(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា កងយោធពលខេមរភូមិន្ទ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើនគុណភាពហ្វឹកហ្វឺន និងបណ្តុះបណ្តាលយោធិនអាជីព ក្នុងគោលដៅកសាងជួរកងកម្លាំងប្រដាប់អាវុធវ័យក្មេង សម្រាប់បន្តវេននាពេលអនាគត ដែលជាកត្តាគន្លឹះដ៏សំខាន់មួយ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារធានាជោគជ័យ និងនិរន្តរភាពក្នុងការកែទម្រង់លើគ្រប់វិស័យនៅកម្ពុជា។
ការលើកឡើងបែបនេះរបស់លោកឧត្តមសេនីយ៍ឯក បានធ្វើឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី២៦ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆ្លាមសមុទ្រ ជំនាន់ទី៧ កងពលតូចទ័ពពិសេសឆត្រយោង ៩១១។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី២៦ ក៏ដូចជាវគ្គហ្វឹកហ្វឺនជំនាញឆ្លាមសមុទ្រជំនាន់ទី៧ ដែលយើងកំពុងធ្វើពិធីបិទ និងបើកនាពេលនេះ គឺជាផ្នែកមួយនៃផែនការស្តីពីការងារហ្វឹកហ្វឺនកងទ័ពជើងគោក ឆ្នាំ២០១៩ ដោយក្នុងនោះ ការងារហ្វឹកហ្វឺនត្រូវបានចាត់ទុកជាការងារអាទិភាព ចាំបាច់ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែក អនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។
លោកបានបន្តថា វគ្គហ្វឹកហ្វឺនទាំងពីរនេះ ពិតជាបានឆ្លើយតប តាមសេចក្តីត្រូវការក្នុងពង្រឹង និងពង្រីកសមត្ថភាពជំនាញ ដើម្បីធានាបានការបំពេញតួនាទី និងភារកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានដាច់ខាតស័ក្តិសមនឹងទំនុកចិត្តដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមាន ចំពោះកងយោធពលខេមរភូមិន្ទ។
មេទ័ពជើងគោកកម្ពុជា បានបន្តថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ នូវផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
ជាពិសេស កងពលបានយកចិត្តទុកដាក់គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយធានាបានទាំងស្រុងនូវការអនុវត្តភារកិច្ចស្នូលជាកម្លាំងអន្តរាគមន៍ ត្រៀមប្រយុទ្ធគ្រប់ពេលវេលា និងការពារទប់ស្កាត់រាល់អំពើអសន្តិសុខ និងអំពើភេរវកម្ម ដែលបង្កការគំរាមកំហែង និងអស្ថិរភាពក្នុងសង្គម ក៏ដូចជាការបំពេញតួនាទីជាមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញទ័ពពិសេស កសាងប្រភពធនធានមនុស្សប្រកបដោយសមត្ថភាព បម្រើឱ្យស្ថាប័ន-កងអង្គភាពផ្សេងៗទៀត នៃកងយោធពលខេមរភូមិន្ទ។ ក្រៅពីនេះកងពលក៏បានយកចិត្តទុកដាក់ប្រុងប្រៀបកម្លាំង និងមធ្យោបាយសម្ភារៈ ដើម្បីសហការណ៍ជួយសង្គ្រោះប្រជាជននៅពេលមានគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផងដែរ។
លោកឧត្តមសេនីយ៍ឯឝ ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា យ៉ាងណាក៏ដោយ សូមសំណូមពរ និងលើកទឹកចិត្ត ឱ្យមានការខិតខំប្រឹងប្រែង បន្ថែមទៀត ដើម្បីជំរុញប្រសិទ្ធភាពការងារ ឱ្យបានកាន់តែប្រសើរទៅមុខ ជាពិសេសចំពោះការងារហ្វឹកហ្វឺនផ្ទាល់ មេបញ្ជាការគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពការងារហ្វឹកហ្វឺន ដែលជាការងារស្នូល ដែលត្រូវធ្វើជាប្រចាំ ដើម្បីលើកម្ពស់ សមត្ថភាពប្រយុទ្ធត្រៀមប្រយុទ្ធ ដល់យោធិនក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រង ចំនួនទ័ពពេលហ្វឹកហ្វឺន ធានាសន្តិសុខ សុវត្ថិភាព ទាំងមនុស្ស និងសម្ភារៈគ្រឿងបំពាក់ ឱ្យបានល្អប្រសើរសំដៅលើកកម្ពស់ការកសាងធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត៕