(កណ្តាល)៖ លោក អ៊ូ ម៉ានរិន ប្រធានកាំកុងត្រូលសាខាកណ្តាល រួមទាំងមន្ត្រីក្រោមឱវាទ បានសហការជាមួយមន្ត្រីពាណិជ្ជកម្មនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ក្នុង ផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល តែលទ្ធផលពុំបានរកឃើញសារធាតុគីមីហាមឃាត់ នៅក្នុងគំរូផលិតផលទាំងនោះឡើយ។
លោក អ៊ូ ម៉ានរិន ប្រធានកាំកុងត្រូលសាខាកណ្តាល បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យសុវត្ថិភាព ផលិតផលម្ហូបអាហារ រួមមានគ្រឿងកំប៉ុង គ្រឿងសមុទ្រ ជ្រក់ បន្លែ សណ្តែកបណ្តុះ ប្រហិតសាច់គោ ត្រីងៀត សាច់ក្រក គុយទាវ បាញ់កាញ់ ស្ករត្នោត និងគ្រឿងឧបភោគ បរិភោគ ដែលដាក់តាំងលក់នៅក្នុងផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅផ្សារគគីរ ដើម្បីឱ្យពួកគាត់បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែម សារធាតុគីមីក្នុងម្ហូបអាហារ។
លោក អ៊ូ ម៉ានរិន ក៏បានណែនាំដល់អាជីវករលក់ដូរទាំងអស់អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឱ្យបានត្រឹមត្រូវស្រប ទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់ តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករនៅក្នុងផ្សារទាំងពីរ ឱ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទ ប្រើប្រាស់នេះផងដែរ៕