(ភ្នំពេញ)៖ លោក ឃុន សូណា ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការឲ្យចាប់ខ្លួន បុគ្គលឈ្មោះ នៅ ភារម្យ ពីបទក្លែងបន្លំប្រើប្រាស់លិខិតក្លែង លួចលក់អចលវត្ថុដែលមិនមែនជារបស់ខ្លួន ប្រព្រឹត្តនៅភូមិជើងព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល កាលកំឡុងឆ្នាំ២០១៥។ បុគ្គលឈ្មោះ នៅ ភារម្យ អាយុ៤៥ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣E០ ផ្លូវលេខ១៦០ ក្រុមទី៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន ៤នាក់ទី១៖ ឈ្មោះ អៀ ម៉េងឃីម អាយុ៤៤ឆ្នាំ មានទីលំនៅផ្ទះលេខ៧៨E០ ផ្លូវលេខ១៣៦ ភូមិ១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ទី២៖ ឈ្មោះ ប្រាក់ លីម អាយុ៤៩ឆ្នាំ មានទីលំនៅផ្ទះលេខ១៣០ ផ្លូវលេខ១៩២ភូមិ២៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ, ទី៣៖ ឈ្មោះ ថេង គឹមសាយ អាយុ៥០ឆ្នាំ មានទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល, និងទី៤៖ ឈ្មោះ កុល ច័ន្ទដវត្ថា អាយុ៥០ឆ្នាំ មានទីលំនៅផ្ទះលេខអែហ្វ៨ ផ្លូវលេខ៤៦៦ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជាធានីភ្នំពេញ។
ម្ចាស់ដើមបណ្ដឹងបានឲ្យដឹងថា ក្នុងកំឡុងឆ្នាំ ២០០៧-២០០៨ បានទិញដីចំណុចភូមិជើងព្រៃ ភូមិតាដោល ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលរួមគ្នាទំហំចំនួន ៨៣ហិកតា ដោយមានលិខិតទិញលក់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងលិខិតទទួលប្រាក់កក់ថ្លៃដី ព្រមទាំងមានការទទួលស្គាល់ដឹងឮ ពីសំណាក់អាជ្ញាធរភូមិឃុំត្រឹមត្រូវស្របច្បាប់ទៀតផង។
លុះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បុគ្គលឈ្មោះ នៅ ភារម្យ បាទក្លែងបន្លំស្នាមមេដៃរបស់ពួកគាត់ នៅក្នុងកិច្ចសន្យាផ្ទេរសិទ្ធិកាន់កាប់ដីស្រែចុះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ រវាងឈ្មោះ អៀ ម៉េងឃីម និងឈ្មោះ នៅ ភារម្យ កិច្ចសន្យាផ្ទេរសិទ្ធិកាន់កាប់ដីស្រែចុះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ រវាងឈ្មោះ ប្រាក់ លីម និងឈ្មោះ នៅ ភារម្យ លិខិតប្រគល់ដីចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០០៩ រវាងឈ្មោះ ថេង គឹមសាយ និងឈ្មោះ នៅ ភារម្យ និងលិខិតប្រគល់ដីចុះនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០០៩ រវៀងឈ្មោះ ម៉ែន ស៉ីឌីន និងឈ្មោះ នៅ ភារម្យ ដោយមានការសមគំនិតជួយសម្រួលដោយចេតនា ជាលក្ខណៈប្រព័ន្ធពីអ្នកទិញឈ្មោះ ញ៉ែម រចនា ជាអ្នកជួយសម្របសម្រួលឯកសារ។
ម្ចាស់ដើមបណ្ដឹងបានបន្តទៀតថា បន្ទាប់មកឈ្មោះ នៅ ភារម្យ និងឈ្មោះ វ៉ាត ព្រឿង ជាអ្នកទទួលប្រាក់កក់ថ្លៃលក់ដីជាមួយគ្នា ដោយមានប្រថាប់ត្រាលើឯកសារពីលោក ហៀង ប៊ុនថុល មេឃុំអំពៅព្រៃ និងសម្របសម្រួលឯកសារពីលោក នៅ សាត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ភូមិបាលស្រុកកណ្តាលស្ទឹងថែមទៀតផង។ ហើយបានប្រើប្រាស់លិខិតក្លែងខាងលើ ដើម្បីបន្តលក់ដីនោះទៅឲ្យឈ្មោះ យ៉ែម រចនា និងបានរត់ការរហូតចេញប័ណ្ណកម្មសិទ្ធិប្លង់រឹង នៅចំណុចដីខាងលើនេះឲ្យទៅឈ្មោះ ឡៃ ភីតធឺរយូប៉ុក បន្ថែមទៀតផង។
ម្ចាស់ដើមបណ្ដឹងទាំងបួននាក់ បានលើកដៃទទូចស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ ឲ្យជួយអន្តរាគមន៍ និងមានចំណាត់ការរកយុត្តិធម៌ជូនពួកគាត់ផង៕