(ភ្នំពេញ)៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ បានបិទបញ្ចប់សន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ខ្លួនប្រកបដោយជោគជ័យ ក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នៅសណ្ឋាគារសុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោកស្រី ម៉ែន សំអន ស្នើឲ្យថ្នាក់ដឹកនាំក្រសួង បន្តផ្តោតលើការយកចិត្តទុកដាក់លើការងារសំខាន់ៗចំនួន៨ ដូចខាងក្រោម៖
១៖ ក្រុមការងារក្រសួង ត្រូវបន្តយុទ្ធនាការ អប់រំ និងផ្សព្វផ្សាយច្បាប់ឲ្យបានទូលំទូលាយ គ្រប់២៥ រាជធានី-ខេត្ត ជាពិសេសទៅតាមទីប្រជុំជន និងជនបទដាច់ស្រយ៉ាល។ ជម្រុញការងារសិក្សាស្ទាបស្ទង់មតិ (Survey) ដោយបណ្តុះ បណ្តាលពីវិធីសាស្ត្រ នៃការសិក្សាស្ទាបស្ទង់ និងការវិភាគទិន្នន័យដល់មន្រ្តីដែលពាក់ព័ន្ធ ដើម្បីធ្វើរបាយការណ៍ នៃលទ្ធផលដែលរកឃើញពីការស្ទាបស្ទង់ទាំងនោះ ។
២៖ ត្រូវខិតខំបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចប់ផ្នែកសំខាន់ៗ នៃសេចក្តីព្រាងច្បាប់ អធិការកិច្ច និងអនុក្រឹត្យ ដែលពាក់ព័ន្ធចំបងៗ។ ការងារសម្របសម្រួលនោះត្រូវការពារឱ្យបានជាអតិបរិមានូវតួនាទី ភារកិច្ចស្នូលរបស់ក្រសួង ស្របតាមច្បាប់ដែលអនុញ្ញាត។
៣៖ ត្រូវរៀបចំ និងតម្លើងកម្មវិធីទទួលពាក្យបណ្តឹង អនឡាញ និងបណ្ណាល័យ អេឡិចត្រូនិក (e-Library) ដែលតាមរយៈកម្មវិធីទាំងនោះ ប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្តឹង និងអាច មើលឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នានា តាមកុំព្យូទ័រ ឬទូរស័ព្ទដៃបានយ៉ាងងាយស្រួល។ ការអនុវត្តកម្មវិធី គឺជាការសម្រួល ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅពង្រឹងអភិបាលកិច្ចល្អ និង រួមចំណែក ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការពារសិទ្ធិប្រជាពលរដ្ឋ ។
៤៖ ត្រូវពង្រឹងប្រសិទ្ធិភាព ក្នុងបេសកកម្មចុះធ្វើអធិការកិច្ច ការអង្កេតស្រាវជ្រាវពាក្យបណ្តឹង និងការតាមដានការអនុវត្តច្បាប់ តាមរយៈការរកព័ត៌មានឲ្យមានតុល្យភាពច្បាស់លាស់ មានភស្តុតាង និងឯកសារសំអាងគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់។ រាល់ពាក្យបណ្តឹងដែលបញ្ជូនទៅសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យដោះស្រាយ ត្រូវតាមដាន ស៊ើបសួរព័ត៌មានអំពីវឌ្ឍភាពនៃការដោះស្រាយ ឲ្យបានច្បាស់លាស់ និងទាន់ពេលវេលា រួចជូនព័ត៌មានទៅដើមបណ្តឹងវិញ។ ទង្វើនេះ បង្ហាញពី ការទទួលខុសត្រូវរបស់ស្ថាប័នរដ្ឋ ដែលជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋ។
៥៖ មន្ត្រីរាជការ ក្រសួង ជាពិសេសមន្ត្រី ឬភ្នាក់ងារអធិការកិច្ច ត្រូវស្វែងយល់អំពីច្បាប់ និងបទបញ្ញត្តិនានា ដែលពាក់ព័ន្ធ និងការងារស្នូល របស់ក្រសួង ដើម្បីមានលទ្ធភាពបកស្រាយ និងពន្យល់ពីការរកឃើញភាពអសកម្មនានា។
៦៖ វិទ្យាស្ថានជាតិអធិការកិច្ច ត្រូវបង្កើតក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការរៀបចំខ្លឹមសារ កម្មវិធីបណ្តុះបណ្តាលថ្នាក់បឋមថ្នាក់មធ្យម និងថ្នាក់ឧត្តម លើជំនាញអធិការកិច្ច និងជំនាញពាក់ព័ន្ធ។ វិទ្យាស្ថានក៏ត្រូវបណ្តុះបណ្តាល មុខជំនាញផ្សេងបន្ថែម ក្រៅពីអធិការកិច្ច ដូចជាជំនាញអប់រំផ្សព្វផ្សាយច្បាប់ ជំនាញការសិក្សាស្រាវជ្រាវជំនាញវាយតម្លៃ ជំនាញផ្នែកស្ទាបស្ទង់មតិ និងជំនាញផ្សេងៗទៀត ដែលជាតម្រូវការចាំបាច់របស់ក្រសួង។
៧៖ ត្រូវត្រៀមអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវធ្វើឲ្យបានហ្មត់ចត់ ច្បាស់លាស់ ជាពិសេសការប្រើប្រាស់កញ្ចប់ថវិកាឱ្យមានប្រសិទ្ធិភាព គណនេយ្យភាព និងសមស្របតាមបទដ្ឋានគតិយុត្ត។
៨៖ ក្នុងពេលបំពេញបេសកកម្ម ចុះធ្វើអធិការកិច្ច មន្ត្រី ឬភ្នាក់ងារអធិការកិច្ច ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ នូវក្រមសីលធម៌មន្ត្រីរាជការ អធិការកិច្ច ដែលបានដាក់ចេញរួចហើយ និងត្រូវមានឯកសណ្ឋាន ដូចដែលក្រសួងបានណែនាំរួចហើយ និងត្រូវអនុវត្តឱ្យបានល្អ តាមអភិក្រមទាំងប្រាំរបស់ សម្តេច តេជោ នាយករដ្ឋមន្ត្រី គឺ៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដែលយើងត្រូវចងចាំជានិច្ច៕