(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ បានប្រាប់ឲ្យកីឡាករ-កីឡាការិនីទាំងអស់ មិនត្រូវពាក់ព័ន្ធជាមួយនឹងគ្រឿងញៀននោះឡើយ ដើម្បីរក្សាកិត្ដិយស និងសេចក្ដីថ្លៃថ្នូរ សម្រាប់ខ្លួនឯងផង និងសម្រាប់សង្គមផង។
ការជំរុញបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយមហាគ្រួសារកីឡាកម្ពុជា លើកទី៤ ដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមឲ្យកីឡាករ-កីឡាការិនីរបស់យើង ជួយផ្សព្វផ្សាយ និងទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន ហើយក៏ខិតខំធ្វើយ៉ាងម្ដេចកុំឲ្យមិត្តភក្តិ ដែលជាកីឡាករ-កីឡាការិនី និងក្រុមគ្រួសារ កីឡាករ-កីឡាការិនីរបស់យើង ប្រើប្រាស់គ្រឿងញៀន ត្រូវខិតខំធ្វើយ៉ាងម្ដេច កុំឲ្យកីឡាករ-កីឡាការិនីខ្មែរ ពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន ដែលនេះជាកិត្ដិយស និងសេចក្ដីថ្លៃថ្នូរ សម្រាប់សង្គមរបស់យើង»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើង ពីលោក Diego Maradona ដែលជាកីឡាករប្រទេសអាហ្សង់ទីនដ៏ល្បីម្នាក់ ត្រូវបានបាត់បង់កិតិ្ដយស ដោយសារការប្រើប្រាស់គ្រឿងញៀន ហើយត្រូវគេហាមឃាត់ មិនឲ្យចូលប្រទេសនេះ ប្រទេសនោះ មួយរយៈពេលផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ដ្រីបានលើកឡើងទៀតថា «នៅក្នុងចំណោមកីឡារបស់យើង មិនត្រូវឲ្យមានរឿងនេះទេ មិនត្រឹមតែមិនត្រូវឲ្យមានរឿងនេះកើតឡើងទេ ប៉ុន្ដែយើងត្រូវអប់រំមិត្ដភក្តិរបស់យើង និងអ្នកដទៃទៀត កុំឲ្យពាក់ព័ន្ធ និងគ្រឿងញៀន»។
ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានអំពាវនាវចំពោះអ្នកដែលមានដៃគូដូចគ្នា សូមឲ្យយកចិត្ដទុកដាក់ ទៅលើបញ្ហាជំងឺអេដស៍។ សម្ដេចបានថ្លែងថា កីឡាករ-កីឡាការិនី ក៏ត្រូវមានកាតព្វកិច្ច ដើម្បីជួយទប់ស្កាត់ កុំឲ្យមានការរីករាលដាលជំងឺអេដស៍ នៅក្នុងប្រទេសផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនជាកីឡាករ-កីឡាការិនី មានសារធាតុផ្ទុកណាមួយ ទៅដោយគ្រឿងញៀនក្ដី ទៅដោយជំងឺអេដស៍ក្ដី គឺបានសេចក្ដីថា សកម្មភាពកីឡារបស់យើង ត្រូវបានបញ្ចប់ហើយ។ សម្ដេចសង្ឃឹមថា កីឡាករ-កីឡាការិនី នឹងជួយចូលរួមក្នុងសកម្មភាពនេះ៕