(ភ្នំពេញ)៖ មជ្ឈមណ្ឌលរូបថតកម្ពុជា (Cambodia Photo Center) ដែលមានជាលើកដំបូងនៅកម្ពុជាតម្លៃជាង ២៣ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរជាផ្លូវការ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ តំណាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន។
មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងដោយលោក ឆាយ សុផល អតីតអ្នកសារព័ត៌មាន និងជាសាស្ត្រចារ្យបង្រៀនផ្នែកសារព័ត៌មាន ដែលមានទីតាំងស្ថិតក្នុងបុរីមហាសែនសុខ អាគារលេខ២០G ផ្លូវមហាG ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខាងជើងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំងាយប្រមាណ ២,០០០ម៉ែត្រ។
ក្នុងឱកាសនោះ លោក ឆាយ សុផល បានថ្លែងថា មជ្ឈមណ្ឌលរូបថតកម្ពុជា គឺជាកន្លែងដំបូងគេនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានដាក់តាំងរូបភាព និងរូបវីដេអូឃ្លីបចាស់ថ្មី ស្ដីពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជាដោយសង្ខេប ដែលកើតមានចាប់តាំងពីមុនឆ្នាំ១៩៧០ រហូតមកដល់បច្ចុប្បន្ន។ មជ្ឈមណ្ឌលរូបថតនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដាក់តាំងរូបភាព និងរូបវីដេអូឃ្លីបចាស់ថ្មី ស្តីពីប្រវត្តសាស្រ្តកម្ពុជាមួយចំនួន ដើម្បីជាពុទ្ធិជំនួយស្មារតីសម្រាប់សាធារណជន ពិសេសយុវជនកម្ពុជាថ្មីបានដឹងខ្លះៗ ពីប្រវត្តិសាស្រ្តប្រទេសរបស់ខ្លួនកន្លងមក ចាប់តាំងពីប្រទេសសុខសាន្ត ហើយធ្លាក់ចូលក្នុងភ្លើងសង្គ្រាមបង្ហូរឈាមគ្នា រហូតដល់ប្រទេសទទួលបានសុខសន្តិភាពពេញលេញមកវិញ។
លោកបន្តថា មជ្ឈមណ្ឌលរូបថតប្រវត្តិសាស្ត្រនេះ ត្រូវបានសាងសង់ដោយប្រើថវិកាជាង ២៣ម៉ឺនដុល្លារអាមេរិក ហើយបន្ទាប់ពីថ្ងៃសម្ភោធទៅ សាធារណជនជាតិ និងអន្តរជាតិអាចចូលទស្សនាដោយឥតគិតថ្លៃ។
លោក ឆាយ សុផល បានបន្ថែមថា មជ្ឈមណ្ឌលរូបថតកម្ពុជា ក៏មានដាក់តាំងឧបករណ៍ព័ត៌មាន និងសម្ភារចាស់ៗមួយចំនួនផងដែរ។ អ្នកទស្សនាចំណាយពេលប្រមាណ ១ម៉ោង ឬក៏ប្រហាក់ប្រហែលនេះ នៅឯមជ្ឈមណ្ឌលរូបថតកម្ពុជានោះ អាចដឹងពីប្រវត្តិជាក់លាក់ខ្លះៗរបស់កម្ពុជា ចាប់តាំងពីមុនឆ្នាំ១៩៧០ រហូតមកដល់បច្ចុប្បន្នតាមរយៈរូបភាព និងរូបវីដេអូឃ្លីប។
លោក ជា ច័ន្ទបរិបូរណ៍ បានថ្លែងថា មជ្ឈមណ្ឌលនេះ គឺជាទីកន្លែងដ៏មានសារសំខាន់មួយ សម្រាប់ឱ្យសិស្សនិស្សិត មកសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជា។ លោកថា លោកចាប់ចិត្តយ៉ាងខ្លាំងចំពោះរូបថតនីមួយៗ ដែលរៀបរាប់អំពីទិដ្ឋភាពពិតៗ ហើយសិស្សនិស្សិតនឹងមានចំណេះដឹងខ្ពស់ បន្ទាប់ពីបានចូលមកស្រាវជ្រាវនៅមជ្ឈមណ្ឌលមួយនេះ។
មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានកោតសរសើរចំពោះការខិតខំរបស់លោក ឆាយ សុផល ដែលបានចងក្រងរូបថតប្រវត្តិសាស្ត្រពិតៗ ក៏ដូចជាទិដ្ឋភាពថ្មីៗ ជុំវិញប្រវត្តិសាស្ត្រនៃប្រទេសដ៏កម្សត់មួយនេះ ទម្រាំមានការីកចម្រើន ដើម្បីទុកឱ្យកូនខ្មែរជំនាន់ក្រោយស្រាវជ្រាវបន្ថែម។ លោកក៏បានផ្តាំផ្ញើដល់យុវជន ត្រូវចំណាយពេលវេលាសិក្សារៀនសូត្រ ប្រសើរជាយកពេលវេលាទៅចំណាយចោល ព្រោះមានតែចំណេះដឹងទេ ទើបធ្វើឱ្យយុវជនក្លាយជាសរសរទ្រូងប្រទេសជាតិ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលក៏ត្រូវការអ្នកស្ម័គ្រចិត្ត ១០នាក់ ពិសេសនិស្សិតដែលស្រឡាញ់ការងារប្រវត្តិសាស្រ្ត នយោបាយ ព័ត៌មាន និងការផ្សព្វផ្សាយបែបវិជ្ជាជីវៈ មកធ្វើជាមគ្គទេសក៍ ដើម្បីពិពណ៌នាដល់អ្នកទស្សនាមជ្ឈមណ្ឌលរូបថតកម្ពុជា។ វគ្គបង្ហាត់បង្ហាញខ្លី ត្រូវបានធ្វើឡើងមុនក្លាយជាមគ្គទេសក៍៕