Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យប្រជាពលរដ្ឋម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ ខណៈរយៈពេល២ខែនេះ កំដៅនឹងឡើងដល់៤០អង្សា

04-04-2019 11:59

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ ខណៈរយៈពេល២ខែនេះ កំដៅនឹងឡើងដល់៤០អង្សា ដែលងាយនឹងរងគ្រោះដោយគ្រោះអគ្គិភ័យ ជាយថាហេតុ។ នេះបើយោងតាមសេចក្តី ជូនដំណឹងស្ដីពីការបង្ការគ្រោះអគ្គិភ័យក្នុងរដូវប្រាំង របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ។

សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូន ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឲ្យបានជ្រាបថា តាមការព្យាករណ៍ឧតុនិយមបានឲ្យដឹងថា អាកាសធាតុនៅប្រទេសយើង នឹងឡើងកំដៅរហូតដល់លើស ៤០អង្សាសេ ចាប់ពីពេលនេះតទៅរហូតដល់ពេលប្រមាណ២ ខែទៅមុខទៀត ដែលធ្វើឲ្យអាកាសធាតុក្តៅស្ងួតហួតហែង ងាយនឹងបណ្ដាលឱ្យកើតគ្រោះអគ្គិភ័យជាយថាហេតុ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋត្រូវម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះដើមចម ដែលអាចបង្កើតឲ្យមានគ្រោះអគ្គិភ័យ ដូចជាភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូបទៀន ការដុតសំរាម ដុតព្រៃចំការវាលស្រែ ការបោះចោលកន្ទុយបារី ផ្ដេសផ្ដាស ការតភ្ជាប់ឬប្រើចរន្តអគ្គិសនី មិនត្រឹមត្រូវតាមបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈឧស្ម័នចំហេះ វត្ថុងាយឆេះឬងាយផ្ទុះឆេះ ។ល។ ដោយត្រូវពិនិត្យឲ្យបានហ្មត់ចត់ បង្ការកុំឲ្យមានការឆេះរាលដាល បង្កើតជាគ្រោះអគ្គិភ័យ ដែលធ្វើឲ្យមានការឆេះរាលដាល បង្កើតជាគ្រោះអគ្គិភ័យ ដែលធ្វើអោយបាត់បង់ទាំង ទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។

ដោយឡែកចំពោះអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំនឹងត្រូវរិះរកគ្រប់មធ្យោបាយ ឲ្យបានគ្រប់គ្រាន់ក្នុងការបង្ការទប់ស្កាត់ ការកើតមានជាយថាហេតុ នូវអគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន ស្របតាមសេចក្តីអំពាវនាវរបស់ក្រសួងមហាផ្ទៃ។ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មានស្មារតីប្រុងប្រយ័ត្ន គ្រប់ពេលវេលា ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងមហន្តរាយដែលកើតមានឡើង ដោយសារគ្រោះអគ្គិភ័យ៕