(ភ្នំពេញ)៖ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា ស៊ីហ្គេម លើកទី៣២ នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ ជាមួយគ្នានេះ កម្ពុជាក៏នឹងរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ខែកក្កដា ឆ្នាំ២០២៣នេះដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជា លើកទី៤ នៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា មូលហេតុដែលកម្ពុជា កំណត់យកខែឧសភា ឆ្នាំ២០២៣ ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេមនោះ គឺដើម្បីបញ្ចៀសឱ្យផុតពីការរងផលប៉ះពាល់ដោយសារការបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា នៅអំឡុងខែកក្កដា ឬនៅចុងឆ្នាំ២០២៣ ជាពេលដែលកម្ពុជាត្រូវមមាញឹកជាមួយការបោះឆ្នោត ហើយរាល់ពេលបោះឆ្នោតម្តងៗ តែងមានការបង្កចលាចល និងបាតុភាពផ្សេងៗ ពីក្រុមអ្នកចាញ់ឆ្នោត។ ជាមួយគ្នានេះ សម្តេចក៏លើកឡើងទៀតថា ដើម្បីកុំឱ្យមានការរំខានដោយសារសកម្មភាពណាមួយក្រោយពេលបោះឆ្នោតនោះ ទើបកម្ពុជាសម្រេចយកការប្រកួតក្នុងខែឧសភា មុនពេលបោះឆ្នោតតែម្តង។
បើតាមសម្តេចតេជោ ហ៊ុន សែន, ឆ្នាំ២០២៣ ក៏ជាឆ្នាំដែលផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ភ្នំពេញ-ព្រះសីហនុ ត្រូវសាងសង់រួចរាល់ផងដែរ។ ផ្លូវនេះគឺអាចបម្រើដល់ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម នាពេលខាងមុខនេះ។
ក្រៅពីការពន្យល់អំពីមូលហេតុ ដែលកម្ពុជាកំណត់យកខែឧសភា សម្រាប់ការប្រកួតស៊ីហ្គេម, សម្តេចនាយករដ្ឋមន្ត្រី ក៏បានពន្យល់ពីមូលហេតុ ដែលនាំឱ្យកម្ពុជាក្លាយជាម្ចាស់ផ្ទះចុងក្រោយគេ សម្រាប់ការប្រកួតស៊ីហ្គេមនេះផងដែរ។ បើតាមសម្តេចតេជោ ការមិនទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រកួតស៊ីហ្គេម នាឆ្នាំកន្លងមក គឺដោយសារតែកម្ពុជាដែលងើបពីភ្លើងសង្គ្រាមនោះ ត្រូវការថវិកាច្រើនសម្រាប់អភិវឌ្ឍន៍ប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ឆ្នាំ២០២៣ កម្ពុជាត្រូវតែធ្វើជាម្ចាស់ផ្ទះ សម្រាប់ប្រកួតស៊ីហ្គេមឱ្យបានល្អ ហើយប្រកបដោយកិត្តិយសថែមទៀត។ ដើម្បីត្រៀមការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងអប់រំ និងគ្រប់សហព័ន្ធទាំងអស់ ប្រឹងប្រែងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងបណ្តុះបណ្តាលធនធានផ្នែកកីឡាកម្ពុជា ឱ្យកាន់ផុសផុលថែមទៀត។ សម្តេចបន្ថែមថា ការបណ្តុះបណ្តាលនេះ មិនត្រឹមតែសម្រាប់ស៊ីហ្គេមទេ តែក៏សម្រាប់ប្រកួតប្រជែងផងដែរ។
សម្រាប់សម្តេចតេជោ, ការធ្វើជាម្ចាស់ស៊ីហ្គេមចំណាត់ថ្នាក់ទីប៉ុន្មានមិនសំខាន់ទេសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលសំខាន់ គឺត្រូវរៀបចំការប្រកួតមួយឱ្យទទួលបានជោគជ័យ និងមានសុចរិតភាព។
ដើម្បីពង្រឹងគុណភាពកីឡាកម្ពុជា ឆ្លើយតបនឹងភាពជាម្ចាស់ផ្ទះស៊ីហ្គេមខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រុមការងារថ្នាក់ជាតិចុះជួយនៅតាមមូលដ្ឋាន ក៏ដូចជាអាជ្ញានៅតាមមូលដ្ឋានជួយជំរុញសកម្មភាពកីឡានៅតាមសាលា។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យអាជ្ញាធរនៅតាមមូលដ្ឋានត្រូវត្រៀមដី ត្រៀមទីតាំងសម្រាប់ការប្រកួតកីឡា ហើយតាមសាលារៀនត្រូវតែមានរៀបចំកន្លែងសម្រាប់ហ្វឹកហាត់កីឡាផងដែរ៕