(ភ្នំពេញ)៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា បានប្រកាសពីភាពជាដៃគូ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (HKL) ក្នុងការផ្ដល់ជូននូវសេវាបង់វិក្កយបត្រ និងសេវាផ្ទេរប្រាក់ ពីគណនីទៅគណនី តាមប្រព័ន្ធឌីជីថល សម្រាប់អតិថិជននៃស្ថាប័នទាំងពីរ។
តាមរយៈភាពជាដៃគូនេះ នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ អតិថិជន នឹងអាចផ្ទេរប្រាក់ទៅវិញទៅមកដោយសុវត្ថិភាព ពីគណនីវីងទៅកាន់គណនីហត្ថាកសិករ ឬពីគណនីហត្ថាកសិករទៅកាន់គណនីវីង។ បន្ថែមពីលើសេវា ដាក់ប្រាក់ទៅក្នុងគណនី អតិថិជនផ្នែកឥណទានរបស់ហត្ថាកសិករ ក៏អាចទៅកាន់ភ្នាក់ងារវីងជាង៦,០០០កន្លែង នៅទូទាំងប្រទេសកម្ពុជា ដើម្បីដាក់ប្រាក់ចូលក្នុងគណនីហត្ថាកសិកររបស់ខ្លួន ដើម្បីទូទាត់ការសង បំណុលប្រចាំខែ ឬសកម្មភាពហិរញ្ញវត្ថុដទៃទៀតផងដែរ។
ភាពជាដៃគូនេះ ត្រូវបានគេរំពឹងថា នឹងជួយដល់ការផ្ទេរប្រាក់ជារៀងរាល់ថ្ងៃ របស់អតិថិជននៃស្ថាប័នទាំងពីរនេះ ឲ្យកាន់តែមានភាពងាយស្រួល និងគ្មានភាពស្មុគស្មាញ រួមជាមួយនឹងការណែនាំ មកកាន់ពិភពថ្មី នៃប្រព័ន្ធឌីជីថល។ អតិថិជនរបស់ហត្ថាកសិករ នឹងអាចទទួលបាននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ តាមប្រព័ន្ធឌីជីថលដ៏ទូលំទូលាយ ដែលអនុញ្ញាត ឲ្យពួកគេអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ តាមរយៈកម្មវិធីស្មាតហ្វូនវីងរួមមាន សេវាផ្ទេរប្រាក់, បង់វិក្កយបត្រ បញ្ចូលប្រាក់ទៅក្នុងទូរស័ព្ទ ទូទាត់ប្រាក់តាមអនឡាញ និងដោយស្កេនកូដ QR ក៏ដូចជាបទពិសោធន៍ទិញទំនិញពីបណ្តាហាងអន្ដរជាតិ ដោយប្រើប្រាស់វីងអនឡាញម៉ាស្ទ័រកាត។
លោក ហួត អៀងតុង ប្រធានអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានថ្លែងថា ហត្ថាកសិករ និងវីង មានចំណុចដូចគ្នាជាច្រើន ដោយហេតុថាស្ថាប័នហិរញ្ញវត្ថុទាំងពីរ ជឿជាក់លើការដាក់បញ្ចូល ហិរញ្ញវត្ថុ និងមានការប្តេជ្ញាចិត្ត ចំពោះនិរន្តភាពសង្គម និងហិរញ្ញវត្ថុយូរអង្វែង របស់អតិថិជនរៀងៗខ្លួន។
លោក តុង បានបន្តថា »ផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់យើង ក៏ដូចជាដៃគូដែលយើងជ្រើសរើសធ្វើការជាមួយ ឆ្លុះបញ្ចាំងពីគុណតម្លៃរបស់យើង។ យើងក៏កំពុងចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយការជួយដល់អតិថិជនរបស់យើង ក្នុងការកសាងទំនាក់ទំនងជាមួយដៃគូហិរញ្ញវត្ថុ ដែលគួរឲ្យជឿជាក់និងទុកចិត្តបាន សម្រាប់ផលប្រយោជន៍ហិរញ្ញវត្ថុរយៈពេលវែង របស់ពួកគេ»។
ភាពជាដៃគូនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ជូននូវភាពងាយស្រួល ក្នុងការដាក់ប្រាក់បញ្ញើសន្សំ ឬការបង់ប្រាក់សងត្រលប់វិញ ដល់គ្រប់អតិថិជនរបស់ហត្ថាកសិករ ដែលជាទៀងទាត់តែងតែមកកាន់គ្រឹះស្ថាននេះ ហើយហត្ថាកសិករ នឹងជួយឲ្យផលិតផល និងសេវាកម្មផ្សេងៗ ក៏ដូចជាការសហការថ្មី ជាមួយដៃគូអាជីវកម្មផ្សេងៗ ដើម្បីពង្រីកបណ្តាញធនាគារ និងផ្តល់ជូនភាពងាយស្រួលបន្ថែមទៀត ដល់អតិថិជន។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានថ្លែងថា ភាពជាដៃគូមានន័យថា ចំនួនអ្នកមិនមានគណនីធនាគារ និងអ្នកមិនស្ថិតក្នុងបណ្តាញធនាគារ កាន់តែច្រើនឡើងៗ នៅទូទាំងប្រទេសកម្ពុជា អាចមានលទ្ធភាពទទួលបាននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដែលមានគុណភាព ដើម្បីជួយបង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ ហើយវីងពិតជារំភើបខ្លាំងណាស់ ក្នុងការចូលរួមចំណែកនៅក្នុងដំណើរការនេះ។
លោក ម៉ាឡូឡូស បានបន្តទៀតថា «វាជាកិត្តិយសដ៏ធំធេងមួយ សម្រាប់ធនាគារឯកទេសវីង ក្នុងការធ្វើការជាមួយហត្ថាកសិករ តាមរយៈការចែករំលែកនូវលទ្ធភាព នៃការប្រើប្រាស់សេវានៅតាមបណ្តាញភ្នាក់ងារវីង និងសេវាកម្មហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលរបស់យើង ទៅឲ្យគ្រប់អតិថិជនរបស់ហត្ថាកសិករ ដើម្បីឲ្យពួកគេមានភាពងាយស្រួល ក្នុងការទទួលបាន នូវសេវាកម្មហិរញ្ញវត្ថុទាំងនោះ»៕