(ភ្នំពេញ)៖ «សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តទាំងស្រុងហើយ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ។
ក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាងគោលនយោបាយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបន្ថែមនូវចំណុចមួយចំនួនទៀត ដើម្បីធានាបានដល់សុវត្ថិភាព និងសន្តិសុខពេញលេញរបស់សិស្សឱ្យចាកឆ្ងាយពីអាវុធជាតិផ្ទុះ និងការជួញដូរគ្រឿងញៀន។ នេះបើតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន បានលើកឡើងថា គោលនយោបាយជាតិស្តីពីសុខភាពសិក្សា ជាទស្សនវិស័យថ្មីតម្រង់ទិសអ្នកសិក្សា បុគ្គលិកអប់រំ និងភាគីពាក់ព័ន្ធ ឈានទៅរកការថែរក្សាសុខភាពផ្ទាល់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សដែលមានទាំងប្រាជ្ញា ទាំងស្មារតី និងមានសុខភាពមាំមួន សម្រាប់រួមចំណែកអភិវឌ្ឍជាតិ។
ការអនុវត្តគោលនយោបាយជាតិនេះ គឺសំដៅកែប្រែទម្លាប់ និងបណ្ដុះស្មារតីស្អាតដល់អ្នកសិក្សា និងបុគ្គលិកអប់រំ ឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់។ សុខភាពល្អ គឺជាគន្លឹះសំខាន់មួយក្នុងការរួមចំណែកអភិវឌ្ឍសង្គម។ អ្នកសិក្សា និងបុគ្គលិកអប់រំមានសុខភាពល្អនឹងក្លាយជាធនធានមនុស្សដ៏សកម្មសម្រាប់កសាងមាតុភូមិ។
បើតាមលោក ផៃ ស៊ីផាន គោលនយោបាយនេះមានគោលដៅលើកកម្ពស់ការផ្តល់សេវាសុខភាពចាំបាច់ដល់អ្នកសិក្សា និងបុគ្គលិកអប់រំ
, លើកកម្ពស់ការផ្តល់អាហារូបត្ថម្ភ, លើកកម្ពស់បរិស្ថានសិក្សាប្រកបដោយបរិយាបន្ន, បណ្ដុះវប្បធម៌ថែរក្សាសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គម និង ជំរុញការចូលរួមគ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់សុខភាពសិក្សា។
ដើម្បីអនុវត្ត គោលនយោបាយជាតិស្តីពីសុខភាពសិក្សា ឱ្យបានជោគជ័យត្រូវមានយុទ្ធសាស្រ្ត៨ចំណុចដូចខាងក្រោម៖
១. អភិវឌ្ឍក្របខណ្ឌច្បាប់ និងយន្តការ
២. លើកកម្ពស់សុខភាពចាំបាច់ដល់អ្នកសិក្សា និងបុគ្គលិកអប់រំ
៣. លើកកម្ពស់ការផ្តល់អាហារូបត្ថម្ភ
៤. លើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ
៥. លើកកម្ពស់បរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុខភាព និងមេត្រីភាព
៦. លើកកម្ពស់ការអប់រំសុខភាព
៧. លើកកម្ពស់ការអនុវត្តបំណិនសុខភាព
៨. លើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់សុខភាពសិក្សា។
ដើម្បីសម្រេចយុទ្ធសាស្រ្តខាងលើ ផែនការសកម្មភាពជាក់លាក់ត្រូវបានលើកឡើងដូចខាងក្រោម៖
- ការបង្កើតយន្តការ ដូចជាគណៈកម្មាធិការអន្តរក្រសួង លេខាធិការដ្ឋាន និងគណៈកម្មការសុខភាពសិក្សារាជធានី ខេត្ត
- ការបង្កើតក្របខណ្ឌគតិយុត្ត ដើម្បីគាំទ្រដល់យន្តការដូចបានរៀបរាប់ខាងលើ
- ការគាំទ្រហិរញ្ញវត្ថុ បានកំណត់អំពីលទ្ធភាពក្នុងការកៀរគរថវិកាពីគ្រប់ប្រភព ដែលមានការពាក់ព័ន្ធ
- ការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមានជំនាញសុខភាពសិក្សា ជំនាញគ្រប់គ្រង រៀបចំផែនការ កសាងកម្មវិធីសិក្សាគ្រប់កម្រិត តាមគ្រប់រូបភាពពាក់ព័ន្ធការលើកកម្ពស់សុខភាពសិក្សា
- ដំណើរការអនុវត្តគម្រោង៕