(ភ្នំពេញ)៖ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំពាវនាវដល់គ្រូពេទ្យទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវបន្ដពង្រឹងនូវគុណភាពព្យាបាល និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការថែរក្សា និងព្យាបាលអ្នកជំងឺ ។
លោកស្រី ក៏បានឡើងផងដែរថា ខណៈដែលប្រជាពលរដ្ឋ គាត់ឈឺ និងមានសមាជិកគ្រួសារណាម្នាក់ឈឺ បញ្ជូនមកមន្ទីរពេទ្យ គ្រួសារអ្នកជំងឺតែងតែសួរនាំបញ្ជាក់ហេតុផលជាច្រើនពីអាការៈរោគ ការព្យាបាល ចង់ដឹងពីប្រសិទ្ធិភាពភ្លាមៗ ដោយសារមានភាពភ័យខ្លាចបាត់បង់សមាជិកគ្រួសាររបស់គាត់ ដែលពេលខ្លះក៏មានពាក្យសម្តីប៉ះទង្គិចបន្ដិចបន្ដួច ដូច្នេះក្នុងនាមយើងជាគ្រូពេទ្យ មិនត្រូវប្រកាន់ទេ តែត្រូវពន្យល់ណែនាំជូនពួកគាត់ ឱ្យបានក្បោះក្បាយ។
ការថ្លែងដូច្នេះ របស់លោកស្រីអភិបាលរងរាជធានីភ្នំពេញ បានធ្វើឡើង ក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសានេះ។
លោកស្រីបញ្ជាក់ទៀតថា «អ្នកជំងឺ និងបងប្អូនអ្នកជំងឺ គឺគាត់សុទ្ធតែមនុស្សដែលមានទុក្ខ គាត់មករកយើង ដើម្បីឱ្យយើងជួយ អញ្ចឹងបើមានការប្រើពាក្យសម្តីខុសឆ្គង សូមកុំប្រកាន់គាត់ ក្នុងនាមយើងជាបដិសណ្ឋាកិច្ច យើងត្រូវបំពេញតម្រូវការជូនគាត់ ឱ្យមានភាពល្អប្រសើរ»។
ទន្ទឹមនឹងនោះ លោកស្រីបន្ថែមថា តែទោះជាយ៉ាង កន្លងមកនេះ ឃើញថាវិស័យសុខាភិបាលកម្ពុជាយើង មានការរីកចម្រើនជាច្រើន គួរឱ្យកក់សម្គាល់ ដែលបានបម្រើសេវាសុខភាពសាធារណៈជូនដល់ប្រជាពលរដ្ឋមានភាពល្អប្រសើរទូទាំងប្រទេស ជាពិសេសនៅតាមជនបទដាច់ស្រយាល ។
ព្រមជាមួយគ្នានោះ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ពីសមិទ្ធភាពជាច្រើនក្នុងឆ្នាំ២០១៨ និងប្ដេជ្ញាលើកទិសដៅឆ្នាំ២០១៩នេះ ឱ្យកាន់តែមានល្អប្រសើរបន្ថែមទៀត ក្នុងការលើកកម្ពស់ សុខភាពប្រជាពលរដ្ឋទូទៅ ក្នុងនោះ មានសុខភាពមាតា-ទារក កុមារ និងអាហារូបត្ថម្ភលើស្រ្ដី និងកុមារ និងបញ្ហាសុខភាពសាធារណៈជាច្រើនទៀត ។
ក្នុងឱកាសនោះ លោកស្រីអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាពិសេសមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ដ្រីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ដ និងប្រាជ្ញា ឱ្យសម្រេចបាននូវរាល់ស្នាដៃជាច្រើន ក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយគុណភាព គុណធម៌ និងប្រសិទ្ធិភាព និងបានឆ្លើយតប ទៅតាមតម្រូវការចាំបាច់ ក្នុងការលើកកម្ពស់សុខភាព សំដៅចូលរួមចំណែកក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃឱ្យកាន់ប្រសើរឡើងថែមទៀត៕