(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ថ្នាក់កណ្តាល បានថ្លែងជំរុញឱ្យកុមារកំព្រានៅផ្ទះស្វែងរកក្តីស្រម៉ៃទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែង ហាត់ពត់លត់ដំ តស៊ូទាំងការរស់នៅ និងទាំងការសិក្សារៀនសូត្រ ដើម្បីក្លាយទៅជាធនធានមនុស្ស ប្រកបដោយចំណេះដឹង ចំណេះធ្វើសម្រាប់ទៅថ្ងៃអនាគត និងបានក្លាយទៅជាថ្នាក់ដឹកនាំសំខាន់នៅក្នុងសង្គម។
លោកស្រី ឯម ប៉ុណ្ណា បានថ្លែងជំរុញយ៉ាងដូចនេះនាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែលោកស្រីបានដឹកនាំប្រតិភូសាខាសមាគមនារីខេត្ត ចុះជួបសំណេះសំណាល និងរៀបអាហារសាមគ្គី ដល់ក្មួយៗកុមារកំព្រាគ្មានទីពឹង ចំនួន៦៣នាក់ និងមេដោះ១៦នាក់ នៅផ្ទះស្វែងរកក្តីស្រម៉ៃឲ្យកុមារ ស្ថិតក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីនេះក៏មានការចូលរួមពីលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត និងសមាជិកាកិត្តិយសសាខា គណៈកម្មការសាខាសមាគមនារីខេត្ត ក្រុមសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត អាជ្ញាធរស្រុក ឃុំ យុវជនស្ម័គ្រចិត្តជប៉ុន និងគណៈដឹកនាំមណ្ឌលយ៉ាងច្រើនកុះករ។
លោកស្រី អាំង សុភាវី នាយិកាមណ្ឌលផ្ទះស្វែងរកក្តីស្រម៉ៃឲ្យកុមារ បានលើកឡើងថា មណ្ឌលនេះបានបង្កើតឡើងនៅឆ្នាំ២០០៨ ក្រោមជំនួយពីអង្គការស្គូលអែដ និងសម្បុរសជននៅប្រទេសជប៉ុន។ មណ្ឌលនេះបានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ជាលើកទី៣ នៅឆ្នាំ២០១៨ មានបុគ្គលិកចំនួន១៦នាក់ និងមានកុមារកំព្រា៦៣នាក់ កំពុងទទួលបានការអប់រំ និងសិក្សារៀនសូត្រ ការគោរពវិន័យ មានសីលធម៌រស់នៅល្អ មានទឹកចិត្តជួយគ្នាសាមគ្គីគ្នាជានិច្ច។
លោកស្រីនាយិកាបានបន្តថា ក្រៅពីការសិក្សារៀនសូត្រចំណេះទូទៅ កុមារបានទទួលការបណ្តុះបណ្តាលលើវិស័យសិល្បៈ ដើម្បីថែរក្សានូអត្តសញ្ញាណជាតិ។ ទោះជាយ៉ាងនេះក៏ដោយ មណ្ឌលក៏ជួបបញ្ហាប្រឈមជាច្រើន និងទាមទាឲ្យមានការអត់ធ្មត់ព្យាយាមសំដៅធ្វើយ៉ាងណា ឲ្យកុមារទាំងនោះ មានគោលដៅក្នុងជីវិត ទាំងពេលនេះក៏ដូចទៅអនាគត។ នេះដោយបានការយកចិត្តទុកដាក់ របស់មន្ទីរសង្គមកិច្ចខេត្ត ភាពសណ្តោសប្រណីពីសំណាក់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ និងលោក កែវ រតនៈ ប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀងផងដែរ។
លោកស្រី ឯម ប៉ុណ្ណា បានថ្លែងថា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្មែរ និងស្ថិតក្រោមគំនិតផ្តួចផ្តើមពីលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានបង្កើតឲ្យមានការជួបជុំ និងផ្តល់អាហាសាមគ្គី សម្រាប់កុមារកំព្រា មណ្ឌលផ្ទះស្វែងរកក្តីស្រម៉ៃឲ្យកុមារស្រុកក្រគរនាពេលនេះ។
លោកស្រីបានថ្លែងទៀតថា កុមារកំព្រារស់នៅទីនេះ ពិតជាមានអនាគតល្អ ឯការសិក្សាទាំងចំណេះទូទៅ ក៏ដូចការអប់រំឃើញថា មានការយល់ដឹងច្រើន ជាពិសេសលើការហាត់រៀន លើវិស័យវប្បធម៌ និងសិល្បៈ។ ហេតុនេះសូមឲ្យក្មួយទាំងអស់បន្តការខិតខំប្រឹងប្រែង ហាត់ពត់លត់ដំ តស៊ូទាំងការរស់នៅ និងទាំងការសិក្សារៀនសូត្រ ដើម្បីក្លាយទៅជាធនធានមនុស្ស ប្រកបដោយចំណេះដឹង ចំណេះធ្វើសម្រាប់ទៅថ្ងៃអនាគត និងបានក្លាយទៅជាថ្នាក់ដឹកនាំសំខាន់នៅក្នុងសង្គម។
ក្នុងឱកាសនោះដែរ ប្រតិភូក៏បានចែកអំណោយជូនដល់កុមារកំព្រាទាំង៦៣នាក់ ក្នុងម្នាក់ៗទទួលបានសម្ភារប្រើប្រាស់ សម្ភារសិក្សា និងសម្លៀកបំពាក់មួយកញ្ចប់ធំ ព្រមទាំងថវិកា២ម៉ឺនរៀល, មេដោះ និងអ្នកគ្រប់គ្រងមណ្ឌលចំនួន១៦នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមាធំ១ និងថវិកា៤ម៉ឺនរៀល ព្រមទាំងបានរៀបចំអាហារពិសារួមគ្នា ដោយភាពកក់ក្ដៅ ហើយដោយឡែកសាខាសមាគមសិស្សនិសិ្សត បញ្ញាវន្ត ក្មេងវត្តខេត្ត ឧបត្ថម្ភថវិកា៤០ម៉ឺនរៀលផងដែរ៕