(ភ្នំពេញ)៖ នៅចំពោះមុខមន្ត្រីទូទាំងប្រទេស នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងថា ការធ្វើអធិការកិច្ច និងការពង្រឹងការអនុវត្តច្បាប់ គឺសំដៅទៅលើការទប់ស្កាត់អំពើពុករលួយ ព្រោះអំពើពុករលួយ ធ្វើឱ្យប៉ះពាល់ជាអវិជ្ជមាន ធ្ងន់ធ្ងរណាស់ដល់ប្រទេសជាតិ ដូចជាបង្កការខាតបង់ថវិការដ្ឋ រាំងស្ទះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្កឧបសគ្គដល់ធុរកិច្ច និងការបាត់បង់ដល់ការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ និងរំខានដល់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿ មកលើរាជរដ្ឋាភិបាល។
លោកស្រីបន្តថា ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ត្រូវផ្តោតទៅលើកត្តាជាសារវន្ត័ ចំនួន៣ គឺ៖ ការបង្ការទប់ស្កាត់ជាមុន ការពង្រឹងការអនុវត្តន៍ច្បាប់ និងការចូលរួមពីមហាជន។ ដូច្នេះការងារអធិការកិច្ច និងការពង្រឹង ការអនុវត្តច្បាប់ មិនអាចផ្តាច់ចេញពីការអប់រំ ផ្សព្វផ្សាយ ច្បាប់ជូនដល់មហាជន និងការចូលរួមរបស់ប្រជាជនបានឡើយ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និបាតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឆ្នាំ២០១៨-២០១៩ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នាសណ្ឋាគារ សុខាភ្នំពេញ រាជធានីភ្នំពេញ ដោយមានមន្ត្រីរាជការចូលរួមចំនួន៦០០នាក់ មកពីរាជធានី ខេត្ត ទូទាំងប្រទស។
សន្និបាតនេះ មានគោលបំណងត្រួតពិនិត្យវាយតម្លៃ និងបូកសរុបលទ្ធផលការងារ ដែលក្រសួង បានសម្រេចក្នុងឆ្នាំ២០១៨កន្លងមក ដោយលើកឡើងពីការប្រឈមនានា និងផ្លាស់ប្តូរយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ ហើយដាក់ចេញនូវវិធានការ និងទិសដៅថ្មីៗ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០១៩ ដើម្បីសម្រេចបានលទ្ធផល ដូចដែលក្រសួងបានដាក់ចេញ និង ដើម្បីអនុវត្តតាមភារកិច្ច ផែនការ និងយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាលតម្រូវឱ្យក្រសួងបំពេញ។
លោកស្រីបន្តថា បេសកកម្មចំបងរបស់ក្រសួង គឺតាមដានការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការរំលោភ បំពានដោយប្រើអំណាច ដើម្បីបំរើប្រយោជន៍បុគ្គល និងបក្សពួក គ្រួសារ និងការពារសិទ្ធរបស់ពលរដ្ឋ ពោលគឺ ពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕