(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក សេក ភូមី បានក្រើនរម្លឹកដល់នគរបាលទាំងអស់ ត្រូវការពារឱ្យបានដាចខាតចំពោះ អង្គព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ហើយទប់ស្កាត់ឱ្យបានរាល់ការប៉ុនប៉ងណាមួយ ដែលធ្វើឱ្យប្រទេសអសណ្តាប់ធ្នាប់សង្គម។
ថ្លែងនៅក្នុងកម្មវិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ លើកទិសដៅឆ្នាំ២០១៩ របស់ផែនគ្រប់គ្រងអាវុធជាតិផ្ទុះ បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ និងការពារបេតិកភណ្ឌ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ឯក សេក ភូមី បានលើកឡើងថា «ក្នុងនាមយើងជាសមត្ថកិច្ច ត្រូវការពារឱ្យបានដាច់ខាតនូវជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវតែទប់ស្កាត់ និងបង្រ្កាបឱ្យបាននូវបុគ្គលណា ដែលចង់បំផ្លិតបំផ្លាញប្រទេសជាតិ ដែលកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ»។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានសង្កត់ធ្ងន់ថា ក្នុងនាមជានគរបាលជាតិកម្ពុជា ត្រូវតែស្មោះត្រង់ និងមានវិជ្ជាជីវៈគ្រាប់គ្រាន់ ហើយត្រូវថែរក្សាឱ្យបាននៅសុខសន្តិភាពរបស់ប្រទេសជាតិ។ លើសពីនេះ ត្រូវការ ពារសន្តិសុខជូនប្រជាពលរដ្ឋ គ្រប់ពេលវេលា និងត្រូវទប់ស្កាត់ ឱ្យបានចំពោះបុគ្គលណា ដែលញុះញង់ឱ្យមានចលាចលក្នុងសង្គមនោះ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក សេក ភូមី ក៏បានជំរុញដល់នគរបាលទាំងអស់ ត្រូវបង្កើនជំនាញរបស់ខ្លួនបន្ថែមទៀត ទៅតាមនាយកដ្ឋានរៀងៗខ្លួន ហើយត្រូវចេះ ថែរក្សានូវសម្ភារដែលបានប្រគល់ជូនស្របទៅតាមក្របខណ្ឌ នៃមុខងារបស់ខ្លួនផងដែរ៕