(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ឋនិងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ អាស៊ានលើទី២៣, កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគាកណ្តាល អាស៊ានលើកទ៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងឈៀងរ៉ៃ ប្រទេសថៃ ក្រោមប្រធានបទ «ជំរុញភាពជាដៃគូ ដើម្បីនិរន្តរភាពអាស៊ាន» ដោយមានការចូលរួមពីបណ្តា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងតំបន់ ដៃគូអភិវឌ្ឍន៍ ព្រមទាំងវិស័យឯកជន។
គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រថៃ គឺជាប្រធានប្តូរវេន របស់អាស៊ានសម្រាប់ឆ្នាំ២០១៩នេះ។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើទី២៣នេះ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន គ្រោងនឹងពិនិត្យ និងពិភាក្សាលើសមិទ្ធផលនានា ក្រោមកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងតំបន់អាស៊ានរួមមាន៖ មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន, កិច្ចសហប្រតិបត្តិការធានារ៉ាប់រង, ការអភិវឌ្ឍទីផ្សារមូលបត្រ និងកិច្ចសហប្រតិបត្តិការគយ និងពន្ថដារជាដើម។ ដោយឡែកសម្រាប់កិច្ចប្រជុំរួម រវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារ កណ្តាលអាស៊ានលើកទី៥ អង្គប្រជុំគ្រោងនឹងពិនិត្យ លើវឌ្ឍនភាព នៃកិច្ចការពាក់ព័ន្ធ នឹងសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុអាស៊ាន ក៏ដូចជាគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនទៀត។
របៀបវារ នៃកិច្ចប្រជុំទាំងពីរនេះ ឆ្លុះបញ្ចាំងនូវអាទិភាព ដែលបានដាក់ចេញប្រទេសថៃ ដែលជាប្រធានអាស៊ានឆ្នាំ២០១៩ រួមមាន៖ ១៖ ជំរុញការតភ្ជាប់ តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងហិរញ្ញប្បទាន និងការតភ្ជាប់ប្រព័ន្ធទូទាត់, ២៖ ពង្រឹងភាពធន់ តាមរយៈឌីជីថលអាស៊ាន ក្នុងការទប់ទល់នឹងការរំខានជាយថាហេតុ និង៣៖ ធានានិរន្តភាព តាមរយៈប្រែក្លាយឱ្យទៅជាតំបន់ មានហិរញ្ញប្បទានប្រកបដោយនិរន្តភាព និងបរិយ្នាប័ន ស្របតាមផែនការមេ សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥។
បន្ថែមពីនេះ កិច្ចប្រជុំរួមនេះ ក៏នឹងផ្តល់ឱកាសដល់ រដ្ឋមន្រី្តហិរញ្ញវត្ថុ និងទេសាភិបាលធនាគារអាស៊ាន ផ្លាស់ប្តូរទស្សនៈ និងយោបល់លើវឌ្ឍនភាពសេដ្ឋកិច្ច តំបន់ និងពិភពលោក ក៏ដូចជាបញ្ហា ប្រឈមនានា ផ្នែកគោលនយោបាយ សំដៅធានាបាននូវក្របខ័ណ្ឌសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុតំបន់រឹងមាំ និងធន់នឹងវិបត្តិ ។
ក្នុងរយៈពេល២ថ្ងៃនេះ លោក វង្សី វិស្សុត ក៏គ្រោងចូលរួមកិច្ចប្រជុំចង្អៀត រវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន ដើម្បីពិភាក្សា លើបរិយាកាសហិរញ្ញវត្ថុសកល ក្នុងបរិបទ នៃការឆ្ពោះរកសេដ្ឋកិច្ចឌីជីថល ។ ក្រៅពីនេះ លោកក៏គ្រោងនឹងចូលរួមកិច្ចប្រជុំទ្វេភាគី និងរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន ជាមួយវិស័យឯកជន ដើម្បីពិភាក្សា លើចំណុចសំខាន់ៗមួយចំនួនដូចជា ការពង្រឹងភាពប្រកួតប្រជែងរបស់អាស៊ាន, ការអភិវឌ្ឍនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ, សុវត្ថិភាពតាមប្រព័ន្ធអ៊ីនធើណែត និងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ជាដើម ។ ចំណុចសំខាន់ៗ នៃកិច្ចពិភាក្សាទាំងនេះ គឺសមស្របនឹងសភាពការណ៍អភិវឌ្ឍរបស់កម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងថ្មីៗរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវយុទ្ធសាស្រ្ត គោលនយោបាយ និងវិធានការជាក់ស្តែងនានា សំដៅបន្តរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយ្នាប័ន តាមរយៈការលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពរបស់កម្ពុជា។
លោក វង្សី វិស្សុត ក៏មានជំនួបពិភាក្សាការងារដាច់ដោយឡែក ជាមួយនឹងក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អាមេរិក (US-ABC), ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) និងធនាគារវិនិយោគអឺរ៉ុប (EIB) ផងដែរ ៕