(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានដាក់របាយការណ៍លើកទី៥ នៃការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជូនគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិរួចហើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះផ្សាយនៅថ្ងៃទី០៤ ខែមេសានេះ។
សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បានក្លាយជារដ្ឋភាគី នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៩២ និងបានដាក់របាយការណ៍លើកដំបូង ជូនគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៩៨។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្ដថា របាយការណ៍ផ្គូបលើកទី២ ទី៣ និងទី៤ បានដាក់នៅក្នុងខែកញ្ញា ឆ្នាំ២០១២ និងត្រូវបានគណៈកម្មាធិការ ធ្វើការពិនិត្យក្នុងសម័យប្រជុំលើកទី៣១៥៧ (CCPRC/SR.3157) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ នៅក្នុងការពិនិត្យនោះ គណៈកម្មាធិការបានអនុម័តសេចក្តីអង្កេតសន្និដ្ឋាន ដែលមានអនុសាសន៍ចំនួន៣១ចំណុច ស្នើឲ្យកម្ពុជាយកមកអនុវត្តបន្ត។
បន្ទាប់ពីទទួលបានអនុសាសន៍ទាំង៣១នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំកិច្ចប្រជុំ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់ ដើម្បីបែងចែកអនុសាសន៍ទាំងនោះ ដល់ក្រសួងស្ថាប័ន ទទួលបន្ទុកយកទៅអនុវត្ត និងបញ្ជូនរបាយការណ៍ ស្តីពីសមិទ្ធផលសម្រេចបានមកកាន់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាវិញ។ ជាលទ្ធផល គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រមូល និងចងក្រងរបាយការណ៍ ឆ្លើយតបស្តីពី វឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ខាងលើ របស់ក្រសួងស្ថាប័នពាក់ព័ន្ធនីមួយៗ ទៅជាពង្រាងរបាយការណ៍លើកទី៥។
បន្ទាប់មក បានរៀបចំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងកែតម្រូវលើពង្រឹង របាយការណ៍នេះ រួចដាក់ធ្វើការពិភាក្សាជាមួយអង្គការសង្គមស៊ីវិល មុននឹងដាក់ជូនកិច្ចប្រជុំអន្តរក្រសួងកម្រិតនយោបាយពិនិត្យ និងសម្រេច។ ជាក់ស្តែង របាយការណ៍លើកទី៥នេះ ត្រូវបានពិនិត្យ និងសម្រេច ដោយកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា ខ្លឹមសារសំខាន់ៗ ដែលបាន ដាក់បញ្ចូលទៅក្នុងរបាយការណ៍ខាងលើ ជាការបូកសរុប និងសង្ខេបទាក់ទងទៅនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព តួលេខផ្សេងៗ បញ្ហាប្រឈម យុទ្ធសាស្ត្រ -ល- ជាលទ្ធផលនៃការអនុវត្តអនុសាសន៍របស់ក្រសួងស្ថាប័នពាក់ព័ន្ធ។
បន្ទាប់ពីការបញ្ជូនរបាយការណ៍ខាងលើរួចរាល់ហើយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននិងកំពុងត្រៀមលក្ខណៈ ដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីទៅការពាររបាយការណ៍នេះ នៅចំពោះមុខ គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅពេលដែលទទួលបានការជូនដំណឹង ពីគណៈកម្មាធិការនេះ អំពីកាលបរិច្ឆេទ នៃសម័យប្រជុំធ្វើការពិនិត្យលើរបាយការណ៍លើកទី៥ របស់កម្ពុជា។
ក្រៅពីរបាយការណ៍ស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានភារកិច្ច ក្នុងការធ្វើរបាយការណ៍សិទ្ធិមនុស្សចំនួនបួនផ្សេងទៀត សម្រាប់ដាក់ជូនអង្គការសហប្រជាជាតិ រួមមាន៖
* ១៖ របាយការណ៍ពិនិត្យជាសាកលតាមកាលកំណត់ (UPR)
* ២៖ របាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
* ៣៖ របាយការណ៍ ស្តីពី ការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍
* ៤៖ របាយការណ៍ ស្តីពី ការការពារជនគ្រប់រូប ពីការបាត់ខ្លួនដោយបង្ខំ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖