(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំសង្ក្រាន្តត្បូងឃ្មុំ ខណៈឆ្នាំ២០១៩នេះ គឺជាឆ្នាំដំបូងដែលខេត្តត្បូងឃ្មុំ រៀបចំឱ្យមានសង្ក្រាន្ត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឱ្យប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្ត និងលំហែកាយ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ ដែលជាសមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការដែលជាក្រុមការងារសង្ក្រាន្តខេត្តត្បូងឃ្មុំ ជាច្រើននាក់ទៀត។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងថា ឆ្នាំនេះខេត្តត្បូងឃ្មុំ បានត្រៀមរៀបចំកន្លែងលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដល់ទៅ២កន្លែង ទី១ គឺនៅរមណីយដ្ឋានហ្លួងព្រះស្តេចកន ជាទីអារាមប្រវត្តិសាស្ត្រ ក្នុងស្រុកពញាក្រែក ដោយរៀបចំនូវកម្មវិធីកំសាន្តជាង១៥ប្រភេទ មានរយ:ពេល៣ថ្ងៃ គឺថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ និងទីតាំងទី២រៀបចំ នៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ មានរៀបចំរង់ចាំទទួល ទេវតាឆ្នាំថ្មី លេងល្បែងប្រជាប្រិយខ្មែរ ការរាំរបាំជូនពរ របាំទ្រុឌ បាញ់កាំជ្រួច ជួបជុំពិសារអាហារសាមគ្គី ជាមួយមន្ត្រីរាជការជុំវិញខេត្ត អាជីវករ ប្រជាពលរដ្ឋ និងមានការប្រគំតន្ត្រីដ៏ធំនាពេលរាត្រី។
អភិបាលខេត្ត បានបន្តថា ឆ្នាំនេះជាឆ្នាំដំបូង ដែលរដ្ឋបាលខេត្តប្រារព្ធពីធីអបអរឆ្នាំថ្មី នាឆ្នាំបន្ទាប់លោកនឹងរៀបចំព្រឹត្តិការណ៍ឱ្យកាន់តែធំ មានតាំងពិពរណ៍ និងការកម្សាន្តឱ្យកាន់តែច្រើន។ លោកក៏បានជំរុញដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវថែរក្សាសណ្តាប់ធ្នាប់ សន្តិសុខជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឱ្យមានសណ្តាប់ធ្នាប់សុខសុវត្ថិភាពល្អ នឹងហាមលេងគប់ទឹកដាក់គ្នាជា ដែលបណ្តាលឱ្យគ្រោះថ្នាក់ជាយថាហេតុ។
លោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមព្រឹត្តិការណ៍សង្ក្រានត្បូងឃ្មុំ ឱ្យបានច្រើនកុះករផងដែរ៕