(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៨ ត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តត្រីមាសទី២ និងឆមាសទី២ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនាថ្ងៃទី២-៣ ខែមេសានេះ ក្រសួងទេសចរណ៍ បានកំណត់គោលដៅជាយុទ្ធសាស្រ្តជាក់លាក់ក្នុងអាណត្តិទី៦នេះ គឺជាអាណត្តិនៃការពង្រឹងគុណភាពទេសចរណ៍ និងបង្កើនប្រសិទ្ធភាពការងារ សំដៅធ្វើយ៉ាងណាឲ្យគ្រប់ផលិតផល និងសេវាកម្មទេសចរណ៍មានគុណភាព ធ្វើឲ្យគ្រប់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍មានការអភិវឌ្ឍន៏កាន់តែល្អ។
ក្រសួងទេសចរណ៍ បានកសាងនូវឯកសារគតិយុត្តសំខាន់ៗ មានដូចជា គោលនយោបាយជាតិអេកូទេសចរណ៍ អនុក្រឹត្យស្តីពីការកំណត់តំបន់ទេសចរណ៍ពិសិដ្ឋ ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ។ ជាងនេះទៀត ក្រសួងក៏បានដាក់ចេញនូវស្តង់ដារសេវាកម្មវិថីលក់ម្ហូបអាហារ (Food Street) និងប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ (Street Food) ដែលជាសូចនាការថ្មីមួយទៀតក្នុងស្តង់ដារទីក្រុងស្អាត និងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត៖ ជាទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» ជារៀងរាល់ឆ្នាំ។
អង្គប្រជុំបានកត់សម្គាល់អំពីការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក្នុងទសវត្សចុងក្រោយនេះ ដោយឆ្នាំ២០១៨ កម្ពុជាទទួលទេសចរអន្តរជាតិបានប្រមាណ ៦.២លាននាក់ ក្នុងកំណើន ១០.៧% ដោយបាននាំមកនូវចំណូលជូនជាតិ ៤,៣៥៦លានដុល្លារអាមេរិក រួមចំណែក ១២.៧% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណ ៦២ម៉ឺននាក់។ ជាក់ស្តែង ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៩នេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានចំនួន ១.២លាននាក់ ក្នុងកំណើន ៩.៣%។
អង្គប្រជុំក៏បានពិនិត្យឃើញពីនិន្នាការប្រែប្រួលនៃស្ថានភាពទេសចរពិភពលោក តំបន់ និងកម្ពុជា ដែលទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ធ្វើការសិក្សា និងវិភាគទីផ្សារទេសចរណ៍អោយបានហ្មត់ចត់ និងស៊ីជម្រៅ និងពង្រឹងការឃោសនាផ្សព្វផ្សាយទេសចរណ៍កម្ពុជាឲ្យបានទូលំទូលាយ ដើម្បីរក្សាកំណើនទេសចរឲ្យបានពីរខ្ទង់ជារៀងរាល់ឆ្នាំ និងសម្រេចនូវចក្ខុវិស័យនៃកំណើនទេសចរអន្តរជាតិមកទស្សនាកម្ពុជាអោយបានជាង ៧លាននាក់ នៅឆ្នាំ២០២០ ប្រមាណ ១១លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ខាងមុខ។
អង្គប្រជុំបានកំណត់គោលដៅជាយុទ្ធសាស្រ្តជាក់លាក់ក្នុងអាណត្តិទី៦នេះ គឺជាអាណត្តិនៃការពង្រឹងគុណភាពទេសចរណ៍ និងបង្កើនប្រសិទ្ធភាពការងារ សំដៅធ្វើយ៉ាងណាឲ្យគ្រប់ផលិតផល និងសេវាកម្មទេសចរណ៍មានគុណភាព ធ្វើឲ្យគ្រប់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍មានការប្រែប្រួល អភិវឌ្ឍន៍កាន់តែល្អ លុបបំបាត់ការលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយជូនទេសចរ កាត់បន្ថយការធ្លុះធ្លាយ (ដោយខិតខំជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ប្រកបដោយគុណភាព ជំនួសឲ្យការនាំចូល) ធ្វើឲ្យវិស័យទេសចរណ៍ក្លាយជាការនាំចេញនៅនឹងកន្លែងដ៏មានប្រសិទ្ធភាព និងធ្វើឲ្យវិស័យទេសចរណ៍ផ្តល់ផលប្រយោជន៍ជាអតិបរមាដល់ប្រជាពលរដ្ន និងសហគមន៍មូលដ្ឋាន។
អង្គប្រជុំក៏បានពិនិត្យឃើញពីបញ្ហាប្រឈម និងចំណុចសេសសល់មួយចំនួនក្នុងវិស័យទេសចរណ៍ ដែលរួមមានកត្តាធនធានមនុស្សនៅមានកម្រិត ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗនៅមានកម្រិត គុណភាពសេវាកម្មទេសចរណ៍នៅមានកម្រិត ការឃោសនាផ្សព្វផ្សាយនៅមានកម្រិត កិច្ចសហការ និងការចូលរួមរបស់ផ្នែកឯកជន ប្រតិបត្តិករទេសចរណ៍ ក្នុងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៅមានកម្រិត ការចុះពង្រឹងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ដល់មូលដ្ឋានអាជីវកម្ម និងសេវាកម្មនានានៅមានកម្រិត ការធ្លុះធ្លាយនៃវិស័យទេសចរណ៍ កត្តាសុវត្ថិភាពទេសចរ និងការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរនៅជួបបញ្ហាលំបាកខ្លះៗ ការកសាងលិខិតបទដ្ឋាន ឯកសារគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងវិធានការចាំបាច់នានា នៅពុំទាន់ឆ្លើយតបទាន់ពេលវេលាទៅនឹងនិន្នាការ និងសភាពការណ៍រីកចម្រើននៃវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន និងទៅអនាគត។
បន្ទាប់ពីបានពិគ្រោះពិភាក្សា និងផ្តល់យោបល់យ៉ាងផុលផុស និងដើម្បីពិនិត្យ ដោះស្រាយនូវបញ្ហាប្រឈមនានាដែលបានកើតមានឡើងក្នុងវិស័យទេសចរណ៍ អង្គប្រជុំបានឯកភាពដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងទិសដៅអនុវត្តការងារសំខាន់ៗសម្រាប់ត្រីមាសទី២ និងឆមាសទី២ ឆ្នាំ២០១៩ ដូចខាងក្រោម៖
១- បង្កើតផលិតផលទេសចរណ៍ថ្មីប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍ (Creative & Innovative) នៅតាមតំបន់គោលដៅទេសចរណ៍អាទិភាពទាំងបួន តាមរយៈការទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍ និងការអនុវត្តយន្តការ 4Ps។
២- ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍តាមទស្សនទាន «សេវាមួយ ស្តង់ដាមួយ» និងអភិវឌ្ឍធនធានមនុស្សតាមទស្សនទាន «បុគ្គលិកម្នាក់ ជំនាញមួយ»។
៣- ពង្រឹងការឃោសនាផ្សព្វផ្សាយទេសចរណ៍កម្ពុជាទាំងក្នុង និងក្រៅប្រទេស។
៤- ពង្រឹងការគ្រប់គ្រងទេសចរណ៍តាមប្រព័ន្ធ Online (Smart Tourism)៕