(ភ្នំពេញ)៖ ធនាគារឯកទេស ម៉ារីថាម ម.ក Maritime គឺជាធនាគារឯកទេសថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ត្រូវបានបើកដំណើរការជាផ្លូវការហើយ នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩។
ពិធីសម្ពោធជាផ្លូវការនូវធនាគារឯកទេសថ្មីនេះ រៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ក្រោមអធិបតីភាពរបស់ លោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរង តំណាងទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តី លោកឧកញ៉ា លោក លោកស្រីអ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។
លោកឧកញ៉ា ហេង សិទ្ធី អគ្គនាយកក្រុមហ៊ុនម៉ារីថាមគ្រុប បានថ្លែងថា «ថ្ងៃនេះ ក្រុមហ៊ុន ម៉ារីថាមគ្រុប បានប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវបុត្រសម្ព័ន្ធថ្មីមួយទៀតរបស់ខ្លួន គឺធនាគារឯកទេស ម៉ារីថាម ម.ក គោលបំណងរបស់យើង ក្នុងការបង្កើតធនាគារឯកទេសម៉ារីថាម ម.ក គឺស្របទៅនឹងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលផ្តោតជាសំខាន់ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក្លាយជាសេដ្ឋកិច្ចឌីជីថល ក្នុងអនាគតដ៏ខ្លី ដើម្បីប្រកួតប្រជែងជាមួយប្រទេសសមាជិកអាស៊ានដទៃទៀត។ ដូច្នេះធនាគារឯកទេសថ្មីនេះ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមមធ្យោបាយនៃការផ្តល់ឥណទានហិរញ្ញវត្ថុ សម្រាប់វិស័យផ្សេងៗ ដែលកំពុងតែមានការអភិវឌ្ឍដូចជា៖ វិស័យសំណង់ វិស័យឧស្សាហកម្មខ្នាតតូចនិងមធ្យម និងវិស័យកសិកម្ម»។
លោកឧកញ៉ាបន្ថែមថា ធនាគារឯកទេស ម៉ារីថាម ម.ក ផ្តល់ជូនអតិថិជនរបស់ខ្លួននូវលក្ខខណ្ឌទូទាត់សមរម្យ និងអាចបត់បែនទៅគ្រប់សេវាកម្មឥណទានរបស់ខ្លួនដូចជា៖ ប្រាក់កម្ចីទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រាសខ្នាតតូច និងមធ្យម ប្រាក់កម្ចីទិញគេហដ្ឋាន ដោយផ្តោតជាចំបងលើគុណភាពសេវាកម្ម និងទំនាក់ទំនងល្អជាមួយអតិថិជន ពីរាល់បុគ្គលិកជំនាញរបស់ខ្លួនគ្រប់ជាន់ថ្នាក់ ព្រមទាំងមានជំនឿជឿជាក់ថា «រាល់ជោគជ័យរបស់អតិថិជន ក៏ជាជោគជ័យរបស់ធនាគារយើងផងដែរ»។
លោកឧកញ៉ា ហេង សិទ្ធី បានលើកឡើងទៀតថា បច្ចុប្បន្ននេះ និន្នាការនៃការផ្លាស់ប្តូរពីធនាគារបែបប្រពៃណីទៅជាធនាគារឌីជីថល បានកើនឡើងជាបន្តបន្ទាប់ដូច្នេះនៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ ធនាគារឯកទេស ម៉ារីថាម ម.ក នឹងប្រែក្លាយខ្លួនទៅជាធនាគារ ឌីជីថល ដែលមានមូលដ្ឋានលើអឺនធឺណិត និងអាចបង្កើតសមាសភាពសេវាកម្មអន្តរស្ថាប័ន ដើម្បីផ្តល់ជូននូវភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន ក្នុងដំណើរការប្រតិបត្តិការផ្សេងៗដូចជា៖ ការស្នើសុំឥណទាន ការពិនិត្យស្រាវជ្រាវទិន្នន័យហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធកុំព្យូទ័រ និងការទូទាត់ចំណាយផ្សេងៗ តាមរយៈទូរស័ព្ទចល័ត៕