(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា តាមរយៈគោលដៅបម្រើផលប្រយោជន៍ពិតៗជូនអតីតយុទ្ធជន ធ្វើឲ្យជីវភាពរបស់អតីតយុទ្ធជនកម្ពុជា មានភាពល្អប្រសើរ។
លោកបន្តថា គោលដៅបម្រើផលប្រយោជន៍ពិតៗជូនអតីតយុទ្ធជន គឺកើតចេញពីការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ជាពិសេសគឺសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែទ្រទ្រង់ការជួយសព្វគ្រប់បែបយ៉ាងដល់ ការបើកផ្តល់មរណសង្គ្រោះជូនគ្រួសារសព ថវិកាបេឡាមរណៈសង្គ្រោះ និងចលនាសប្បុរសជនជួយឧបត្ថម្ភជាគ្រឿងឧបភោគជាដើម។
រដ្ឋមន្រ្តី វង សូត បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការដឹកនាំប្រារព្ធខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ - ២១ ខែមិថុនា ឆ្នាំ២០១៩ ដែលរៀបចំឡើង នៅទីស្តីការក្រសួង នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩។ គណៈកម្មការដឹកនាំប្រារព្ធខួបខាងលើនេះ ដែលមានលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន គណៈកម្មការដឹកនាំ និងសមាជិកជាច្រើនរូបទៀត។
នៅក្នុងឱកាសនៃការបើកកិច្ចប្រជុំនោះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានស្នើដល់មន្រ្តី ដែលមានកាតព្វកិច្ច ក្នុងការរៀបចំទិវានេះ ត្រូវយកចិត្តទុកដាក់ ឲ្យបាខ្លាំងក្លាបំផុត ដើម្បីសំដៅធ្វើយ៉ាងណា ឲ្យការរៀបចំខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ប្រព្រឹត្តទៅឲ្យបានល្អប្រសើរ។
លោក វង សូត បានបន្ថែមថា ការរៀបចំទិវានេះ គឺជាការផ្តល់ការលើកទឹកចិត្តមួយផ្នែកធំ ទៅដល់ អតីតយុទ្ធជនកម្ពុជា និងគ្រួសារអតីតយុទ្ធជនកម្ពុជា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិត ជួយជាតិមាតុភូមិកម្ពុជា រហូតទទួលបានសុខសន្តិភាពដូចពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា គណៈកម្មការដឹកនាំប្រារព្ធខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ - ២១ ខែមិថុនា ឆ្នាំ២០១៩ គឺមានបែងចែក ជា៤អនុគណៈកម្មការ រួមមាន៖
១៖ អនុគណៈកម្មការខ្លឹមសារ ដែលមានភារកិច្ចរៀបចំសេចក្តីព្រាងឯកសារ
២៖ អនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច
៣៖ អនុគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់
៤៖ អនុគណៈកម្មការហិរញ្ញាវត្ថុ ៕