(ភ្នំពេញ)៖ មជ្ឈមណ្ឌលរូបថតកម្ពុជា (Cambodia Photo Center) ជាលើកដំបូងនៅកម្ពុជាតម្លៃជាង ២៣ម៉ឺនដុល្លារ នឹងត្រូវសម្ពោធដាក់ឲ្យដំណើរជាផ្លូវការ ក្រោមអធិបតីភាពរបស់លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ស្អែកនេះ។
មជ្ឈមណ្ឌលមួយនេះ ត្រូវបានបង្កើតឡើងដោយលោក ឆាយ សុផល អតីតអ្នកព័ត៌មាន និងជាសាស្ត្រចារ្យបង្រៀនផ្នែកសារព័ត៌មាន។ មជ្ឈមណ្ឌលនេះមានទីតាំងស្ថិតក្នុងបុរីមហាសែនសុខ អាគារលេខ២០G ផ្លូវមហាG ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខាងជើងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំងាយប្រមាណ ២,០០០ម៉ែត្រ។
មជ្ឈមណ្ឌលរូបថតកម្ពុជា គឺជាកន្លែងដំបូងគេនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានដាក់តាំងរូបភាព និងរូបវីដេអូឃ្លីបចាស់ថ្មី ស្ដីពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជាដោយសង្ខេប ដែលកើតមានចាប់តាំងពីមុនឆ្នាំ១៩៧០ រហូតមកដល់បច្ចុប្បន្ន។ មជ្ឈមណ្ឌលរូបថតនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដាក់តាំងរូបភាព និងរូបវីដេអូឃ្លីបចាស់ថ្មី ស្តីពីប្រវត្តសាស្រ្តកម្ពុជាមួយចំនួនដោយសង្ខេប ដើម្បីជាពុទ្ធិជំនួយស្មារតីសម្រាប់សាធារណៈជន ពិសេសយុវជនកម្ពុជាថ្មីបានដឹងខ្លះៗ ពីប្រវត្តិសាស្រ្តប្រទេសរបស់ខ្លួនកន្លងមក ចាប់តាំងពីប្រទេសសុខសាន្តហើយធ្លាក់ចូលក្នុងភ្លើងសង្គ្រាម បង្ហូរឈាមគ្នារហូតដល់ប្រទេសទទួលបានសុខសន្តិភាពពេញលេញមកវិញ។
ថវិកាជាង ២៣ម៉ឺនដុល្លារអាមេរិក ត្រូវបានប្រើសម្រាប់បង្កើតមជ្ឈមណ្ឌលរូបថតកម្ពុជា ដោយចាប់ផ្ដើមពីទំហំតូចជាមួយទស្សនវិស័យដ៏ធំសម្រាប់អនាគត។ បន្ទាប់ពីថ្ងៃសម្ភោធទៅ សាធារណជនជាតិ និងអន្តរជាតិអាចចូលទស្សនាដោយឥតគិតថ្លៃ។
មជ្ឈមណ្ឌលរូបថតកម្ពុជា ក៏មានដាក់តាំងឧបករណ៍ព័ត៌មាន និងសម្ភារចាស់ៗមួយចំនួនផងដែរ។ អ្នកទស្សនាចំណាយពេលប្រមាណ ១ម៉ោង ឬក៏ប្រហាក់ប្រហែលនេះ នៅឯមជ្ឈមណ្ឌលរូបថតកម្ពុជានោះ អាចដឹងពីប្រវត្តិជាក់លាក់ខ្លះៗរបស់កម្ពុជា ចាប់តាំងពីមុនឆ្នាំ១៩៧០ រហូតមកដល់បច្ចុប្បន្នតាមរយៈរូបភាព និងរូបវីដេអូឃ្លីប។
ព្រមពេលជាមួយគ្នានេះ មជ្ឈមណ្ឌលក៏ត្រូវការអ្នកស្ម័គ្រចិត្ត ១០នាក់ ពិសេសនិស្សិតដែលស្រឡាញ់ការងារប្រវត្តិសាស្រ្ត នយោបាយ ព័ត៌មាន និងការផ្សព្វផ្សាយបែបវិជ្ជាជីវៈ មកធ្វើជាមគ្គទេសក៍ ដើម្បីពិពណ៌នាដល់អ្នកទស្សនាមជ្ឈមណ្ឌលរូបថតកម្ពុជា។ វគ្គបង្ហាត់បង្ហាញខ្លី ត្រូវបានធ្វើឡើងមុនក្លាយជាមគ្គទេសក៍៕