(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ កម្ពុជាក្រោមការដឹកនាំ ដោយយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន បានចំណាយថវិកាជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបោសសំអាតមីន នៅក្នុងប្រទេស។
ការបញ្ជាក់របស់ទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើង នៅក្នុងទិវាអន្តរជាតិស្តីពីការយល់ដឹងអំពីមីន និងការផ្តល់ជំនួយក្នុងវិស័យសកម្មភាពមីន ក្រោមប្រធានបទ «ការលើកកម្ពស់ការយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសន្តិភាព ស្ថិរភាព និងភាពធន់ទ្រាំក្នុងតំបន់អាស៊ាន តាមរយៈការចូលរួមរបស់យុវជន» នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ដែលបានរៀបចំឡើងដោយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC)។
ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា «ចំពោះកម្ពុជាយើង គឺរាជរដ្ឋាភិបាលរបស់យើង រយៈពេលជាង១០កន្លងមកនេះ បានចំណាយជាង១០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងវិស័យបោសសម្អាតមីនយើងនេះ អញ្ចឹងមានន័យថា សម្តេចនាយករដ្ឋមន្ត្រី ប្រមុខរដ្ឋាភិបាលរបស់យើង យកចិត្តទុកដាក់ជាទីបំផុត ក្នុងការនាំមកនូវសុវត្ថិភាពដល់ប្រជាជនរបស់យើង បញ្ជៀសនូវការគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម»។
លោកបន្ថែមថា ដោយសារតែកម្ពុជាមានការភាពម្ចាស់ការ រួមនឹងមានផែនការការងារជាក់លាក់ត្រឹមត្រូវ និងហ្មត់ចត់ក្នុងវិស័យបោសសម្អាតមីននៅក្នុងប្រទេសរបស់ខ្លួន ទើបមកដល់នឹងពេលនេះ មានប្រទេសចំនួន១០ជាមិត្ត បាននិងកំពុងជួយក្នុងការជួយជ្រោមជ្រែង និងផ្តល់ថវិកាដល់កម្ពុជាក្នុងការសំអាតមីន ដែលមានដូចជា៖ ប្រទេសចិន, ជប៉ុន, អូស្រ្តាលី, សហរដ្ឋអាមេរិក, ស្វីស, កាណាដា, អាឡឺម៉ង, ចក្រភពអង់គ្លេស, អៀកឡង់ និងញ៉ូសាឡែន។
ជាមួយគ្នានោះដែរ អនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន ក៏បានបង្ហាញទីតាំងដែលមានគ្រាប់ផ្ទុះច្រើនជាងគេ គឺនៅភាគខាងលិចនៃប្រទេសកម្ពុជា ក្នុងរួមមានខេត្ត៖ បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ និងឧត្តរមានជ័យ ក៏ដោយតែទីនោះគឺជាកន្លែងសមរភូមិនៃសង្រ្គាមជាង៣ទស្សវត្សមកហើយនោះ ហើយក៏មានមនុស្សស្លាប់ច្រើនជាងគេផងដែរ។ ចំណែកខេត្តដែលមានគ្រាប់ផ្ទុះតិចជាងគេនោះ គឺខេត្តកែប និងខេត្តព្រះសីហនុ ហើយក្នុងនោះក៏មានរាជធានីភ្នំពេញផងដែរ ដែលជាហេតុនាំឲ្យអាជ្ញាធរមីន ប្រើពេលវេលាតិចបំផុតក្នុងការដោះស្រាយ។
លោកទេសរដ្ឋមន្ត្រីបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មកទល់នឹងពេលនេះ សម្តេចបានសម្រេចនូវជោគជ័យមហាសាលជូនជាតិ និងប្រជាជនកម្ពុជា២ធំជាងគេ ក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ក្នុងនោះរួមមានដូចជា៖
ទី១៖ រំដោះប្រជាជនឲ្យចាកផុតពីការស្លាប់នៅក្នុងសម័យកាល ប៉ុល ពត ដែលជារបបប្រល័យជាពូជសាស្ត្រ
ទី២៖ បញ្ចប់សង្គ្រាមស៊ីវិល ដែលមានវត្តមាននៅកម្ពុជាជាង៣ទស្សវត្សមកហើយ បានបញ្ចប់ជាស្ថាពរតាមរយៈនយោបាយ «ឈ្នះ ឈ្នះ» របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបជូនថា បើតាមសេចក្តីប្រកាសរបស់អាជ្ញាធរមីន បានគូសបញ្ជាក់ថា គិតមកដល់ឆ្នាំ២០១៩ សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា មានរយៈពេល២៧ឆ្នាំមកហើយ។ ពីឆ្នាំ១៩៩២ ដល់ ខែធ្នូ ឆ្នាំ២០១៨ ផ្ទៃដីប្រមាណ ១,៨១៦ គីឡូម៉ែត្រក្រឡា ត្រូវបានរំដោះចេញពីការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបានប្រគល់ជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ កសាងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនានា។ ដោយក្នុងនោះបានរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្ស ចំនួន១,០៦៣,៩១៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៤,៨៣៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន២,៧៧១,៣៤២គ្រាប់ ព្រមទាំងបានធ្វើឲ្យចំនួន ជនរងគ្រោះធ្លាក់ចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៥៨នាក់ ក្នុងឆ្នាំ២០១៨៕