(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការលើកលែង និងបន្ធូបន្ថយទោសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ បានដឹកនាំស្ថាប័នពាក់ព័ន្ធ បើកកិច្ចប្រជុំដើម្បីពិនិត្យលើសំណើសុំលើកលែងទោសដល់ទណ្ឌិត សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៩នេះ មុននឹងដាក់ថ្វាយព្រះមហាក្សត្រចុះហត្ថលេខា។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យទៅលើលក្ខណៈសម្បត្តិទណ្ឌិតចំនួន៤៦០នាក់ (នារី ៤៩រូប) ដែលស្នើដោយ ពន្ធនាគាររាជធានី-ខេត្ត ចំនួន១៨ និងមណ្ឌលអប់រំ កែប្រែចំនួន០៤ នៅទូទាំងប្រទេស ហើយបន្ទាប់ពីកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី នឹងសម្រេចជ្រើសរើសទណ្ឌិតមួយចំនួនក្នុងចំណោមនោះ ស្នើថ្វាយព្រះមហាក្សត្រ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា ក៏មានការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ៣ដងក្នុង១ឆ្នាំៗ ដែលរួមមានបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បុណ្យពិសាខបូជា និងបុណ្យចូលឆ្នាំដើម។ ទោះជាយ៉ាងណា ពន្ធនាគារកម្ពុជាពេលនេះ កំពុងតែប្រឈមនឹងការតឹងណែនចង្អៀត ដោយសារតែមានអ្នកទោសកើនឡើងកាន់តែច្រើន។
កាលពីដើមខែមីនា ឆ្នាំ២០១៩កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ពិនិត្យលើការលើកលែងទោស ធ្វើយ៉ាងណាសម្រួលដល់ស្រ្តីមួយចំនួន ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារ៕