(ភ្នំពេញ)៖ ក្រុមហ៊ុន CONFORAMA ដែលជាក្រុមហ៊ុនដ៏ធំមួយមកពីប្រទេសបារាំង បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន LINDA GOLD CRUCIBLE របស់លោកស្រី សុង ធីតា ដើម្បីចាប់ដៃគ្នាពង្រីកប្រតិបត្តិការពាណិជ្ជកម្ម លើវិស័យគ្រឿងសង្ហារឹមដែលទាន់សម័យ គុណភាពល្អ និងតម្លៃសមរម្យ។
អនុស្សរណៈនេះធ្វើឡើងនៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រីកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងមានការចូលរួមពីលោក ហ៊ុន ម៉ាណែត លោកស្រី ពេជ ច័ន្ទមុន្នី ជាគណៈអធិបតី និងភ្ញៀវកិត្តិយសជាអ្នកមុខអ្នកការពីក្រសួង និងស្ថាប័ននានាចំណុះរាជរដ្ឋាភិបាល និងខាងវិស័យឯកជន មានអ្នកឧកញ៉ា លោកឧកញ៉ា សមាសភាពសរុបទាំងអស់ជិត ១០០នាក់។
លោកស្រី សុង ធីតា ប្រធានក្រុមហ៊ុន LINDA GOLD CRUCIBLE និងជាភាគីហត្ថលេខីនៅកម្ពុជា បានលើកឡើងថា មិនមែនជាការចៃដន្យទេដែលក្រុមហ៊ុនយក្សមួយនេះមកកម្ពុជា នេះជាផ្លែផ្កានៃការខំប្រឹងប្រែងអស់រយៈពេលជាង២ឆ្នាំ ដែលលោកស្រីមានទំនាក់ទំនងផ្ទាល់ជាមួយថ្នាក់ដឹកនាំ CONFORAMA នៅទីក្រុងប៉ារីស ដោយបានធ្វើការសិក្សាទីផ្សារយ៉ាងល្អិតល្អន់ អស់រយៈពេលរាប់ខែនៅកម្ពុជា ដោយមានអ្នកជំនាញមកពីក្រុមហ៊ុន CONFORAMA។
លោកស្រី ធីតា បានបញ្ជាក់ដែរថា លទ្ធផលទាំងនេះក៏អាស្រ័យជាបឋម ដោយក្រុមការងារយុវជននៅទ្វីបអឺរ៉ុបដឹកនាំដោយលោក ហួត ហាក់ តាមការចង្អុលទិស និងការណែនាំជាប្រចាំពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលតែងប្រឹងប្រែងកៀរគរក្រុមហ៊ុន ឬវិនិយោគិនពីក្រៅប្រទេស ដោយឡែកពីទ្វីបអឺរ៉ុប ឬពីប្រទេសបារាំងឲ្យមកវិនិយោគនៅប្រទេសកម្ពុជានេះ។ លោកស្រីសង្ឃឹមថានឹងមានក្រុមហ៊ុនផ្សេងៗទៀតពីខាងក្រៅប្រទេស ឬអឺរ៉ុបអាចយកគម្រូតាមក្រុមហ៊ុន CONFORAMA។
កត្តាមួយទៀតដែលសំខាន់ គឺអាស្រ័យដោយសន្តិភាព និងស្ថិរភាពនយោបាយនៅប្រទេសកម្ពុជា គួបផ្សំនឹងកំណើនសេដ្ឋកិច្ចជារៀងរាល់ឆ្នាំជាង៧ភាគរយ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជំរុញឲ្យដៃគូ គឺក្រុមហ៊ុន CONFORAMA ធ្វើការសម្រេចចិត្តមកចាប់ដៃគូពាណិជ្ជកម្មផ្តាច់មុខជាមួយក្រុមហ៊ុន LINDA GOLD CRUCIBLE នៅកម្ពុជានេះ។
លោក STANISLAS CONSEILLER ដែលជាភាគីហត្ថលេខីមកខាងទៀត តំណាងក្រុមហ៊ុន CONFORAMA ជួសមុខប្រធានអគ្គនាយកក្រុមហ៊ុនគឹ លោក Alexandre Nodale បានឱ្យដឹងថា ក្រុមហ៊ុន CONFORAMA មានប្រាក់ចំណូល ៣,៥០០លានអឺរ៉ូ ក្នុងមួយឆ្នាំ មានសហការីបម្រើការងារជាង ១៤,០០០នាក់ នៅតាមចំនួន ៣៣៧ហាង ដែលនៅតាមបណ្តាប្រទេស៨លើពិភពលោក។
គោលដៅរបស់ CONFORAMA មកវិនិយោគនៅកម្ពុជា ក៏ដោយបានឃើញមានស្ថិរភាពខាងកំណើនសេដ្ឋកិច្ច និងកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍមិនឈប់ឈរ ដែលផ្តល់ឱកាសឲ្យអតិថិជនវ័យក្មេង សម្រាប់តម្រូវការរបស់ខ្លួននៅតាមគេហដ្ឋាននូវគ្រឿងសង្ហារឹមដែលទាន់សម័យ គុណភាពល្អ តម្លៃសមរម្យ ដែលអាចជំរុញឲ្យមានសន្ទុះជាវិជ្ជមានក្នុងការពង្រីកហាង CONFORAMA យ៉ាងលឿននៅទីនេះ។
ជាមួយគ្នានោះ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្ដគាំទ្រលើកទឹកចិត្ដដល់ក្រុមហ៊ុនបរទេស មកធ្វើជាដៃគូរពាណិជ្ជកម្មលើគ្រប់វិស័យ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា គោលដៅរបស់ក្រុមហ៊ុន CONFORAMA បារាំងមកវិនិយោគនៅកម្ពុជា ក៏ដោយសារបានឃើញកម្ពុជាមានស្ថិរភាពខាងកំណើនសេដ្ឋកិច្ច និងកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍមិនឈប់ឈរ ដែលផ្តល់ឪកាសឲ្យអតិថិជនវ័យក្មេង សម្រាប់តម្រូវការរបស់ខ្លួននៅតាមគេហដ្ឋាននូវគ្រឿងសង្ហារឹមដែលទាន់សម័យ គុណភាពល្អ តម្លៃសមរម្យ ដែលអាចជំរុញឲ្យមានសន្ទុះសេដ្ឋកិច្ចនៅកម្ពុជា មានវិជ្ជមានក្នុងការពង្រីកទំហំសេដ្ឋកិច្ចយ៉ាងលឿននាពេលបច្ចុប្បន្ននេះ៕