(ភ្នំពេញ)៖ លោក យិន ឃុនផយ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ដើម្បីឈានទៅការរៀបចំកសាង ផែនការសកម្មភាពជាតិកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ប្រទេសកម្ពុជាកំពុងដំណើរការរៀបចំកសាងផែនការសកម្មភាពជាតិ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០១៩-២០២៣ ដើម្បីយកទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងបញ្ហា នៃគ្រោះមហន្តរាយ។
ការបញ្ជាក់បែបនេះរបស់មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសលោកបានអញ្ជើញរៀបចំ ផែនការសកម្មភាព ជាតិថ្មីរយៈពេល៥ឆ្នាំ ២០១៩-២០២៣ ស្តីពីការកាត់បន្ថយហានិ ភ័យគ្រោះមហន្តរាយនៅកម្ពុជា ផ្នែកពាក់ព័ន្ធទាំងឡាយកំពុងចូលរួមកក្នុងការរៀបចំវាឡើង ដើម្បីយកទៅប្រើប្រាស់ឱ្យមាន ប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងបញ្ហានៃគ្រោះមហន្តរាយ ជាពិសេសការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ដែលជាក្តីបារម្ភរួមរបស់កម្ពុជា អង្គការ ដៃគូ និងផ្នែកពាក់ពាន់នានា។
លោក យិន ឃុនផយ បានលើកឡើងថា ផែនការសកម្មភាពជាតិ សម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយកាលពី២០១៤-២០១៨ បានធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថ ភាពសហគមន៍មូលដ្ឋាន និងថា្នក់ជាតិ ដើម្បីបន្តអភិវឌ្ឍប្រកបដោយចីរភាពតាមយុទ្ធសាស្ត្រ ៥យ៉ាងដែលផ្តោត លើការបង្កើនសមត្ថភាពស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយ លើកកម្ពស់សមត្ថភាពវាយតម្លៃហានិភ័យ និងប្រព័ន្ធជូនដំណឹងជាមុន ការអភិវឌ្ឍ និងប្រើប្រាស់វាអនុវត្ត កាត់បន្ថយមូលហេតុដែលបង្កគ្រោះថ្នាក់ ព្រមទាំងលើកកម្ពស់ការឆ្លើយតបគ្រោះអាសន្ន និងសមត្ថភាពស្តារឡើងវិញ។
ដោយឡែក សម្រាប់ផែនការសកម្មភាពជាតិកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ឆ្នាំ២០១៩-២០២៣ ដែលកំពុងដំណើរការកសាងនាពេលនេះ បើតាមលោក យិន ឃុនផយ បានបន្ថែមទៀតថា គួរតែអភិវឌ្ឍវាឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមលើអ្វីដែលមាន នៅក្នុងផែនការសកម្មភាពជាតិ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយមុនៗ ហើយថាការកសាងផែនការនាពេលនេះ ជាវេទិកាអន្តរវិស័យមួយជួយពង្រឹងតួនាទី ភារកិច្ច និងអាណត្តិ របស់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តាអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីជួយបង្កើនយន្តការសម្រាប់អនុវត្ត និងវាយតម្លៃតាមដានការអនុវត្ត ដើម្បីឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក្នុងកម្រិតទូទាំងប្រទេស។
អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា ដូច្នេះ ការកសាងផែនការសកម្មភាពជាតិកាត់បន្ថយគ្រោះមហន្តរាយឆ្នាំ២០១៩-២០២៣ ត្រូវផ្តោត លើចំណុចអាទិភាពក្នុងសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយធ្វើការវិភាគលើផែនការសកម្មភាពកន្លងមក និងធ្វើការពិគ្រោះយោបល់រួមគ្នាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាល៕