(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកឱ្យមានការយកចិត្តទុកដាក់គ្រប់គ្រងលើឈើដែលស្តា និងកាប់ចេញពីកន្លែងធ្វើវារីអគ្គិសនីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទាញយកជាចំណូលសម្រាប់ជាតិ។

ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ។

បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ការក្រើនរំលឹករបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហាញក្តីបារម្ភពីការគ្រប់គ្រងព្រៃឈើ នៅក្នុងអាង និងក្រៅពីអាង ដែលអាចបំផ្លាញធនធានធម្មជាតិ។

ឆ្លើយតបក្តីបារម្ភនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា មានតែគម្រោងនៅសេសានប៉ុណ្ណោះ ដែលមានបញ្ហានេះកើតឡើង ហើយជាបញ្ហាគ្រប់គ្រងតែប៉ុណ្ណោះ។ ដោយទទួលបានបទពិសោធន៍ពីគម្រោងនៅសេសាន សម្តេចបានក្រើនរំលឹកចំពោះកិច្ចគ្រប់គ្រងព្រៃឈើត្រូវធ្វើឱ្យមានប្រសិទ្ធភាព និងទាញជាចំណូលរបស់រដ្ឋចំពោះការកាប់ឈើនេះ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ផៃ ស៊ីផាន៕