(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ បានដាក់បទបញ្ជាឱ្យ អភិបាលរាជធានី-ខេត្តចំនួន៤ រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ត្រូវដឹកនាំដោះស្រាយផលប៉ះពាល់ចំពោះ គម្រោងខ្សែបញ្ជូន ២៣០គីឡូវ៉ុល និង ៥០០គីឡូវ៉ុល ភ្នំពេញ-ព្រះសីហនុ។ នេះបើតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងលិខិតនោះ បានពន្យល់ថា រាជរដ្ឋាភិបាលសង្កេតឃើញថា មានផលប៉ះពាល់ដល់ គម្រោងខ្សែបញ្ជូន ២៣០គីឡូវ៉ុល និង ៥០០គីឡូវ៉ុល ដែលជាខ្សែបញ្ជូនអាទិភាព ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីបញ្ជូនថាមពលពីប្រភពភាគខាងត្បូងមកប្រើប្រាស់ ក្នុងប្រព័ន្ធបណ្តាញជាតិទាំងមូល ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ហើយត្រូវបញ្ចប់ឲ្យបានមុនចុងខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ ខ្សែបញ្ជូននេះ មានបង្គោលសរុប ៤២១បង្គោល ហើយបានដោះស្រាយរួចរាល់ចំនួន៣៤៩បង្គោល នៅសល់ចំនួន៧២បង្គោល ដែលមួយចំនួនធំជាប់ពាក់ព័ន្ធ ជាមួយនឹងដីរបស់បណ្តាក្រុមហ៊ុនធំៗ និងអ្នកមានតួនាទីក្នុងរាជរដ្ឋាភិបាលមួយចំនួន ស្ថិតនៅក្នុងភូមិសាស្ត្រនៃរាជធានី-ខេត្ត ចំនួន០៤រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។
បទបញ្ជាសម្តេច បានសង្កត់ធ្ងន់ទៀតថា ដើម្បីធានាឱ្យការសាងសង់គម្រោងខ្សែបញ្ជូន ២៣០គីឡូវ៉ុល និង ៥០០គីឡូវ៉ុល បញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការតាមផែនការ រាជរដ្ឋាភិបាលសូមដាក់ចេញនូវបទបញ្ជា ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ទាំង០៤ ដូចខាងក្រោម៖
១៖ អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ត្រូវធ្វើជាប្រធានដឹកនាំការងារដោះ
ស្រាយផលប៉ះពាល់ដោយផ្ទាល់តែម្តង។
២៖ ក្រុមការងារពិសេសថ្មីខាងលើនេះ ត្រូវបញ្ចប់ការដោះស្រាយផលប៉ះពាល់ និងប្រគល់ដី មកឲ្យក្រុមហ៊ុន
សាងសង់ខ្សែបញ្ជូន ២៣០ គីឡូវ៉ុល និង ៥០០ គីឡូវ៉ុល ភ្នំពេញ-ខេត្តព្រះសីហនុ ក្នុងរយៈពេលប្រាំខែ
យ៉ាងយូរចាប់ពីពេលនេះទៅ។
៣៖ ក្នុងករណីចាំបាច់ អភិបាលរាជធានី-ខេត្ត ត្រូវប្រើវិធានការរដ្ឋបាល ស្របតាមច្បាប់ស្តីពីអស្សាមិករណ៍
ជាធរមាន ក្នុងករណីសំណងសមស្របមិនត្រូវបានទទួលយកដោយម្ចាស់ដី ដើម្បីធានាថា គម្រោងដែល
ជាប្រយោជន៍ជាតិនេះ ត្រូវបានអូសបន្លាយជាបន្ត។
៤៖ អភិបាលរាជធានី-ខេត្តទាំង៤ ខាងលើ ត្រូវធ្វើរបាយការណ៍រៀងរាល់ខែ អំពីវឌ្ឍនភាពនៃការដោះស្រាយ
ផលប៉ះពាល់ខាងលើ មករាជរដ្ឋាភិបាល៕
ខាងក្រោមនេះជាបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា៖