(ភ្នំពេញ)៖ របាយការណ៍របស់សមត្ថកិច្ចពន្លត់អគ្គិភ័យបានឲ្យដឹងថា ករណីអគ្គិភ័យដែលបានឆាបឆេះឃ្លាំងផលិតកុងម៉ា នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមណ្តោយផ្លូវបេតុង ភូមិតាងៅក្រោមសង្កាត់និរោធ ខណ្ឌច្បារអំពៅ បានឆេះបំផ្លាញឃ្លាំងទាំងស្រុង។
សមត្ថកិច្ចបន្តថា ម្ចាស់ឃ្លាំងសិប្បកម្មផលិតកុងម៉ា មានឈ្មោះ គីម ហេង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម ហើយចំពោះមូលហេតុ ដែលបង្កឲ្យឆេះសមត្ថកិច្ចកំពុងស្រាវជ្រាវ។ ឃ្លាំងដែលខូចខាតនោះ ជាប្រភេទឃ្លាំងថ្មបេតុងប្រក់ស័ង្កសី ទំហំ ១០ម៉ែត្រ គុណ៨ម៉ែត្រ ដោយបំផ្លាញសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង និងពុំឆេះរាលដាលដល់ផ្ទះអ្នកក្បែខាងឡើយ។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនោះ សមត្ថិកិច្ចប្រើប្រាស់រថយន្តរបស់ការិយាល័យអគ្គិភ័យចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់៥០រថយន្ត, រថយន្តអគ្គិភ័យបញ្ជាការដ្ឋានអង្គរក្សចំនួន០៥គ្រឿង ប្រ;ប្រាស់ទឹកអស់0៥រថយន្ត, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន០៤គ្រឿង ប្រ;ប្រាស់ទឹកអស់៤រថយន្ត, រថយន្តអគ្គិភ័យស្រាបៀរកម្ពុជាចំនួន០១ គ្រឿង ប្រើប្រាស់ទឹកអស់១រថយន្ត និងរថយន្តអគ្គិភ័យសាលាខណ្ឌច្បារអំពៅ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់១រថយន្ត។
ករណីគ្រោះអគ្គិភ័យនេះត្រូវបានពន្លត់ចប់នៅម៉ោង៥៖៣០នាទីល្ងាច៕