(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (ស.ស.យ.ក) នឹងរៀបចំព្រឹត្តិការណ៍មួយដែលមានឈ្មោះថា «វេលាដ៏អស្ចារ្យ» រយៈពេល៣ថ្ងៃនៅវិទ្យាល័យជាស៉ីមបឹងកេងកង ដើម្បីជួបជុំគ្រួសារខ្មែរមកពីគ្រប់ទិសទី អបអរសារទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
យោងតាមសេចក្តីជូនដំណឹងដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែមេសានេះ គឺកម្មវិធី«វេលាដ៏អស្ចារ្យ» នឹងធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ហើយចំណុចជាគោលដែលកម្មវិធីចង់រំលេច គឺការរស់នៅសាមគ្គីគ្នាជាធ្លុងតាមរយៈចម្រៀង និងរបាំជាគោលគំនិតរួមនៃកម្មវិធី។
កម្មវិធីនេះ ក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណង រួបរួមគ្នាដើម្បីលើកកម្ពស់នូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់របស់បុព្វបុរសខ្មែរ ព្រមទាំងផ្សារភ្ជាប់ទំនៀមទម្លាប់ ទៅនឹងសហគ្រិនភាពដើម្បីបណ្តុះគំនិតច្នៃប្រឌិត ក្នុងការបង្កើតធុរៈកិច្ចដែលគោរពតាមប្រពៃណីជាតិ និងជួយបង្កើនចំណូលដល់ប្រជាជនក្នុងតំបន់ ហើយបង្កើតឱ្យមានភាពស្និទ្ធិស្នាលប្រកបដោយស្នាមញញឹម។ មិនត្រឹមតែប៉ុណ្ណោះ ក៏នឹងបង្ហាញពីចំណងដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការថែរក្សា អភិវឌ្ឍប្រពៃណី ទំនៀមទម្លាប់ខ្មែរក៏ដូចជា ផ្តល់នូវបរិយាកាសទាក់ទាញភ្ងៀវជាតិ និងអន្តរជាតិដើម្បីកម្សាន្ត និងស្វែងយល់ពីកម្ពុជាឱ្យបានស៉ីជម្រៅ។
បើតាមសេចក្តីជូនដំណឹងដដែល «វេលាដ៏អស្ចារ្យ» ជាកម្មវិធីស្នូលដែលមានលក្ខណៈពិសេសដោយកំណត់ទីតាំងធំៗ ដោយមានប្រធានបទផ្សេងពីគ្នា។ ក្នុងនោះមាន៦តំបន់ ដែលមានគោលគំនិតទាក់ទង នឹងបទចម្រៀងប្រពៃណីខ្មែរ រួមមាន៖
១៖ តំបន់អនុស្សាវរីយ៍អង្គរ មានរៀបចំជាការតុបតែងបែបអង្គរសង្ក្រាន្ត ដើម្បីគាស់រម្លឹកពីភាពស្រស់ស្អាតរបស់កម្មវិធីអង្គរសង្ក្រាន្តកន្លងមក ហើយក៏បានបង្ហាញពីការគោរពស្រឡាញ់ដល់ស្នាដៃរៀមច្បងនានា ដែលបានបង្កើតកម្មវិធីដ៏អស្ចារ្យមួយនេះឡើងមក។
២៖ តំបន់ណាំណាវ ជាតំបន់ចម្រុះជនជាតិដោយមានចម្រៀង និងការរាំលេងកម្សាន្ត គួរឱ្យចាប់អារម្មណ៍។
៣៖ តំបន់ផាមួងកទា ឆ្លុះបញ្ចាំងតាមសម័យកាលដែលជនជាតិខ្មែរជាជនជាតិស៉ីវិល័យ និងមានរសនិយមខ្ពស់លើសម្លៀកបំពាក់។ តំបន់នេះផ្តោតសំខាន់លើស្នាដៃទេពកោសល្យ របស់អ្នកច្នៃម៉ូតនានា ដែលចង់បង្ហាញពីភាពអស្ចារ្យនៃវប្បធម៌ តាមរយៈសម្លៀកបំពាក់របស់ខ្លួន ក៏ដូចជាលើកតម្កើងនូវវប្បធម៌ដ៏ស្រស់ស្អាត របស់បណ្ដាប្រទេសនានាផងដែរ។
៤៖ តំបន់ភិសវង់ ជាតំបន់ដែលផ្តោតលើការរាំកម្សាន្ត ដែលញ៉ាំងកម្មវិធីនេះឱ្យមានភាពមហោឡារិក។ តំបន់នេះមានការរៀបចំជាបទចម្រៀងចង្វាក់ប្រពៃណីខ្មែរនានា ចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ចូលកំពឹសជាដើម។
៥៖ តំបន់ចាហួយសង់ខ្យា ជាតំបន់ដែលពោរពេញទៅដោយការប្រកបរបរអាជីវកម្ម របស់ប្រជាពលរដ្ឋខ្មែរនៅជុំវិញទីតាំងប្រារព្ធកម្មវិធី ក៏ដូចជាក្នុងផ្សាយផ្ទាល់ ហើយកម្មវិធីក៏បានផ្ដួចផ្ដើមគំនិតលើកស្ទួយនូវសហគ្រិនភាព របស់ពួកគាត់តាមរយៈការបង្កើតស្តង់ម្ហូបអាហារសម្រាប់អាជីវករ។
៦៖ តំបន់ជិះទូកតាមគង្គា ជាតំបន់ដែលយកទឹកជាគោលក្នុងការអបអរកម្មវិធីវេលាដ៏អស្ចារ្យ៕