(តាកែវ)៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨កន្លងមកនេះ មានអ្នកជំងឺប្រមាណជាង៨០ម៉ឺននាក់ បានមកពិគ្រោះជំងឺ និងមកទទួលសេវាពិនិត្យ សម្រាកព្យាបាលសុខភាពនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានា នៅទូទាំងខេត្តតាកែវ។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងរយៈពេញមួយឆ្នាំ ២០១៨កន្លងមកនេះ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករបស់រដ្ឋនៅក្នុងខេត្តតាកែវ បានពិនិត្យពិគ្រោះជំងឺក្រៅ និងសម្រាកព្យាបាលជំងឺ មានចំនួន៨៥,០០៩១ករណី បើគិតជាចំនួនលើក នៃការមកមកពិនិត្យ ពិគ្រោះជំងឺគឺស្នើនិង០,៧៨ដង ក្នុងប្រជាពលរដ្ឋម្នាក់ៗក្នុងមួយឆ្នាំ។
ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ ដែលមានការគាំទ្រពីកម្មវិធីមូលនិធិសមធម៌ ដែលផ្ដល់ដោយរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍មាន ចំនួន៤៧១៣ករណី និងទទួលបានការលើកលែងលើការបង់ថ្លៃសេវា តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលមានចំនួន ៣៤២ករណីយ៏។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានបន្តថា មួយឆ្នាំទៅមួយឆ្នាំស្រ្តីមានគភ៌មកទទួលការថែទាំ និងពិនិត្យមុនពេលសម្រាលបុត្រ កាន់តែមានការកើនឡើងជាលំដាប់ ដោយឡែកសម្រាប់ឆ្នាំ២០១៨កន្លងមកនេះ មានស្រ្តីមានគភ៌ប្រមាណជិត៩០ភាគរយ ក្នុងចំណោមស្រ្តីមានគភ៌ ចំនួន២១,៤៣៨នាក់ បានចូលមកពិនិត្យ ថែទាំផ្ទៃពោះមុនពេលសម្រាលបុត្រ។ ចំពោះការមកសម្រាលបុត្រនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករបស់រដ្ឋមានចំនួន ១៧,២០១៦នាក់ ដែលស្មើនិង៨០ភាគរយ ដោយក្នុងនោះកាលសម្រាលដោយវះកាត់មានចំនួន៦៧៨នាក់ ស្មើរនិង៣.១៦ភាគរយ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ រំពឹងថា ក្នុងឆ្នាំ២០១៩នេះ កំណើនប្រជាពលរដ្ឋដែលចូលមកពិគ្រោះ សម្រាកព្យាបាលនៅ តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករបស់រដ្ឋពិតជាមានការកើនឡើងជាក់ជាពុំខានព្រោះបច្ចុប្បន្ននេះ សេវាសុខាភិបាលរបស់រដ្ឋកាន់តែ មនាការកែលម្អជាពិសេសយើងមានឧបករណ៍ទំនើប និងមានគ្រូពេទ្យឯកទេស សម្រាប់ព្យាបាលអ្នកជំងឺហើយ ម្យ៉ាងទៀតអាកប្បកិរិយារបស់គ្រូពេទ្យ ចំពោះអ្នកជំងឺក៏មានការប្រែប្រួលជាងមុនដែល ពោលគ្រូពេទ្យតែងតែយកចឹត្តទុកដាក់ និងប្រើប្រាស់សំដីសមរម្យអ្នកជំងឺ ដូចនៅមន្ទីរពេទ្យឯកជននានាដូច្នោះដែរ៕