(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានអនុគណៈកម្មការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ បានទទូចឲ្យអ្នកប្រើប្រាស់ផ្លូវ ត្រូវតែនាំគ្នាគោរពច្បាប់ចរាចរណ៍ ឲ្យបានទាំងអស់គ្នា មិនតែប៉ុណ្ណោះពេលបើកបរត្រូវចេះយោគយល់អធ្យាស្រ័យ កុំវ៉ាប្រជែងទាំងប្រថុយប្រថាន ជាពិសេសពេលពិសាគ្រឿងស្រវឹង។
ការលើកឡើងរបស់លោក វ៉ី សំណាង បានធ្វើក្នុងឱកាសដែលលោកដឹកនាំក្រុមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ ក្រុមយុវជន ស.ស.យ.ក សិស្សានុសិស្សជាង៥០០ម៉ូតូ ដោយមានពាក់មួកសុវត្ថិភាពគ្រប់ៗគ្នា ក្នុងន័យឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។
លោកអភិបាលបានសង្កត់ធ្ងន់ថា អ្នកបើកបរត្រូវគោរពសីលធម៌១០ចំណុច ដើម្បីយើងទាំងអស់គ្នា មិនត្រូវបើកបរលើសល្បឿន មិនត្រូវបើកបរក្រោមឥទ្ធិពលស្រវឹង មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀន មិនត្រូវបើកបរ ក្រោមស្ថានភាពងងុយ។ លោក វ៉ី សំណាង បន្ដទៀតថា ត្រូវរៀនបើកបរឲ្យបានត្រឹមត្រូវ ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពជានិច្ច បើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ជានិច្ច ត្រូវប្រកាន់ស្តាំត្រួតពិនិត្យលក្ខណៈបច្ចេកទេស រថយន្តឲ្យទៀងទាត់ ត្រូវមានស្មារតីក្នុងពេលបើកបរ។
យោងតាមរបាយការណ៍របស់លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ គ្រោះថ្នាក់ចរាចរណ៍មានកើនឡើងក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៩ បានសម្លាប់មនុស្ស រហូត៣២នាក់ ក្នុងករណី គ្រោះថ្នាក់ចរាចរ៥៨លើក កើនឡើង៩នាក់ ធ្វើឲ្យរបួសធ្ងន់៤១នាក់ កើនឡើង៧នាក់ របួសស្រាល២៧នាក់ថយចុះ សរុបមធ្យោបាយខូចខាតចំនួន១០២គ្រឿង កើនឡើង៣១គ្រឿង។
លោកបន្ដថា ការកើនឡើងនៃយាន្តជំនិះ កំណើនមនុស្ស ព្រមជាមួយការអភិវឌ្ឍន៍ កត្តាការកកស្ទះចរាចរណ៍ជាប្រចាំមន្ទីរសាធារណការខេត្ត បានសហាការជាប្រចាំជាសមត្ថកិច្ចជំនាញ សម្រួលដល់បញ្ហាប្រឈម ដែលអាចបង្កគ្រោះថ្នាក់តាមដងផ្លូវធ្វើការកែលម្អគំនូសសញ្ញា ភ្លើងស្តុប និងចែកសៀវភៅច្បាប់អប់រំចរាចរណ៍ ព្រមទាំងបានអញ្ជើញតាមបណ្តាក្រុមហ៊ុនរកស៊ី ដែលប្រើប្រាស់រថយន្ត មកអប់រំអំពីច្បាប់ចរាចរផ្លូវគោកផងដែរ។
របាយការណ៍បានបន្ថែមថា ជាការពិតផែនការសកម្មភាពយុទ្ធសាស្ត្រទិសដៅ សំរាប់វិស័យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ស្ពឺ ដែលអនុលោមភាពស្របតាមទិសដៅ គោលនយោបាយជាតិសុវត្ថិភាពផ្លូវគោក ដែលឆ្លុះបញ្ចាំងការខិតប្រឹងប្រែង និងគិតគូរជាអស្ថេរភាពសំខាន់អាយុជីវិត ប្រជាពលរដ្ឋ និងកាត់បន្ថយហានិភ័យក្នុងការធ្វើដំណើរ តាមដងផ្លូវក្នុងកំរិតទាប។
ផែនការនេះ ក៏បានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកំពស់ការយល់ដឹងមូលដ្ឋានច្បាប់ តាមរយៈការអប់រំ ណែនាំ ការអនុវត្ត ដែលជាកត្តាមួយ ជួយទ្រទ្រង់ជំរុញ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងស្របជាមួយពេលវេលា ក្នុងការធ្វើសមាហរន្តកម្ម ក្នុងសហគមន៍អាស៊ាន។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហុង ចាន់សុខា។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅលើផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ រវាងរថយន្តដឹកទំនិញ និងរថយន្តដឹកកម្មករ បណ្តាលឲ្យកម្មការិនី ចំនួន១២នាក់រងរបួសធ្ងន់ស្រាល ក្នុងនោះ៨នាក់ របួសធ្ងន់។ អ្វីដែលកាន់តែធ្ងន់ធ្ងរ និងអាណោចអាធមនោះ គឺកម្មករិនី៥នាក់ បានដាច់ដៃតែម្តង។
បើតាមលោកឧត្តមសេនីយ៍ស្នងការខេត្តកំពង់ស្ពឺ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តដឹកទំនិញធុនធំ បានបើកកៀររថយន្តដឹកកម្មករ។ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ហើយ អ្នកបើករថយន្តបង្ក បានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ ខណៈកម្មការិនីរងរបួសត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ជាមួយគ្នានេះ ក៏សូមអំពាវនាវដល់កម្មករ ដែលជិះលើរថយន្តត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវដាក់ដៃចេញមកក្រៅរថយន្តនោះឡើយ ជៀសវាងមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដូចករណីខាងលើនេះ ដែលបណ្តាលឲ្យបាត់បង់ដៃរបស់ខ្លួន ដោយសារការធ្វេសប្រហែសនេះ៕