(កោះកុង)៖ សាខាកាំកុងខេត្តកោះកុង រួមសហការជាមួយមន្ត្រីពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នេះ បានចុះត្រួតពិនិត្យរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ក្នុងផ្សារភូមិថ្មី និងនៅតាមលំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយផ្តោតសំខាន់លើមុខទំនិញ បន្លែ មឹក បង្គា ត្រី សាច់ គ្រឿងភេសជ្ជៈ ដែលជាលទ្ធផលគឺពុំឃើញមានទំនិញណាខូចគុណភាព មានសារធាតុគីមី ឬហួសកាលបរិច្ឆេទឡើយ។
លោក ជា នី អនុប្រធានសាខាកាំកុងខេត្តកោះកុង បានថ្លែងថា ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពផលិតផលទំនិញ នឹងសេវាកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហនិភ័យដែលការត្រួតពិនិត្យ លក្ខណៈរូបវ័ន្ត ត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅរបស់ម្ហូបអាហារ និងស្លាកសញ្ញាសំបកវេចខ្ចប់ ការបរិច្ឆេតផ្សេងៗ។ ក្នុងនោះបានត្រួតពិនិត្យគុណភាព និងភាពអនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមី ដែលហាមឃាត់ ដូចជាប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ហើយបើមានការសង្ស័យ ត្រូវយកគម្រូបញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។
លោក ជា នី បានបន្តថា ជាលទ្ធផលសាខាកាំកុងត្រូល និងមន្ត្រីជំនាញការ ចុះត្រួតពិនិត្យទំនិញបន្លែផ្លែឈើ នៅតាមលំនៅដ្ឋាន និងតាមតូបក្នុងទីផ្សារភូមិថ្មីចាំយាម ដែលអាជីវករដាក់តាំងលក់ សាខាកាំកុងត្រូល មិនបានរកឃើញមុខទំនិញ គ្រឿងភេជ្ជៈណាមួយហួសថ្ងៃខែឆ្នាំ ផលិតនឹងមានសាធាតុគីមីនោះទេ។ ដោយមន្ត្រីជំនាញធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ហើយអាជីវករមានការយល់ដឹងកាន់ខ្ពស់ចំពោះបញ្ហានេះផងដែរ។
ជាចុងក្រោយលោក ជា នី បានធ្វើការអំពាវរនាវដល់អ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់ គ្មានសារធាតុគីមី ហើយមានសំបកខ្ចប់វិចខ្ចប់ត្រឹមត្រូវ មានការបរិច្ឆេទដើម្បីចូលរួមចំណែកការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទាំងសុខមាលភាពនឹងសេដ្ឋកិច្ច ហើយការចុះណែនាំដល់អាជីវករនៅក្នុងផ្សារនឹងនៅតាមលំនៅដ្ឋាន ដើម្បីធ្វើការពន្យល់ពីលក្ខណៈពិសេសមុននឹងទិញយកទៅប្រើប្រាស់ឬបរិភោគ។
អាជីវករជាម្ចាស់ទំនិញ បានថ្លែងថា ក្រោយពីមានការចុះណែនាំរាល់ខែរបស់មន្ត្រីកាំកុងត្រូល ពួកគាត់មានការយល់ដឹងច្រើន ទើបពួកគាត់ទិញតែទំនិញមានគុណភាព យកមកលក់ជូនប្រជាពលរដ្ឋ ដើម្បីសុខភាពល្អទាំងអស់គ្នាផងដែរ៕