(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ នៃរដ្ឋសភា អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (អាយកាប់-ICAPP) ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី និងជាសហប្រធានវេទិកានយោបាយអាស៊ីអឺរ៉ុប (AEPF) នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ នឹងដឹកនាំប្រតិភូមួយក្រុមចាកចេញពីកម្ពុជា ទៅចូលរួមវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី៣ (3rd Asia-Europe Political Forum-AEPF) និងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៣២ របស់ ICAPP (32nd Meeting of the ICAPP Standing Committee) នៅប្រទេសស្រីលង្កា។
សេចក្តជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ នៅរដ្ឋធានីកូឡំបូ នៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា ដោយផ្តោតលើប្រធានបទស្តីពី «តួនាទីរបស់គណបក្សនយោបាយក្នុងការដោះស្រាយបញ្ហាប្រឈម នៃសន្តិសុខសង្គម និងការងារសម្រាប់កំណើនប្រជាជនវ័យចំណាស់ ក៏ដូចជាបញ្ហាសំខាន់នានា នៅក្នុងតំបន់អាស៊ីនាពេលបច្ចុប្បន្ន»។
ការអញ្ជើញចូលរួមរបស់គណៈប្រតិភូគណបក្សប្រជាជនកម្ពុជានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ម៉ែអ៊ីផាលា ស៊ីរីសេនា (Maithripala Sirisena) ប្រធានាធិបតីស្រីលង្កា និងលោក រ៉ានីល វីគ្រីម៉ៅស្ទឹងហំ (Ranil Wickrcmcsinghic) នាយករដ្ឋមន្ត្រីស្រីលង្កា និងជាប្រធានគណបក្សរួបរួមជាតិ ដែលជាគណបក្សកាន់អំណាចនៅក្នុងរដ្ឋាភិបាលស្រីលង្កា និងជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះផងដែរ។
ក្នុងវេទិកាខាងលើនេះ លោកស្រី ឃួន សុដារី នឹងចូលរួមក្នុងពិធីបើក ហើយនឹងថ្លែងសុន្ទរកថា អបអរសាទរក៏ដូចជាផ្ដល់នូវបទអត្ថាធិប្បាយផ្សេងៗ ស្តីពីកំណើនប្រជាជនមានវ័យចំណាស់ និងផលប៉ះពាល់ទៅលើបញ្ហាសន្តិសុខសង្គម និងវិធានការណ៍ដោះស្រាយបញ្ហាប្រឈមនេះ ក្នុងបរិបទតំបន់ ពិភពលោក ជាពិសេសគោលនយោបាយ និងកម្មវិធីនានា ដែលកម្ពុជា អនុវត្តកន្លងមកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាវប្បធម៌អាស៊ី គឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជា ចិន នេប៉ាល់ និងរុស្ស៉ី។ វេទិកានយោបាយអាស៊ី-អឺរ៉ុប (Asia-Europe Political Forum-AEPF) គឺជាវេទិកាមួយក្នុងចំណោមវេទិកាផ្សេងទៀតរបស់ ICAPP ដែលបានបង្កើត និងរៀបចំការប្រជុំលើកដំបូងរបស់ខ្លួន នៅថ្ងៃទី៧ ដល់ថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល ដែលបានអនុម័តគោលការណ៍ណែនាំសម្រាប់ដំណើរការជាទូទៅនៃ AEPI។ កិច្ចប្រជុំលើកទីពីរ ត្រូវបានធ្វើឡើងនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី១៧-២០ ខែឧសភា ឆ្នាំ២០១៨ ដែលកម្ពុជា ជាសហប្រធាន ជាមួយចក្រភពអង់គ្លេស។
AEPF មានបំណងបង្កើតទំនាក់ទំនងជាទៀងទាត់ និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាង ICAPP និងគណបក្សនយោបាយនៅទ្វីបអឺរ៉ុប ជាពិសេស។ ក្រុមធំៗទាំង៤ នៃគណបក្សនយោបាយនៅក្នុងសភាអឺរ៉ុប។ ជាការពិតថ្វីបើទ្វីបអាស៊ី និងអឺរ៉ុបមានវប្បធម៌ សង្គម និងសេដ្ឋកិច្ចខុសគ្នាក៏ដោយ ក៏ប៉ុន្តែប្រជាជននៃទ្វីបទាំងពីរ មានការទទួលខុសត្រូវរួមក្នុងការដោះស្រាយបញ្ហាប្រមពីតំបន់ និងពិភពលោក៕