(ភ្នំពេញ)៖ ក្រុមគ្រួសារសពកញ្ញា ឌុំ រីដា នៅព្រលប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ បានព្រមទទួលយកសំណងរដ្ឋប្បវេណី ចំនួន៧ម៉ឺនដុល្លារ ពីក្រុមគ្រួសាររបស់ជនបង្ក លោក យិន ង្គិចដែលបើករថយន្ដបុកកញ្ញា ឌុំ រីដា បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីប៉ុន្មានថ្ងៃមុននេះ។

ការព្រមព្រៀងនេះធ្វើឡើង ដោយមិនមានការបង្ខិតបង្ខំណាមួយនោះឡើយ នៅក្នុងការិយាល័យមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ សែន នាទីស្តីការគណៈរដ្ឋមន្រ្តី និងនៅចំពោះមុខ មេធាវី ទាំងសងខាង ជាសាក្សី ។

ក្រុមមេធាវីបានបញ្ជាក់ជូនសាធារណជនឲ្យបានដឹងថា ការទទួលយកប្រាក់ចំនួន៧ម៉ឺនដុល្លារនេះគឺជាសំណងផ្នែករដ្ឋប្បវេណី តែប៉ុណ្ណោះ ចំណែកករណីព្រហ្មទណ្ឌ ភាគីបង្ក នៅតែទទួលខុសត្រូវ ចំពោះមុខច្បាប់ ដដែល។ ភាគីជនរងគ្រោះបានបញ្ជាក់ច្បាស់ថា ការទទួលយកសំណងនេះ គឺជាការព្រមព្រៀង ដោយគ្មានការបង្ខិតបង្ខំ គំរាមកំហែង ឬក្រោមការបង្គាប់បញ្ជារ ណាមួយឡើយ ភាគីរងគ្រោះបានទទួលការការពារយ៉ាងកក់ក្តៅបំផុត ពីសំណាក់មេធាវីរបស់សម្តេចតេជោ ឯថវិកា ដែលជាសំណងនេះ គឺពុំមានកាត់យកភាគរយ ឬចែកចំណែកទៅឲ្យបុគ្គលណាមួយឡើយ ហើយមេធាវីរបស់សម្តេចតេជោ ជួយការពាររកយុត្តិធ៌ម ក៏មិនទទួលយកប្រាក់កំរៃសេវ៉ាអ្វីទាំងអស់ដែរ។ ភាគីរងគ្រោះ ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលសម្តេចបានជួយគិតគូរ បង្កើតមេធាវីសម្រាប់ជួយការពារដល់អ្នកក្រីក្រ ទន់ខ្សោយ ឲ្យទទួលបានសិទ្ធិ ស្មើរៗគ្នា ចំពោះមុខច្បាប់ ។

សូមជំរាបថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ អ្នកស្រី ផាត់ ពៅ ជាម្តាយបង្កើតរបស់សពកញ្ញា ឌុំ រីដា បានដាក់ពាក្យបណ្តឹងទារសំណងជំងឺចិត្ត រដ្ឋប្បវេណីចំនួន២០ម៉ឺនដុល្លារ ពីជនបង្កឈ្មោះ យិន ម៉ាណា ភេទស្រី ដែលបានបើករថយន្តទៅបុកកូនស្រីរបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ៣១៧ កែង ផ្លូវ៥២៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមរយៈពាក្យបណ្តឹងបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនៅចំណុចផ្លូវលេខ៣១៧ កែង ផ្លូវ៥២៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានរថយន្តម៉ាក Rang Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 បើកបរដោយជនបង្កឈ្មោះ យិន ម៉ាណា បានបើកបរក្នុងល្បឿនយ៉ាងលឿន លើផ្លូវ៣១៧ ទិសដៅពីជើងទៅត្បូង លុះមកដល់កែងផ្លូវ៥២៨ រថយន្តនវ ពុំព្រមបន្ថយល្បឿន ហើយបានបុកម៉ូតូកូនស្រីនាងខ្ញុំឈ្មោះ ឌុំ រីដា ទាំងកម្រោលដែលកំពុងធ្វើដំណើរយឺតៗ តាមបណ្តោយផ្លូវ៥២៨ បណ្តាលឲ្យប៉ើងផ្ទប់នឹងរបងផ្ទះនៅក្បែរនោះ ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុយ៉ាងអាណោចអធមបំផុត។

ការដាក់ពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ ក៏ទទួលបាន ការគាំពារ ពីក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ផងដែរ។ ក្រោយមួយថ្ងៃបន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ក្រុមមេធាវី ក៏បានទៅចូលរួម ពិធីបុណ្យ និងជួយការពារ ដល់ក្រុមគ្រួសារជនគ្រោះ ដែលកំពុងរៀបចំបុណ្យសពជូនកូនស្រី យ៉ាងសង្វែក នៅឯគេហដ្ឋាន។

នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការឱ្យនាំខ្លួនកញ្ញា យិន ម៉ាណា ដែលបានបើករថយន្តទំនើប បុកនិស្សិតឆ្នើមស្លាប់ ទៅដាក់ពន្ធនាគារ រាជធានីភ្នំពេញ PJ ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោស ជាក្រោយតាមកំណត់ច្បាប់។

នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាសិស្សពូកែទូទាំងប្រទេស ខាងអក្សរសាស្រ្តខ្មែរ ហើយខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន»។ ចំណែកជនបង្កមានឈ្មោះ យិន ម៉ាណា ជាកូនស្រីរបស់ លោក យិន ង្គិច៕