដាក់ចំពោះ គុណូបការៈរបស់បងប្អូនយើងជានិច្ច។
ឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា «នាយទាហានដែលទើបទទួលការតម្លើងឋានន្តរស័ក្កិទាំងអស់ បន្តយកចិត្តទុក្ខដាក់គ្រប់គ្រងដឹកនាំបញ្ជា នាយ ពលទាហានក្រោមឱវាទ ខិតខំអនុវត្តន៍បំពេញភារកិច្ចស្រប តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃ ខ ភ ម»។
សូមបញ្ជាក់ថា ក្នុងពិធីនោះត្រូវ បានបំពាក់ឋានន្តរស័ក្តិជូននាយទាហានជាន់ខ្ពស់ចំនួន៧រូប និងប្រកាស់តែងតាំងផ្លាស់ប្តូរមុខងារនាយទាហានជាន់ខ្ពស់ ពីររូបផងដែរ៕