(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ បានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពរបស់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ដោយលោកលើកឡើងថា Facebook អាចបង្កបញ្ហាដល់ខ្លួនឯង ប្រសិនបើបង្ហោះសារធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ។

ការបញ្ជាក់របស់លោក ជា ច័ន្ទបរិបូរណ៍ បានធ្វើឡើងស្របពេលដែលប្រជាពលរដ្ឋកម្ពុជា បានយកបណ្តាញសង្គម Facebook ទៅប្រើប្រាស់យ៉ាងអនាធិបតេយ្យ។ ជាក់ស្តែង មានអ្នកប្រើប្រាស់ខ្លះ បានយកបណ្តាញសង្គមមួយនេះ ថ្លែងសារដែលធ្វើឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ រហូតដល់ជាប់ទោសទណ្ឌថែមទៀត។

លោក ជា ច័ន្ទបរិបូរណ៍ តំណាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលរូបថតកម្ពុជា (Cambodia Photo Center) បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការប្រើ Facebook អត់មានបញ្ហាអីទេ តែបើយើងផុសរឿងមិនត្រឹមត្រូវ គេប្តឹងយើង។ ការប្រើប្រាស់ Facebook គឺជារឿងមួយល្អប្រសើរ ប្រសិនបើយើងប្រើត្រូវ តែប្រសិនបើយើងប្រើមិនត្រូវគឺមានបញ្ហា។ ប្រសិនបើយើងសរសេររឿងវាធ្ងន់ បានន័យថា យើងទទួលកំហុសវាធ្ងន់ដែរ»

ពេលនិយាយពីសកម្មភាពប្រើប្រាស់ Facebook របស់មនុស្សសព្វថ្ងៃ លោក ជា ច័ន្ទបរិបូរណ៌ ក៏បានលើកឡើងពីសុភាសិតបុរាណខ្មែរថា សម្តីសរជាតិ មាយាទសរពូជ ដែលមានន័យថា ការនិយាយស្តីរបស់មនុស្សម្នាក់ គឺបានបង្ហាញពីអត្តចរិតខាងក្នុង និងឥរិយាបទពូជអម្បូររបស់បុគ្គលនោះ។ លោកបន្តថា បើមើលមកសង្គមជាក់ស្តែងវិញ សំណេរដែលបង្ហាញនៅក្នុង Facebook ក៏បង្ហាញពីអត្តចរិតរបស់អ្នកប្រើប្រាស់នោះដូចគ្នាដែរ។

លោក ជា ច័ន្ទបរិបូរណ៌ បានបន្ថែមថា «បើយើងសរសេរទៅមិនសូវធ្ងន់ធ្ងរ កំហុសវាមិនសូវធ្ងន់ធ្ងរ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់មួយយ៉ាងច្បាស់ ពីអតីតកាលខ្មែរយើងនិយាយថា សម្តីសរជាតិ មាយាទសរពូជ។ ការនិយាយចេញទៅ គេអាចដឹងពីពូជអម្បូររបស់យើង ក៏ប៉ុន្តែឥឡូវនេះនៅក្នុងបណ្តាញសង្គម Facebook នៅពេលដែលគេឃើញគណនីរបស់យើងគេអាចយល់ គេអាចដៀលមកពូជអម្បូរយើងដូចគ្នា»។

ទន្ទឹមនឹងការសម្តែងកង្វល់ចំពោះសកម្មភាពប្រើប្រាស់ Facebook របស់ប្រជាពលរដ្ឋកម្ពុជា មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ក៏បានផ្តាំផ្ញើដល់យុវជន ត្រូវចំណាយពេលវេលាសិក្សារៀនសូត្រ ប្រសើរជាយកពេលវេលាទៅចំណាយចោលឥតប្រយោជន៍ផងដែរ។ លោកថា មានតែចំណេះដឹងទេ ទើបធ្វើឱ្យយុវជនក្លាយជាសរសរទ្រូង របស់ប្រទេសជាតិបាន។

គួរបញ្ជាក់ថា កន្លងមកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់បានលើកឡើងថា «នៅលើសកលលោក ការផ្សាយព័ត៌មានតាម Facebook មិនមែនជាការទទួលខុសត្រូវទេ ប៉ុន្តែការទទួលខុសត្រូវមានមួយ គឺនៅពេលយើងផ្សាយប៉ះពាល់កិត្តិយសអ្នកដទៃ»