(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាឆ្នាំ២០១៨ និងលើកទិសដៅបន្ដ របស់អគ្គនាយកដ្ឋានភ័ស្ដុភារ និងហរិញ្ញវត្ថុនៃក្រសួងមហាផ្ទៃ។
ពិធីនេះ បានធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ ក្នុងការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនៃជួរអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ស្នងការរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហរិញ្ញវត្ថុ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋាន បានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មផ្អែក លើតួនាទីភារកិច្ច ដែលជាសេនាធិការឲ្យក្រសួងមហាផ្ទៃ ក្នុងការអនុវត្តការងារគ្រប់គ្រងថវិកាចំណូល-ចំណាយ និងបានផ្គត់ផ្គង់ឧបករណ៍សម្ភារបច្ចេកទេស ឱសថបរិក្ខារវេជ្ជសាស្ត្រ ឯកសណ្ឋាន មធ្យោបាយចូលរួមការផ្សព្វផ្សាយអប់រំ ការជួសជុលសាងសង់ជំរំជម្រកជូនកងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល មន្ត្រី ពន្ធនាគារក្នុងកិច្ចការគ្រប់គ្រង រដ្ឋបាលដែនដី ដើម្បីលើកកម្ពស់បម្រើសេវាសាធារណៈ និងអនុវត្តកិច្ចការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម៕