(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ បានថ្លែងប្រាប់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ ថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងរក្សាសន្តិសុខល្អ នៅតាមព្រំដែន និងត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃ រវាងកងកម្លាំងទាំងអស់ ទាំងនគរបាល និងយោធា។
លោកអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយកងកម្លាំង វរៈសេនាតូចនគរបាល និងយោធាការពារព្រំដែន លេខ៦១១ ស្ថិតនៅស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ។ ក្នុងពិធីនេះ មានការចូលរួមអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ មេបញ្ជាការកងកម្លាំង ប្រដាប់អាវុធទាំងបី លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយករងទីចាត់ការ ហិរញ្ញវត្ថុសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង-ស្រុក លោក លោកស្រី ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការវរៈព្រំដែនទាំង៤ និងកងកម្លាំងវរៈព្រំដែន និងអតីតយុទ្ធជនសរុបចំនួន៥២៤នាក់។
លោក ម៉ែន វិបុល បានថ្លែងនាំនូវការផ្តាំ ផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត , សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជូនចំពោះកងកម្លាំងការពារព្រំដែន ដោយក្តីនឹករលឹកបំផុត។
លោកបន្តថា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងអ្នកនៅជួរមុខ និងអ្នកនៅជួរក្រោយ ក្នុងស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រែង របស់កងកម្លាំងដែលឈរជើងនៅជួរមុខ និងសូមសម្តែងនូវ ការកោតសរសើរចំពោះកងកម្លាំងវរៈសេនាតូចទាំង៤ ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវគ្រប់ឧបសគ្គ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងទំនាក់ទំនងល្អ ជាមួយបណ្តាសមត្ថកិច្ចនៃប្រទេសជិតខាង ធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរ ធានាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់កងកម្លាំងថា ក្នុងនាមកងកម្លាំងប្រដាប់អាវុធ ក្រៅពីបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ និងសន្តិសុខសង្គម សូមកងកម្លាំង ត្រូវចូលរួមថែរក្សាការពារនូវសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់ គោរពវិន័យ បទបញ្ជាផ្ទៃក្នុងឲ្យបានម៉ឺងម៉ាត់ ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រទេសជិតខាង ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗ ដូចជាបទល្មើសគ្រឿងញៀន និងការលួចនាំចូលជ្រូក ពីប្រទេសជិតខាងចូលមកកម្ពុជាជាដើម។
ជាចំណងដៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងចូលមកដល់នាពេលខាងមុខ លោកអភិបាលខេត្ត បាននាំមកនូវអំណោយសម្រាប់វរៈការពារព្រំដែននីមួយៗ ទទួលបានអង្ករ ទឹកក្រូច ស្រាបៀ ទឹកសុទ្ធ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ស្កសរ និងនំអន្សម ក្នុងនោះ កងកម្លាំងនគរបាល និងយោធាវរៈ ទាំង៤ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល។ សម្រាប់អតីតយុទ្ធជន៣០នាក់ ម្នាក់ៗទទួលបានឃីត១កញ្ចប់ និងថវិកា៥០,០០០រៀល៕