(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខកីឡាករ-កីឡាការិនីរាប់ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យលើកកម្ពស់ក្រមសីលធម៌ របស់អាជ្ញាកណ្តាលកីឡាគ្រប់ប្រភេទ ជាពិសេសអាជ្ញាកណ្តាលកីឡាប្រដាល់ ត្រូវកាត់សេចក្តីដោយភាពត្រឹមត្រូវ និងមានសុក្រឹត ដើម្បីកុំឱ្យកីឡាករបាក់ទឹកចិត្ត ព្រមទាំងមិនចង់ឡើងប្រកួត នៅពេលក្រោយៗទៀត។
ការមានប្រសាសន៍បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយមហាគ្រួសារកីឡាកម្ពុជាលើកទី៤ នៅមជ្ឈមណ្ឌលកោះពេជ្រ។
នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំសូមយកឱកាសនេះ អំពាវនាវឱ្យអាជ្ញាកណ្តាល សម្រាប់កីឡាគ្រប់ប្រភេទ ជាពិសេសអាជ្ញាកណ្តាលសម្រាប់កីឡាបាល់ទាត់ និងកីឡាប្រដាល់ ដែលកីឡាទាំងពីរប្រភេទនេះ ច្រើនតែមានបញ្ហាពាក់ព័ន្ធជាមួយអាជ្ញាកណ្តាល។ កីឡាបាល់ទះមានបញ្ហាខ្លះកើតឡើង ដោយសារការចាប់នូវកំហុសនោះ មានលក្ខណៈខ្វះខាត ប៉ុន្តែក៏អាចមាន Replay (សារឡើងវិញ) ដោយកញ្ចក់ទូរទស្សន៍ ប៉ុន្តែកីឡាបាល់ទាត់ និងកីឡាប្រដាល់ជារឿងដែលត្រូវខិតខំពង្រឹងនូវក្រមសីលធម៌ សម្រាប់អាជ្ញាកណ្តាលរបស់យើង ធានាធ្វើយ៉ាងណានៅក្នុងការប្រកួតនីមួយៗ អាជ្ញាកណ្តាលរបស់យើង ដាក់ពិន្ទុឱ្យមានសុក្រឹត សម្រាប់ឆ្លើយតបកុំឱ្យកីឡាករបាក់ទឹកចិត្ត និងកុំឱ្យខូចកិត្តិយសជាតិខ្មែរ របស់យើង»។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា អាជ្ញាកណ្តាលកីឡាគ្រប់ប្រភេទ មិនគ្រាន់តែទទួលបន្ទុកនៅក្នុងការប្រកួត កម្រិតជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែអាជ្ញាកណ្តាលរបស់កម្ពុជា ក៏ត្រូវចូលរួមក្នុងការដាក់ពិន្ទុ នៅក្នុងការប្រកួតកម្រិតថ្នាក់អន្តរជាតិផងដែរ។ ត្រង់ចំណុចនេះ សម្តេចក៏បានសម្តែងការងឿងឆ្ងល់ ចំពោះស្ថានីយទូរទស្សន៍មួយចំនួន នៅពេលមានការប្រកួតរវាងខ្មែរ និងបរទេស បើខ្មែរវាយបរទេសមិនដួលទេ គឺខ្មែរមិនឈ្នះនោះឡើយ នេះជារឿងពិត។ ក៏ប៉ុន្តែប្រសិនបើកន្លែង ដែលមានភាពអវិជ្ជមានកន្លងមក មិនព្រមកែប្រែកំហុសរបស់ខ្លួនទេ ថ្ងៃក្រោយសម្តេចនឹងចង្អុលឱ្យចំឈ្មោះ ឱ្យចាក់សារឡើងវិញ ដូចអ្វីដែលធ្លាប់ធ្វើជាមួយទូរទស្សន៍មួយកន្លងមកផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏រំលឹកដែរថា សម្តេចធ្លាប់បានជំរុញឱ្យមានការសើរើ លើការប្រកួតរវាងកីឡាករ ឡុង សុវណ្ណឌឿន និងកីឡាករ កែវ រំចង់ ដែលកាលណោះ កីឡាករ កែវ រំចង់ ចាញ់ទាំងពីរលើក ប៉ុន្តែដោយមិនអស់ចិត្ត រហូតសម្តេចបញ្ជាឱ្យទូរទស្សន៍នោះចាក់ផ្សាយឡើងវិញទាំងយប់ រហូតនាំឱ្យមានការប្រកួតឡើងវិញ ហើយទីបំផុត កែវ រំចង់ ដែលត្រូវអាជ្ញាកណ្តាលកាត់សេចក្តីឱ្យចាញ់ជាច្រើនដង បែរជាឈ្នះពិន្ទុ ឡុង សុវណ្ណឌឿន ទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញយកចិត្តទុកដាក់ លើការបណ្តុះបណ្តាលអាជ្ញាកណ្តាល និងពង្រឹងក្រមសីលធម៌អាជ្ញាកណ្តាល បើសិនមិនព្រមធ្វើការកែប្រែទេ សម្តេចនឹងចេញមុខដោយផ្ទាល់ ដើម្បីជួយដោះស្រាយភាពអយុត្តិធម៌ ជូនកីឡាករនោះតែម្តង។
សម្តេចតេជោ ក៏បានប្រកាសព្រមាន ទៅតាមស្ថានីយទូរទស្សន៍មួយចំនួន ត្រូវពង្រឹងការកាត់សេចក្តីរបស់ខ្លួន លើកីឡាប្រដាល់ បើមិនដូច្នោះ ទេសម្តេចនឹងចេញមុខ រកយុត្តិធម៌លើការប្រដាល់នោះ ដោយមិនប្រកាន់ថាកីឡាករខ្មែរ ឬបរទេសនោះទេ ប្រសិនអាជ្ញាកណ្តាលកាត់សេចក្តី ដោយភាពលំអៀង ដែលធ្វើឱ្យអ្នកចាញ់ ចាញ់មិនអស់ចិត្ត ចំណុចនេះវាអាចនឹងធ្វើឱ្យខូចកិត្តិយសរបស់ជាតិ តាមរយៈកម្មវិធីកីឡានេះផងដែរ៕