(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃចម្រើនជន្មាយុ និងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលសារលិខិតជូនពរមានខ្លឹមសារថា «ក្នុងឱកាសដ៏មហានក្ខត្ដឫក្សប្រសើរថ្លៃថ្លា ប្រកបដោយសេចក្តីអភិរម្យសោមនស្សរីករាយ នៃទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តម នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ និងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ ខ្ញុំបាទ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវមនោសញ្ចេតនារីករាយប្រកបដោយសេចក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ និង សូមលំឱនកាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៌ កាយពលមាំមួន បញ្ញាញាណឈ្លាសវៃ និងជន្មាយុយឺនយូរ។
យើងខ្ញុំ សូមអនុញ្ញាតគោរពសម្តែងនូវមោទនភាព និងគោរពស្ញប់ស្ញែងបំផុត ចំពោះវីរៈភាព ឆន្ទៈមោះមុតរបស់ សម្ដេចតេជោ ដែលបានដឹកនាំជាតិកម្ពុជា ប្រកបដោយគតិបណ្ឌិតខ្ពស់ អនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ ទទួលបានការឯកភាពទឹកដី មានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍមានការរីកចម្រើនគ្រប់វិស័យឥតឈប់ឈរ ប្រជាជនរួមរស់ជាមហាគ្រួសារប្រកបដោយសុភមង្គល ជាពិសេស ឧត្តមភាព និងកិត្យានុភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជា ល្បីរន្ទឺទូទាំងសកលលោក។
ក្នុងឱកាសឆ្នាំថ្មីនេះ យើងខ្ញុំ សូមអញ្ជលីប្រណម្យបួងសួងដល់តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ព្រះនាម ទុង្សាទេវី សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរ ជូន សម្ដេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់ លោកយាយមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំង បុត្រា បុត្រី បុត្រប្រសា និងចៅៗ ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ បន្តដឹកនាំប្រទេសកម្ពុជា សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងសុខសន្តិភាព ស្ថិរភាព សម្បូរណ៌សប្បាយរុងរឿងតរៀងទៅ»។
សូមគោរពជូននូវសារលិខិតជូនពររបស់ សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖