(កណ្ដាល)៖ អភិបាលរងខេត្ដកណ្ដាល លោក គឹម រិទ្ធី បានថ្លែងជំរុញដល់មន្ដ្រីសុខាភិបាលទាំងអស់ បន្ដពង្រឹងប្រព័ន្ធសុខាភិបាល ក៏ដូចជាការគ្រប់គ្រងសេវាឯកជន និងក្រមសីលធម៌វិជ្ជាជីវៈ របស់គ្រូពេទ្យ នៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងតាមគ្លីនិកឯកជន ទូទាំងខេត្តកណ្តាលឱ្យស្របតាមក្រមសុខាភិបាល។
ការលើកឡើងរបស់លោកអភិបាលរងខេត្ដកណ្ដាល ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាលខេត្ដកណ្ដាលនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩។
ក្នុងឱកាសនោះលោក គឹម រិទ្ធី បានថ្លែងថា វិស័យសុខាភិបាលខេត្ដកណ្ដាល កំពុងតែមានវឌ្ឍនភាពគួរឱ្យកក់សម្គាល់ ដែលក្នុងនោះ ជាសំខាន់រួមមាន ការគាំពារសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ ជំងឺឆ្លង ជំងឺមិនឆ្លង និងបញ្ហាសុខភាពដទៃទៀត ព្រមទាំការពង្រឹងប្រព័ន្ធសុខាភិបាល ដោយផ្ដោតសំខាន់លើការផ្ដល់សេវាសុខាភិបាល ហិរញ្ញប្បទានសុខាភិបាលការអភិវឌ្ឍ ធនធានមនុស្ស ប្រព័ន្ធព័ត៌មានសុខាភិបាល និងអភិបាលកិច្ចប្រព័ន្ធសុខាភិបាល ដែលវឌ្ឍនភាពទាំងនេះ ស្របទៅតាមផែនការយុទ្ធសាស្ដ្រសុខាភិបាល ២០១៦-២០២០ ពិសេសគឺយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាល បានចាត់ទុកការលើកស្ទួយស្ថានភាពសុខភាពប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាអាទិភាពខ្ពស់។
លោកបានថ្លែងបន្ដថា «ទន្ទឹមនឹងលទ្ធផល ដែលយើងទទួលបាន ក៏នៅមានបញ្ហាលំបាកជាច្រើនដែលនឹងបន្ដធ្វើដូចនេះ ខ្ញុំសូមជំរុញលើកទឹកចិត្ដ ដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំធ្វើការទំនាក់ទំនង និងសម្របសម្រួល ជាមួយដៃគូរអភិវឌ្ឍ ជាពិសេសអាជ្ញាធរ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ វិស័យឯកជន និងវិស័យពាក់ព័ន្ធនានា។ លើសពីនោះបន្ត
ពង្រឹងប្រពន្ធ័សុខាភិបាល ដូចជា បន្ដពង្រឹងប្រព័ន្ធសុខាភិបាល ក៏ដូចជា ការគ្រប់គ្រងសេវាឯកជន និងក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ នៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងតាមគ្លីនិកឯកជន ទូទាំងខេត្តកណ្តាល ឱ្យស្របតាមក្រមសុខាភិបាល»។
ព្រមជាមួយគ្នានោះ លោកបានថ្លែងអំពាវនាវដល់ថ្នាក់ដឹកនាំក្រសុខាភិបាល មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ រួមគ្នាអនុវត្តឱ្យបាននូវទិសដៅ ការងារ ដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាក់ចេញ នាពេលកន្លងទៅនេះ ដោយបន្តលើកកម្ពស់ ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តសុខាភិបាល ២០១៦-២០២០ ទិសដៅការងារឆ្នាំ២០១៩ និងឆ្នាំបន្ត ក្នុងវិស័យសុខាភិបាលដែលផ្តោតជាចម្បងលើ៖
* បង្កើនលទ្ធភាពឲ្យប្រជាពលរដ្ឋ ទទួលបាន និងការប្រើប្រាស់សេវាអប់រំ លើកកម្ពស់សុខភាពសវាបង្ការ ព្យាបាលថែទាំ ស្តារនីតិសម្បទាវេជ្ជសាស្ត្រ មានគុណភាព និងសុវត្ថិភាពក្នុងតម្លៃចំណាយមួយ ដែលអាចរ៉ាប់រងបាន
* អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវគោលនយោបាយគាំពារសុខភាពសង្គម របស់រាជរដ្ឋាភិបាល
* ផ្តល់ការបណ្តុះបណ្តាលមូលដ្ឋាន និងការបណ្តុះបណ្តាលបន្តគ្រប់គ្រាន់ ផ្តោតលើសមត្ថភាពជំនាញ និងបែងចែកបុគ្គលិកដោយសមធម៌ ព្រមទាំងផ្តល់ការលើកទឹកចិត្តសមស្រប
* ផ្គត់ផ្គង់ឱសថ បរិក្ខារ និងធនធានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ រួមមាន អគារ ឧបករណ៍ពេទ្យ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងបណ្តាញព័ត៌មានវិទ្យា ដល់មូលដ្ឋានសុខាភិបាលសាធារណៈ
* ពង្រឹងការគ្រប់គ្រងព័ត៌មានវិទ្យាសុខាភិបាល និងការប្រើប្រាស់ព័ត៌មាន ដើម្បីពង្រឹងការគ្រប់គ្រងសេវា និងប្រព័ន្ធអង្កេតតាមដាន និងឆ្លើយតបជំងឺ ការពិនិត្យតាមដាន វាយតម្លៃវឌ្ឍនភាព និងលើកកម្ពស់ ការសិក្សាស្រាវជ្រាវសុខាភិបាល
* ពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសសមត្ថភាពនិយ័តកម្ម ដើម្បីពង្រឹងការអនុវត្តច្បាប់ និងនីតិក្រមសុខាភិបាល លើកកម្ពស់ភាពជាដៃគូជាងផ្នែកសាធារណៈ និងឯកជន និងបង្កើនគណនេយ្យភាពលើសុខភាពនៅមូលដ្ឋាន៕