(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ថោង លីម នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ បានថ្លែងថា ការងារចារកកម្ម ត្រូវមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ពិសេសការប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់មជ្ឈដ្ឋាន និងតាមប្រព័ន្ធបច្ចេកវិទ្យា ទើបប្រតិបត្តិការមានប្រសិទ្ធភាព។
ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ ថោង លីម បានបញ្ជាក់ថា ការងាររបស់ចារកម្ម គឺត្រូវប្រមូលព័ត៌មានរាយការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីមានវិធានការបង្ការ ទប់ស្កាត់ ហើយតាមរយៈភ្នាក់ងារចារកម្មផ្ដល់ព័ត៌មាន នាពេលកន្លងមកគឺមានប្រសិទ្ធភាព។
ទន្ទឹមនឹងការទទួលបានប្រសិទ្ធភាពបែបនេះ នាយឧត្តមសេនីយ៍ ថោង លឹម ក៏បានសង្កត់ធ្ងន់ឲ្យ បង្កើនកិច្ចសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ និងពង្រឹងសមត្ថភាពបន្ថែមទៀត ព្រមទាំងរៀបចំមធ្យោបាយ ឧបករណ៍ សម្ភារៈបច្ចេកទេស ដើម្បីបម្រើឲ្យកិច្ចប្រតិបត្តិការផងដែរ។
នាយឧត្តមសេនីយ៍ ថោង លីម បានគូសបញ្ជាក់ឲ្យនាយកដ្ឋានចារកម្ម ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានជាមួយបណ្តាស្ថានទូត ដោយឡែកស្នងការដ្ឋាននគរបាលរាជធានី ខេត្តទាំងអស់ ត្រូវករណីតស៊ូ និងចងក្រងបញ្ជីមុខសញ្ញា ពិសេសបង្កើនកិច្ចសហការល្អជាមួយស្នាក់ការប្រឆាំងចារកម្ម ដើម្បីពង្រឹងស្ថេរភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានណែនាំឲ្យថ្នាក់ដឹកនាំ នាយកដ្ឋានចារកម្ម និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពមន្រ្តី តាមរយៈការបណ្តុះបណ្តាលជំនាញ ពិសេសយកចិត្តទុកដាក់អនុវត្តកម្មវិធី និងទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃប្រគល់ឲ្យ៕