(ភ្នំពេញ)៖ ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យមានអានុភាព៦០មេហ្កាវ៉ាត់ នៅត្មាតពង ខេត្តកំពង់ស្ពឺ ចាប់ផ្តើមបញ្ចេញថាមពលអគ្គិសនីមុនផែនការចំនួន ២០មេហ្កាវ៉ាត់ ដើម្បីជួយបំពេញដល់ការខ្វះអគ្គិសនី ប្រើប្រាស់នៅចុងរដូវប្រាំងឆ្នាំ២០១៩នេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា។

ការអះអាងរួមយ៉ាងដូចនេះ ដោយយោងតាមការសន្និដ្ឋានរបស់គណៈប្រតិភូក្រសួងរ៉ែ និងថាមពល និងគណៈប្រតិភូអគ្គិសនីកម្ពុជា ដែលបានចុះទៅពិនិត្យការភ្ជាប់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ មានទីតាំងនៅត្មាតពង ខេត្តកំពង់ស្ពឺ អនុភាពទំហំ ៦០មេហ្កាវ៉ាត់ថ្ងៃម្សិលមិញ។

ប្រតិភូបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើតេស្តសាកល្បងបញ្ជូនអគ្គិសនី ចូលប្រព័ន្ធបណ្តាញជាតិ បានដោយសុវត្ថិភាព និងជោគជ័យថ្ងៃមិញនេះ អ្នកបច្ចេកទេសបានដាក់បញ្ចូលអគ្គិសនី ចូលប្រព័ន្ធបណ្តាញជាតិ បានចំនួនជិតពេញ២០មេហ្កាវ៉ាត់ទាំងស្រុងតែម្តង នៅដំណាក់កាលទី១ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ។ ការមិនបានពេញអនុភាពគ្រោង ដោយសារមានភ្លៀងនៅតំបន់ត្មាតពងថ្ងៃនេះ។

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថា ស្ថានីយផលិតថាមពលអគ្គិសនី ដោយពន្លឺព្រះអាត្យដែលជាប្រភពអគ្គិសនីស្អាត មានទីតាំងនៅតំបន់ត្មាតពង (ខេត្តកំពង់ស្ពឺ) ក្បែររាជធានីភ្នំពេញ បញ្ចេញថាមពល២០មេហ្កាវ៉ាត់ដែលជាជំហានដំបូង ហើយនៅជំហានបន្ទាប់ឧទ្យានថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យទី២នេះ នឹងបញ្ចេញថាមពលពេញលេញចំនួន ២០មេហ្កាវ៉ាត់ នៅខែមិថុនា និង២០មេហ្កាវ៉ាត់ចុងក្រោយ នៅខែសីហា ឆ្នាំ២០១៩។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការពង្រាយស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យថាមពល ២០០មេហ្គាវ៉ាត់ថែមទៀតនៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ខណៈឧទ្យានថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទី១ របស់កម្ពុជា អនុភាព១០មេហ្កាវ៉ាត់ ត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០១៧ នៅក្រុងបាវិត ខេត្តស្វាយរៀង៕