(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩តទៅ អតិថិជនវីសាកាតទាំងអស់នឹងទទួលបានបដិសណ្ឋាកិច្ច ពិសេសដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនេះ បានរៀបចំនូវកម្មវិធីឯកសិទ្ធិ នឹងការបញ្ចុះតម្លៃជូនអតិថិជនវីសាកាត ទាំងអស់តាមរយៈកម្មវិធី Visa epic experiences នៅក្នុងប្រទេសកម្ពុជា។
តាមរយៈកម្មវិធីមួយនេះ អតិថិជនវីសាកាតទាំងអស់ រួមទាំងភ្ញៀវទេសចរដែលអញ្ជើញមកពីគ្រប់ទិសទីក្នុងពិភពលោក អាចរីករាយជាមួយ នឹងដំណើរទេសចរណ៍ ការកំសាន្ត និងកម្មវិធីសិល្បៈទាំងឡាយ បានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើប្រាស់វីសាកាតរបស់ពួកគេនឹងទទួលបាន ជម្រើសជាង១៥០កន្លែង នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាការត្រួតពិនិត្យសុខភាព (Health-tourism) នៅប្រទេសថៃផងដែរ។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានថ្លែងថា ការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុត រួមមានការទទួលទានអាហារ ការកំសាន្ត ការធ្វើដំណើរ និងការថែទាំសុខភាពជូនដល់អតិថិជនវីសាកាត គឺជាវិធីសាស្ត្រមួយរបស់យើងក្នុងការជំរុញកំណើនអ្នកប្រើប្រាស់ ក៏ដូចជាជំរុញកំណើននៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើនជាងមុន។ ឈរលើគោលគំនិតនេះ យើងបានរៀបចំនូវកម្មវិធី Visa epic experiences។ អតិថិជនវីសាកាតនៅក្នុងប្រទេសកម្ពុជា និងអ្នកទេសចរមកពីទូទាំងពិភពលោក នឹងអាចទទួលបាននូវឯកសិទ្ធិពិសេសនេះ ដើម្បីបង្កើតនូវអនុស្សាវរីយ៍ ដ៏ផ្អែមល្ហែមមិនអាចបំភ្លេចបានជាមួយនឹងក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគាត់បានយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែប្រើប្រាស់វីសាកាតតែប៉ុណ្ណោះ។
អតិថិជនវីសាកាតអាចអញ្ជើញទៅទទួលទានអាហារនៅហាងដ៏ពេញនិយមមួយចំនួនរួមមានហាងអ៊ុយគុយទាវ World Dining, The Pizza Company, Bar B Q Plaza, Swensen's, Dairy Queen, Krispy Kreme, The Asian Kitchen, TOUS les JOURS, និង Lotteria។ ជាពិសេសនៅឆ្នាំនេះយើងមានរួមបញ្ចូលនូវភោជនីយដ្ឋានល្អៗបន្ថែមជាច្រើនទៀតមានដូចជា៖ Yi Sang, Sevensea និង Kanji Japanese ទៅក្នុងកម្មវិធី Visa epic experiences ដោយមានជ្រើសរើសនូវមុខម្ហូបប្រចាំ វីសា ផងដែរ។ នៅក្នុងហាងមួយចំនួន ការបញ្ចុះតម្លៃអាចនឹងផ្តល់ជូនរហូតដល់៣០% ចំពោះការទទួលទានអាហារនៅក្នុងថ្ងៃដែលកំណត់ដោយក្រុមហ៊ុនវីសា។
បន្ថែមពីលើការទទួលទានអាហារ អតិថិជនវីសាកាត អាចទទួលបានការបញ្ចុះតម្លៃរហូតដល់១០ដុល្លារ លើទំនិញលក់តាមអនទ្បាញរបស់គេហទំព័រ La Rue និងបញ្ចុះតម្លៃរហូតដល់៣០% នៅរោងកុននឹងសាខា Legend Cinema ទាំងអស់។ កម្មវិធី Visa epic experiences ក៏មានការបញ្ចុះតម្លៃ សម្រាប់ការធ្វើដំណើរផងដែរ ដូចជាបញ្ចុះតម្លៃ ៨ដុល្លារ លើការកក់សំបុត្រតាមរយៈ www.bangkokair.com/visakh និងការបញ្ចុះតម្លៃ ៨ដុល្លារ សម្រាក់ការទិញសំបុត្រនៅក្នុងគេហទំព័រ www.thaiairways.com/kh នៅរៀងរាល់ថ្ងៃទី១៥ នៃខែនីមួយៗ។ លើសពីនេះទៀត អតិថិជនវីសាកាត មានសិទ្ធិទទួលបានទឹកប្រាក់បញ្ចុះតម្លៃ១០ដុល្លារ ប្រសិនបើទិញកញ្ចប់ធ្វើដំណើរដែលមានតម្លៃចាប់ពី១៩៩ដុល្លារឡើងទៅនៅក្រុមហ៊ុន Paramount Angkor Travel & Tours និងការបញ្ចុះតម្លៃ១០0% សម្រាប់ការកក់បន្ទប់នៅក្នុងគេហទំព័រ www.booking.com។
ការធ្វើទេសចរណ៍ទៅក្រៅប្រទេស ដើម្បីពិនិត្យសុខភាពកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរនៅទូទាំងពិភពលោក ហើយចំពោះអតិថិជន វីសាកាត ដែលជាជនជាតិខ្មែរ នឹងទទួលបានការបញ្ចុះតម្លៃពិសេសលើកញ្ចប់សេវាថតស្កេនអេកូ និងកញ្ចប់សេវាពិនិត្យសុខភាពតាមផ្នែក ជាក់លាក់ណាមួយនៅមន្ទីរពេទ្យ Paolo មន្ទីរពេទ្យ Samitivej និងមន្ទីរពេទ្យ BNH នៅក្នុងប្រទេសថៃ។
អ្នកស្រី ម៉ូនីកា បានបន្ថែមទៀតថា ថ្មីៗនេះប្រទេសកម្ពុជា បានចូលក្នុងបញ្ជីនៃបណ្តាប្រទេសកំពុងអនុវត្តការទូទាត់ប្រាក់តាមរយៈ QRកូដ។ ការទូទាត់ប្រាក់តាម QRកូដ អនុញ្ញាតឱ្យអតិថិជនវីសាកាត អាចប្រើទូរស័ព្ទដៃរបស់ពួកគេស្កេន ដើម្បីទិញទំនិញដោយមិនបាច់មានសាច់ប្រាក់សុទ្ធ ព្រមទាំងអាចបង់វិក្កយបត្រទៅកាន់អាជីវកនៅទីកន្លែងណាក៏បានដែលទទួលការទូទាត់តាមរយៈវីសកាត QRកូដ។ ការទូទាត់ប្រាក់តាមរយៈ QRកូដ នាំមកនូវបទពិសោធន៍ថ្មីដល់អតិថិជនក្នុងការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាពងាយស្រួល និងឆាប់រហ័ស។
អត្ថប្រយោជន៍ដ៏វិសេសនៃកម្មវិធី Visa epic experiences មានផ្តល់ជូនសម្រាប់អតិថិជនដែលប្រើប្រាស់វីសាកាតទាំងអស់នៅទូទាំងពិភពលោក ទោះកាតនោះធ្វើនៅប្រទេសណាក៏ដោយ។ អតិថិជនដែលប្រើប្រាស់វីសាកាត អាចរីករាយជាមួយនឹងការផ្តល់ជូនទាំងអស់នៅក្នុងកម្មវិធី Visa epic experiences ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩៕
លក្ខខណ្ឌត្រូវបានអនុវត្តសម្រាប់កម្មវិធីនេះ។ ព័ត៌មានបន្ថែមស្តីការការផ្តល់ជូនក្នុងកម្មវិធី សូមចុចតាមរយៈតំណនេះ៖ https://www.visa.com.kh/en_KH/pay-with-visa/visa-offers-and-perks.html. ឬព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ About Visa, https://usa.visa.com/visa-everywhere/blog.html និង @VisaNews.