(ប៉ៃលិន)៖ លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន ក្នុងនាមលោក ផាន់ ចាន់ធុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រោះមហន្តរាយខេត្ត អមដំណើរដោយលោកស្រី មាស សំនៀង អភិបាលរងស្រុកសាលាក្រៅ ព្រមទាំងក្រុមការងារនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ បាននាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀង ចំនួន ១០គ្រួសារ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក ហែម ឬទ្ធី បានថ្លែងថា ការចែកអំណោយនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍន៍ រួមចំណែកលើកកំពស់ជីវភាពរបស់បងប្អូន ឲ្យកាន់តែល្អថែមទៀត បើទោះបីជាអំណោយទាំងនេះ មិនបានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែង ប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំឱ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូនអោយធូធាជាងមុន ជាពិសេសត្រូវយល់ដឹងពីបច្ចេកទេសក្នុងការធ្វើការងារកសិកម្ម ទៅតាមការនែនាំរបស់មន្ត្រីជំនាញ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា រាជដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។
ជាក់ស្តែងនៅពេលនេះ គ្រាន់តែទទួលបានព័ត៌មានពីមូលដ្ឋានមកថា មានប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន ១០គ្រួសារ, លោកអភិបាលខេត្ត ក៏បានចាត់ឱ្យលោកដឹកនាំក្រុមការងារ យកអំណោយមកឧបត្ថម្ភដល់បងប្អូន ប្រជាពលរដ្ឋដើម្បីដោះស្រាយជីវភាព និងទុក្ខលំបាក់របស់ពួកគាត់បានទាន់ពេលវេលា។
នៅក្នុងឱកាសនោះផងដែរលោក ហែម ឬទ្ធី បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទៈដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើងក្នុងគ្រួសារត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឲ្យក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់ពេលវេលា។
ព្រមជាមួយនេះ អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវ ចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងស្រុកសាលាក្រៅ ដែលទទួលអំណោយពីអាជ្ញាធរខេត្ត មានចំនួន ១០គ្រួសារ ដោយមួយគ្រួសារៗ ទទួលបាន អង្ករ៥០ គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ១យួ ទឹកបរិសុទ្ធ ០២យួ មី ១កេះ និងកៅស៊ូតង់ ចំនួន ០១ផងដែរ៕