(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានដាក់ចេញនូវ «ការប្រកួតសកម្មភាពកីឡាថ្នាក់បឋមសិក្សាថ្នាក់ជាតិ» ដែលរួមមានកីឡា៤ប្រភេទ ដូចជា បាល់ទាត់, បាល់ទះ បាល់បោះ និងអត្តពលកម្ម សម្រាប់គ្រប់បណ្ដាខេត្ត និងរាជធានីភ្នំពេញ។
សិស្សានុសិស្សចំនួន ៤,០០០ នាក់ បានចូលរួមនៅក្នុងការប្រកួត ដោយក្នុងនោះ មាន ១,០០០ នាក់ ត្រូវបានជ្រើសរើស សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលបានចាប់ផ្តើមធ្វើឡើង ចាប់ពីថ្ងៃទី២៩ ខែមីនា និងបញ្ចប់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។
MILO ដែលជាស្លាកសញ្ញាភេសជ្ជៈដ៏ល្បីល្បាញ របស់ក្រុមហ៊ុន Nestlé បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា នាំមកនូវការប្រកួត ដល់សិស្សបឋមសិក្សានៅកម្ពុជា ដោយស្របតាមការប្តេជ្ញាចិត្តរបស់ MILO ជំរុញឲ្យសិស្សសាលាកម្ពុជា មានរបៀបរស់នៅសកម្មជាងមុន។
MILO ជឿជាក់ថា ការប្រកួតនេះ ជួយឲ្យកុមារទទួលជោគជ័យនៅក្នុងជីវិត តាមរយៈការយល់ដឹងពីគុណតម្លៃផ្ទាល់ខ្លួន និងភាពរីកចម្រើនខាងជំនាញសង្គម។ ការចូលរួមរបស់ពួកគេ ស្របតាមបេសកកម្មរបស់ក្រុមហ៊ុន Nestle ក្នុងការបង្កើនគុណភាពនៃជីវិត និងរួមចំណែកធ្វើឲ្យពួកគេមានអនាគតដែលមានសុខភាពល្អជាងមុន។
លោកស្រី April Wong ប្រធានផ្នែកទីផ្សារ របស់ក្រុមហ៊ុន Nestle Cambodia ប្រចាំនៅកម្ពុជា បានថ្លែងថា «MILO បានគាំទ្រដល់សុខភាព និងអាហារូបត្ថម្ភរបស់កុមារនៅកម្ពុជា តាំងពីឆ្នាំ២០១៧មកម្ល៉េះ។ ការឧបត្ថម្ភនេះ គឺដើម្បីជំរុញឲ្យសិស្សសាលាកម្ពុជា មានរបៀបរស់នៅសកម្មជាងមុន និងក្លាយជាជើងឯក ដែលមានសុខភាពល្អ តាមរយៈកីឡា និងអាហាររូបត្ថម្ភដ៏ត្រឹមត្រូវ»។
លោកស្រី បន្ដថា «លើសពីនេះ គោលបំណងរបស់យើង គឺធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃ នៃការអប់រំកាយ និងកីឡា ដែលនាំមកនូវអត្ថប្រយោជន៍ ដល់រាងកាយ និងប្រាជ្ញាស្មារតី និងបង្រៀនបំណិនជីវិត ដែលរៀបចំឲ្យសិស្សសាលាទាំងអស់ អាចទទួលបានភាពជោគជ័យ នៅពេលដែលពួកគេធំឡើង»។
លោកស្រីថា កីឡាជួយឲ្យកុមារ ស្វែងយល់ពីសង្គម ដោយផ្ដល់គំរូល្អដល់ពួកគេ ដែលការសិក្សានៅសាលាមិនអាចធ្វើបាន។ កីឡា ផ្តល់អត្ថប្រយោជន៍ ដល់រាងកាយ ប្រាជ្ញាស្មារតី និងការអភិវឌ្ឍជំនាញសង្គម។ កីឡា ធ្វើឲ្យរាងកាយ ឆ្អឹង និង សាច់ដុំរឹងមាំ រក្សាទម្ងន់ និងកាត់បន្ថយហានិភ័យ នៃបញ្ហាទាក់ទងនឹងសុខភាព ដែលអាចវិវឌ្ឍន៍នៅពេលក្រោយ នៅក្នុងជីវិតរបស់ពួកគេ។
សកម្មភាពរាងកាយ ជួយឲ្យកុមារគេងលក់ស្រួល និងមានទស្សនវិស័យវិជ្ជមានអំពីជីវិត។ កុមារដែលមានរាងកាយមាំមួន និងសុខភាពល្អ ជាក្មេងដែលមិនងាយបាក់ចិត្ត មានភាពវៀងវៃ និងមានទំនោរទទួលបានជោគជ័យ ជាងក្មេងធម្មតា។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រី April Wong។
កុមារ ដែលទទួលបានជ័យលាភីមួយរូប បានមានមតិតំណាង ឲ្យកុមារដទៃទៀត ដោយនិយាយថា «ក្នុងនាមជាជ័យលាភី យើងមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលមានវត្តមាននៅទីនេះ និងបានរៀនសូត្រ ពីការប្រកួតប្រជែង។ យើងមានអារម្មណ៍ថា មានសម្ពាធ ដោយសារតែមានកីឡាករល្អៗច្រើន ពួកគេថែមទាំងមានបទពិសោធន៍ទៀតផង»។
កុមាររូបនេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រពីក្រសួង ដែលធ្វើឲ្យពួកគេអាចចូលរួម និងទទួលបានជ័យលាភីនេះ។ ពួកគេ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ MILO សម្រាប់ការឧបត្ថម្ភផងដែរ៕