(វៀតណាម)៖ ដឹកនាំដោយអគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) លោក សួស យ៉ារ៉ា ក្រុមអ្នកស្ម័គ្រចិត្តវប្បធម៌វ័យក្មេងបានទៅទស្សនាទីតាំងព្រះពុទ្ធសាសនាដែលខ្ពស់ជាងគេនៅលើឥណ្ឌូចិន ស្ថិតនៅលើកំពូលភ្នំ Fansipan ដែលគេហៅថា «ដំបូលឥណ្ឌូចិន» ក្នុងភូមិសាស្រ្តកម្ពុជា ឡាវ និងវៀតណាម។ អ្នកដឹកនាំវប្បធម៌វ័យក្មេងចំនួន ៦៧នាក់ ក្នុងចំណោមអ្នកស្ម័គ្រចិត្តវប្បធម៌សរុប ៨០នាក់ មានឱកាសសិក្សាស្វែងយល់អំពីបទពិសោធន៍ល្អៗរបស់ប្រទេសជិតខាងចំនួន ០៤ ថ្ងៃចាប់ពីថ្ងៃទី ២៧ មិនា ដល់ ៣០ មិនា ២០១៩ ដើម្បីទទួលបាននូវគំនិតល្អៗ សម្រាប់ការអភិរក្សវប្បធម៌ និងការអភិវឌ្ឍនៅប្រទេសកម្ពុជា ។
ក្រុមអ្នកស្ម័គ្រចិត្តបានឆ្លងកាត់ជ្រលងភ្នំ ស្របពេលដែលព្រះសុរិយាទន់ទាបរៀបអស្តង្គត ព្រមទាំងបានស្វែងយល់អំពីជីវិតរស់នៅរបស់ជនជាតិភាគតិច រួមមានជនជាតិម៉ុង ដាវ និងដាយ ជាពិសេសការធ្វើស្រែនៅតាមជើងភ្នំដែលមានលក្ខណៈជាថ្នាក់ៗដូចកាំជណ្តើរ។ ជាមួយគ្នានេះ ក្រុមអ្នកស្ម័គ្រចិត្តបានជិះខ្សែកាបឆ្លងកាត់វាលស្រែដ៏ធំល្វឹងល្វើយ កាត់ជ្រលងដងអូរដែលមានទឹកហូរចោះព្រៃព្រឹក្សានៅជិតព្រំដែនចិន ដើម្បីឡើងទៅកាន់ទីសក្ការៈបូជាដែលមានពុទ្ធបដិមាដ៏ធំគង់នៅលើកំពូលភ្នំដ៏ត្រជាក់ស្ថិតនៅកម្ពស់ ៣,១៤៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ បួងសួងសុំវិបុលសុខសម្រាប់ប្រជាជាតិខ្មែរ និងសេចក្តីសុខសម្រាប់ក្រុមគ្រួសារ។ ចម្លាក់ព្រះពុទ្ធបដិមានេះឆ្លុះបញ្ចាំងអំពីសន្តិភាព វប្បធម៌ និងការអភិវឌ្ឍយូរអង្វែងរបស់តំបន់សាប៉ានៃប្រទេសវៀតណាម។ ក្នុងនាមជាអ្នកស្ម័គ្រចិត្តក្នុងកម្មវិធីក្រុមប្រឹក្សាវប្បធម៌អាស៊ីកាលពីខែមករា នៅលើទឹកដីអង្គរ និងជាអ្នកចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សានេះ ខ្ញុំយល់ឃើញថាគេមិនអាចបំភ្លេចបានឡើយអំពីចលនាតស៊ូរបស់ប្រជាជនវៀតណាម ដើម្បីឯករាជ្យនិងបូរណភាពទឹកដីរបស់ខ្លួន។
«ខ្ញុំមានការភ្ញាក់ផ្អើលអំពីរបៀបដែលមនុស្សអាចបង្កើតតំបន់ធម្មជាតិទៅជាតំបន់វប្បធម៌សាសនានិងទេសចរណ៍ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន។ ប្រជាជននៅសាប៉ាគោរពតាមប្រពៃណីរបស់ខ្លួនបានយ៉ាងល្អខ្ជាប់ខ្ជួន។ យើងអាចមើលឃើញនិងរៀនសូត្រយ៉ាងច្រើនអំពីវប្បធម៌របស់ប្រទេសដទៃ។ យុវជនកម្ពុជាគួរយកចិត្តទុកដាក់ថែរក្សានូវអ្វីដែលពួកយើងមាន ជាពិសេសវប្បធម៌ដ៏អស្ចារ្យរបស់យើង ដើម្បីឲ្យពិភពលោកបានស្គាល់»។ នេះបើតាមកញ្ញា នីកា ឆាប ដែលជានិស្សិតអក្សរសាស្រ្តអង់គ្លេសឆ្នាំទី៤។
លោក ហុក ប៊ុនលី អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជាប្រធានក្រុមការងាររៀបចំទស្សនកិច្ច បានថ្លែងថា មូលហេតុសំខាន់ដែលយើងជ្រើសរើសតំបន់សាប៉ា សម្រាប់ដំណើរទស្សនកិច្ចនេះ ដោយសារតែសាប៉ាជាតំបន់ដែលមានទំនាក់ទំនងទៅនឹងសសរស្តម្ភទាំង ៤ របស់ ACC រួមមាន៖ វប្បធម៌និងសន្តិភាព វប្បធម៌និងការអភិវឌ្ឍដោយចីរភាព វប្បធម៌និងការតភ្ជាប់មនុស្សជាតិ និងវប្បធម៌និងនវានុវត្តភាព។
«វប្បធម៌គឺជាសូចនាករមួយ សម្រាប់អត្តសញ្ញាណជាតិ អធិបតេយ្យភាព និងឯករាជ្យភាព» លោកបានថ្លែងប្រាប់ក្រុមយុវជនស្ម័គ្រចិត្តនៅក្នុងវេទិកាចែករំលែកបទពិសោធន៍អំពីដំណើរទស្សនកិច្ចនេះ។ លោកបានបន្តថា «តំបន់សាប៉ាមានភ្ញៀវទេសចរមកពីគ្រប់ទិសទី ដោយសារតែគេរក្សាបានយ៉ាងល្អនូវវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច គួបផ្សំជាមួយការប្រើប្រាស់បចេ្ចកវិទ្យា ដើម្បីជាមធ្យោបាយឡើងទៅលើកំពូលភ្នំប្រវែងជាង ៣គីឡូម៉ែត ពីកម្ពស់ទឹកសមុទ្រ»។
លោក សម្បត្តិ ជាតិ ដែលជាអ្នកស្ម័គ្រចិត្តខាងវប្បធម៌វ័យក្មេងមួយរូប បានបញ្ចេញយោបល់យ៉ាងដូច្នេះថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាប្រជាជននៅក្នុងទ្វីបអាស៊ីនឹងប្រើប្រាស់វប្បធម៌ជាយានសម្រាប់រក្សាសន្តិភាព និងការអភិវឌ្ឍដោយចីរភាពនៅក្នុងតំបន់។ ក្នុងនាមក្រុមប្រឹក្សាវប្បធម៌អាស៊ី ខ្ញុំបានប្តេជ្ញាលើកកម្ពស់ការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងសម្បត្តិបេតិកភណ្ឌ សន្តិភាព និងការអភិវឌ្ឍដោយចីរភាព ដូចដែលខ្ញុំបានឃើញនៅប្រទេសជិតខាង»។
កញ្ញា វ៉ែន ស៊ីណា ដែលជានិស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ សង្ឃឹមយ៉ាងមុតមាំថា «ACC នឹងចូលរួមថែរក្សានូវបេតិកភណ្ឌវប្បធម៌ជាតិខ្មែរ និងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឲ្យមកស្គាល់កម្ពុជាបានកាន់តែច្បាស់ជាងមុនថែមទៀត។ ជាមួយគ្នានេះ ខ្ញុំសូមជំរុញឲ្យយុវជនចូលរួមផ្សព្វផ្សាយអំពីវប្បធម៌ជាតិខ្មែរ តាមប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីលើកតម្កើងមុខមាត់ កិត្តិនាម និងគុណតម្លៃនៃជាតិសាសន៍ខ្មែរ»។
លោក ហ្វៃ មេសា ដែលជាមន្ត្រីស្ម័គ្រចិត្តនៅវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានបន្ថែមទៀតថា «ខ្ញុំនឹងចែករំលែកបទពិសោធន៍ និងចំណេះដឹងដែលទទួលបានពីទស្សនកិច្ចរបស់ខ្ញុំ ជាមួយបណ្តាយុវជនដទៃទៀត ជាពិសេសខ្ញុំនឹងជំរុញឲ្យយុវជនស្វែងយល់ឲ្យបានស៊ីជម្រៅអំពីវិស័យវប្បធម៌ អប់រំវិទ្យាសាស្ត ការស្រាវជ្រាវ និងនវានុវត្តន៍ តាមរយៈក្រុមប្រឹក្សាវប្បធម៌អាស៊ី» ។
«វប្បធម៌មិនមែនសំដៅតែលើការហូបចុក និងការរស់នៅរបស់ប្រជាជនទេ។ វប្បធម៌ឆ្លុះបញ្ចាំងថាតើជាតិសាសាន៍មួយបង្ហាញពីខ្លួនឯងយ៉ាងដូចម្តេចក្នុងចំណោមជាតិសាសន៍ដទៃ។ នៅសាប៉ា គេច្នៃតំបន់ធម្មជាតិទៅជាតំបន់សាសនា និង តំបន់វប្បធម៌ដ៏ធំគួរជាទីមនោរម្យ។ ទៅដល់ទីនោះ នាងខ្ញុំឃើញភាពសុខដុមរវាងជនជាតិភាគតិច ដែលរស់នៅបែបបុរាណ និងមានភ្ញៀវទេសចរមកពីគ្រប់ទិសទី ដែលរស់នៅយ៉ាងស៊ីវីល័យតាមសកលភាវូបនីយកម្ម។» នេះបើតាមកញ្ញា ខែក ឡូរ៉ែន ដែលជានិស្សិតអក្សរសាស្រ្តអង់គ្លេសឆ្នាំទី៤។ កញ្ញាបានបន្តថា «ការគួបផ្សំរវាងបែបបុរាណ និងបែបទំនើប ការរួមរស់ក្នុងភាពសុខដុមរមនា និងសន្តិភាពនេះហើយ ទើបធ្វើឲ្យសាប៉ាក្លាយជាបណ្តុំមនុស្សជាតិដែលជាសសរស្តម្ភទី៣ របស់ ACC»។
ACC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយអង្គការសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលមានតំណាងគណបក្សនយោបាយជាង ៣៥០ មកពី៥២ ប្រទេសក្នុងតំបន់។ អង្គការយូណេស្កូទទួលស្គាល់ ACC តាមរយៈកិច្ចព្រមព្រៀងត្រីភាគី រវាង UNESCO (យូណេស្កូ) អង្គការ ICAPP និង ACC ដែលបានចុះហត្ថលេខានៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប។
អង្គការយូណេស្កូ បានទទួលស្គាល់ថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» ជាដៃគូសហប្រតិបត្តិការដ៏ល្អមួយលើកិច្ចការវប្បធម៌ ដើម្បីការផ្សារភ្ជាប់អារ្យធម៌ក្នុងចំណោមបណ្តាប្រទេសជាសមាជិក លើកកម្ពស់សាមគ្គីភាពក្នុងភាពដ៏សម្បូរបែបក្នុងជាតិសាសន៍នីមួយៗ លើកកម្ពស់សម្បត្តិវប្បធម៌ដែលជាប្រភពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងកសាងនូវទ្វីបអាស៊ីមួយប្រកបដោយភាពសុខុដុម។
អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី លោក សួស យ៉ារ៉ា បានថ្លែងថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ីបេជ្ញាអនុវត្តនូវបេសកកម្មសំខាន់ៗរបស់ខ្លួន ដែលបានចែងក្នុងកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព និងគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ ៣យ៉ាង គឺការយោគយល់គ្នាទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវសុខសន្តិភាពជានិរន្តរ៍»។
ព្រះមហាក្សត្រខ្មែរធ្លាប់មានព្រះរាជបន្ទូលថា «វប្បធម៌ និងសម្បត្តិបេតិកភណ្ឌ គឺជាបេះដូង និងព្រលឹងនៃប្រជាជនកម្ពុជា ហើយកម្ពុជាពិតជាមានកិត្តិយស និងមោទនភាព ក្នុងការរៀបចំពិធីប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ ។ ភាពសុខដុមរមនា គឺជាស្មារតីដ៏សំខាន់នៃអរិយធម៌អង្គរដ៏អស្ចារ្យ ដូចដែលមានបង្ហាញតាមរយៈចម្លាក់នៅតាមប្រាង្គប្រាសាទរាប់រយនិងបូជនីយដ្ឋានផ្សេងៗ ដែលមិនត្រឹមតែមាននៅក្នុងឧទ្យានអង្គរប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងឃើញមាននៅប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ដែលសុទ្ធតែជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ»។
ព្រះអង្គបានចូលរួមអបអរសាទរចំពោះអង្គការ ICAPP និងក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC ចំពោះគំនិតផ្ដួចផ្ដើមដ៏ឈ្លាសវៃក្នុងការចាប់ដៃគូជាមួយអង្គការយូណេស្កូ ដើម្បីអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងសកម្មភាពដទៃទៀតសម្រាប់ប្រយោជន៍មនុស្សជាតិ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី បានថ្លែងទៅកាន់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មកពី ២៦ប្រទេស ទូទាំងទ្វីបអាស៊ីថា «កម្ពុជាពិតជាមានកិត្តិយសដឹកនាំស្ថាប័នក្រុមប្រឹក្សាវប្បធម៌អាស៊ី ហើយក៏ជាប្រទេសទី១ នៅអាស៊ី ដែលបានសហការល្អជាមួយអង្គការយូណេស្កូដើម្បីធ្វើជាគំរូក្នុងការគ្រប់គ្រងនិងអភិរក្សបេតិកភណ្ឌមនុស្សជាតិប្រកបដោយជោគជ័យ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ដែលពុំធ្លាប់មានអស់រយៈពេលជាង៥០០ឆ្នាំ តាមរយៈការអនុវត្តនយោបាយឈ្នះ- ឈ្នះ» ។
ភ្នំពេញ ថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩
ស្រ៊ឺ រិទ្ធីយ៉ា យុវជនស្ម័គ្រចិត្តក្រុមប្រឹក្សាវប្បធម៌អាស៊ី