(ភ្នំពេញ)៖ ថ្នាកដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ បានណែនាំប្រាប់ប្រជាពលរដ្ឋទូទៅ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ លើបញ្ហាសុខភាព ក្នុងពេលកម្ពុជា រងនូវអាកាសធាតុក្តៅខ្លាំង ដែលអាចកើតឡើងនៅអំឡុងខែមេសា និងខែឧសភានេះ។
ថ្នាកដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ដែលដឹកនាំដោយ លោកស្រី ទាវ ធីតា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និងក្រុមការងារជាច្រើនរូបទៀត នៅក្នុងឱកាស ដែលលោកស្រី បានចុះផ្តល់អំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ប្រេងឆា និងថវិកាមួយចំនួនទៀត ដែលស្ថិតនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ។
ក្នុងឱកាសនោះលោកស្រី ទាវ ធីតា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបញ្ហាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពិសេសសុខភាពកុមារ និងជនចាស់ជរា ។ លោកស្រី បានបន្ថែម បងប្អូនប្រជាពលរដ្ឋ ត្រូវចេះបង្ការជំងឺដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង ដូចជាជំងឺបេះដូង និងសួត រួមទាំងជំងឺឆ្លងផ្សេងៗទៀត ដូចជាជំងឺរាករូស ជំងឺកង្វះចំណីអហារ ពីព្រោះជំងឺទាំងអស់នេះ អាចកើតមានឡើងគ្រប់ពេលបើយើងធ្វេសប្រហែស មិនបានគិតគូរឲ្យបានដិតដល់។
គួររំលឹកថា ក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការបង្ការជំងឺដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង ដូចជាជំងឺបេះដូង និងសួត រួមទាំងជំងឺឆ្លងផ្សេងៗទៀត ដូចជាជំងឺរាករូស ជំងឺកង្វះចំណីអហារ បញ្ហាផ្លូវចិត្តពិសេស ជំងឺតាងតឹងអារម្មណ៍ជាដើម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបញ្ហាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពិសេសសុខភាពកុមារ និងជនចាស់ជរា។ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានបង្ហាញនូវវិធីទប់ស្កាត់ និងបង្ការជំងឺនានា ដែលកើតមានឡើងក្នុងពេលកម្ពុជា កំពុងតែមាននូវអាកាសធាតុក្តៅផងដែរ៕