(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងរម្លឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយយុវតីឈ្មោះ យិន ម៉ាណា បើករថយន្តបុកនិស្សិតឆ្នើម ឌុំ រីដា ស្លាប់យ៉ាងអាណោចអធម នៅខណ្ឌទួលគោក ប៉ុន្មានថ្ងៃនោះ គឺជារឿងដ៏គួរឱ្យឈឺចាប់ ដែលនឹងដាស់តឿនដល់ អាណាព្យាបាលទាំងអស់ កុំទំយើកូនតាមអំពើចិត្ត រហូតដល់បណ្តោយឱ្យកូនបើកបរទាំងមិនទាន់គ្រប់អាយុ។
ក្នុងឱកាសអញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាលើកទី៤ នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ករណីក្មេងស្រីម្នាក់ បើករថយន្តទៅបុកនិស្សិតស្រីម្នាក់ជារឿងមួយ ដែលគួរឲ្យឈឺចាប់ណាស់។ អ្នកដែលបានស្លាប់ទៅហើយ គឺជាការខាតបង់ធនធានមនុស្សមួយ ដែលយើងសោកសង្រេង ប៉ុន្តែអ្នកដែលប្រព្រឹត្តល្មើសនោះទៅទៀតគ្នាខូចខាតអនាគត ដោយគ្នាជាអនីតិជន។ សង្ឈឹមថា បទពិសោធន៍មួយនេះ នឹងដាស់តឿនទៅដល់ឪពុកម្តាយរបស់យុវជន យុវនារី កុំទំយើកូន កុំទម្រើសកូន និងកុំបណ្តែតបណ្តោយកូនឱ្យបើកបរ ជាពិសេសកូនមិនទាន់គ្រប់អាយុ។ ការស្រលាញ់កូនហួសហេតុ នឹងធ្វើឱ្យមានវិប្បដិសារី»។
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង នៅចំណុចកែង (ផ្លូវលេខ៣១៧ កែងនឹងផ្លូវ៥២៨) ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរថយន្តសេរីទំនើប Rang Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 បើកបរដោយក្មេងស្រីម្នាក់វ័យ១៦ឆ្នាំ ក្នុងល្បឿនលឿនទៅបុកនិស្សិតស្រីឆ្នើមម្នាក់ ស្លាប់ភ្លាមនៅកន្លងកើតហេតុ។ អ្នកបើករថយន្តបង្កមានឈ្មោះ យិន ម៉ាណា ជាកូនអភិជនម្នាក់ឈ្មោះ យិន ហ្គិច ចំណែកឯជនរងគ្រោះជាកូនអ្នកក្រីក្រ ហើយទទួលបានអាហារូករណ៍ នៅសាកលវិទ្យាល័យផារ៉ាហ្គន (អតីតសាកលវិទ្យាល័យហ្សាម៉ាន់)។ ក្រោយកើតហេតុយុវតីអ្នកបើកបររថយន្ត បានរត់គេចសម្ងំលាក់ខ្លួន ប៉ុន្តែ៣ថ្ងៃក្រោយមក ទើបឪពុករបស់នាងនាំមកប្រគល់ ហើយតុលាការបានសម្រេចឃុំខ្លួន។
ចំពោះករណីបែបនេះ សម្តេចតេជោ ហ៊ុន សែន បានបន្ទោសឪពុកម្តាយ ដែលស្រលាញ់កូនខ្លាំងពេក រហូតដល់ទិញរថយន្តឱ្យកូនដោយមិនទាន់ដល់វ័យប្រើប្រាស់។ សម្តេចបានថ្លែងទៀតថា សម្តេចមិនដែលទិញគ្រឿងយន្ត ដូចជាម៉ូតូ និងឡានឱ្យកូនមិនទាន់គ្រប់អាយុជិះនោះទេ ទោះសម្តេចមានលទ្ធភាពក៏ដោយនោះ។ សម្តេចបញ្ជាក់៖ «បទពិសោធន៍ជោគជ័យរបស់ខ្ញុំ បើទោះបីជាខ្ញុំមានលទ្ធភាពតាំងពីពេលមុន ខ្ញុំមិនដែលទិញម៉ូតូឱ្យកូនៗរបស់ខ្ញុំនោះទេ។ កូនរបស់ខ្ញុំគ្មានភ័ព្វសំណាងដូចមនុស្សមួយចំនួននោះទេ ពួកគេគ្មានម៉ូតូជិះ គ្មានម៉ូតូប្រណាំងទេ ទោះបីជាខ្ញុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងឋានៈជានាយករដ្ឋមន្ត្រី កាលពីអតីតកាលតាំងពីកូនៗខ្ញុំនៅក្មេង ខ្ញុំមិនទិញគ្រឿងយន្តឱ្យពួកគេបើកបរតែម្តង»។
គួររម្លឹកថា អ្នកស្រី ផាត់ ពៅ ជាម្តាយបង្កើតរបស់សពកញ្ញា ឌុំ រីដា បានដាក់ពាក្យបណ្តឹងទារសំណងរដ្ឋប្បវេណី ២០ម៉ឺនដុល្លារពីគ្រួសារជនបង្កឈ្មោះ យិន ម៉ាណា។ ជាមួយគ្នានេះ ក្រុមគ្រួសារសពកញ្ញា ឌុំ រីដា នៅព្រលប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ បានព្រមទទួលយកសំណងរដ្ឋប្បវេណី ៧ម៉ឺនដុល្លារពីលោក យិន ង្គិច ដែលជាឪពុករបស់កញ្ញា យិន ម៉ាណា ផងដែរ។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ទោះបីមានសងសំណងរដ្ឋប្បវេណី តែជនបង្កនៅតែបន្តទទួលទោសដដែល។ សម្តេចបញ្ជាក់ថា «ត្រូវតែផ្តន្ទាទោស ទោះបីមានការសម្របសម្រួលគ្នា ដូចសារព័ត៌មានផ្សាយ ក៏ប៉ុន្តែរឿងផ្លូវច្បាប់វាជារឿងមួយទៀត»។
យោងតាមមាត្រា៤១ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានកំណត់ថា អាយុអ្នកបើកបរ ត្រូវកំណត់តាមប្រភេទប័ណ្ណបើកបរដូចតទៅ៖ អាយុ១៦ឆ្នាំយ៉ាងតិច ចំពោះប្រភេទក១, អាយុ១៨ឆ្នាំយ៉ាងតិច ចំពោះប្រភេទក២ និងខ, អាយុ២២ឆ្នាំយ៉ាងតិច ចំពោះប្រភេទគ និងឃ១, ហើយអាយុ២៤ឆ្នាំយ៉ាងតិច ចំពោះប្រភេទឃ២ និង ង។ អ្នកកាន់ប័ណ្ណបើកបរប្រភេទណា ត្រូវបើកបរយានយន្តប្រភេទនោះ៕